ជាតិ
សង្គមជាតិ
ចិន នឹង​ផ្ដល់​គ្លីនិក​ចល័ត​៤០​គ្រឿង ដល់​ក្រសួងសុខាភិបាល​
04, Feb 2018 , 8:40 am        
រូបភាព
រូបភាពហ្វេសប៊ុក ក្រសួងសុខាភិបាល
រូបភាពហ្វេសប៊ុក ក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល​ចិន នឹង​ផ្ដល់​គ្លីនិក​ចល័ត​៤០​គ្រឿង ដល់​ក្រសួង​សុខ​ភិ​បាល​កម្ពុជា សម្រាប់​បម្រើសេវា​ថែទាំ​សុខភាព​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​រហ័ស​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ចុះហត្ថលេខា​ព្រមព្រៀង​អនុវត្ត​លើ​គម្រោង​ជំនួយ​គ្លីនិក​ជាមួយ​លោក លី អាន ទីប្រឹក្សា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១ កុម្ភៈ​។​


 
​តាមរយៈ​កិច្ចព្រមព្រៀង​នេះ រដ្ឋាភិបាល​ចិន សន្យា​ផ្ដល់​គ្លីនិក​ចល័ត​ចំនួន​២០​គ្រឿង នៅ​ចុង​ខែមេសា​ខាងមុខ​។ ចំណែក​គ្លីនិក​២០​គ្រឿង​ទៀត នឹង​ផ្ដល់​ឲ្យ​ក្រសួងសុខាភិបាល​កម្ពុជា នៅ​ដំណាច់​ខែតុលា ឆ្នាំ​២០១៨​។ គ្លីនិក​ចល័ត​នេះ គឺជា​ប្រភេទ​រថយន្ត​ធំ​បំពាក់​ដោយ សម្ភារ​បរិក្ខា​ពេទ្យ ដែល​អាចបំពេញ​ភារកិច្ច​ជា​មន្ទីរពេទ្យ ក្នុងការ​ថែទាំ​សុខភាព​ផ្នែក​ជំងឺ​កុមារ ផ្នែក​វះកាត់​ទូទៅ ផ្នែក​សម្ភព ផ្នែក​ត្រចៀក ច្រមុះ បំពង់ក ផ្នែក​ទន្តសាស្ត្រ ផ្នែក​រូបភាព ផ្នែក​ពិសោធន៍ និង​សម្ភព​ស្ត្រី​ជាដើម​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងសុខាភិបាល​។​
 
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​និយាយថា គម្រោង​នេះ នឹង​រួមចំណែក​ផ្តល់​សេវា​ថែទាំ​សុខភាព​ជូន​ប្រជាពលរដ្ឋ កាន់តែ​រហ័ស និង​មាន​ប្រ​សិ​ទ្ទ​ភាព ។​បើតាម​លោក ម៉ម ប៊ុនហេង កិច្ចសហប្រតិបត្តិការ​នេះ ក៍​ជាការ​ឆ្លើយតប​ទៅ​និង​ការប្តេជ្ញាចិត្ត​រវាង​កម្ពុ​ជា​-​ចិន ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ​ផ្លូវ​មួយ​ផងដែរ​។ កាលពីពេល​ថ្មីៗ​នេះ កម្ពុជា​-​ចិន បាន​ចុះហត្ថលេខា​លើ​គម្រោង​សាងសង់​មន្ទីរពេទ្យ​ចំនួន​ពីរ គឺ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ​៕
 
 

Tag:
 គ្លីនិក​ចល័ត​
 ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com