ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាផ្ទៃ ថា គណបក្ស​សិទ្ធិមនុស្ស​នៅតែមាន​ដង្ហើម​
04, Feb 2018 , 1:20 pm        
រូបភាព
ភ្នំពេញ​៖ គណបក្ស​សិទ្ធិមនុស្ស ដែល​បង្កើតឡើង​ដោយ​លោក កឹម សុខា នៅតែមាន​ឈ្មោះ​ក្នុង​បញ្ជី​គណបក្ស​របស់​ក្រសួងមហាផ្ទៃ បើទោះជា​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ បានប្រកាស​រំលាយ​បក្ស​នេះ​ក៏ដោយ​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​។​

 
​ក្រោយពី​គណបក្ស​សិទ្ធិមនុស្ស បានប្រកាស​រំលាយ​បក្ស​នោះ ក្រសួងមហាផ្ទៃ បានចេញ​លិខិត​មួយ ស្នើ​ឲ្យ​គណបក្ស​នេះ អនុវត្តតាម​លក្ខន្តិក​ឲ្យ​បាន​ត្រឹមត្រូវ ពោលគឺ​ការសម្រេច​រំលាយ​គណបក្ស ត្រូវដាក់​ឲ្យ សមាជិក​ដែលមាន​សិទ្ធិ​សម្រេច​ក្នុង​អង្គសមាជ​ទាំងមូល អនុម័ត​តាម​សំឡេងគាំទ្រ​២​ភាគ​៣​ជាមុនសិន ។ បើ​មិន​ដូច្នេះ​ទេ គណបក្ស​សិទ្ធិមនុស្ស​នៅតែមាន​ឈ្មោះ​ក្នុង​ក្រសួងមហាផ្ទៃ​។​
 
​ត្រង់​ន័យ​នេះ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បាន​និយាយថា ក្រសួង​មិន​ទទួលស្គាល់​ការសម្រេច​រំលាយ​គណបក្ស​សិទ្ធិមនុស្ស​កន្លងមក​ទេ ដោយសារតែ​គណបក្ស​អនុវត្ត​ផ្ទុយ​ពី​លក្ខន្តិក ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ខៀវ សុភ័គ បាន​បកស្រាយ​ដូច្នេះ​ថា​៖«​បើ​គាត់​(​សឺ​ន ស៊ូ​បែ​រ្តិ៍​) មិន​ធ្វើ​សមាជ​ទេ គណបក្ស​សិទ្ធិមនុស្ស នឹងមិន​អាចរំលាយ​ជា​ផ្លូវការ​បានទេ ព្រោះ​គាត់​រំលាយ​ដោយ​ខ្លួនឯង ដែល​ខុសពី​លក្ខន្តិក​បក្ស​គាត់ ដែល​បាន​ទុក​នៅ​ក្រសួងមហាផ្ទៃ ។​បើ​មើល​តាមច្បាប់​គាត់​រំលាយ​បក្ស​បាន​លុះត្រា​មានការ​សម្រេច​ពី​សមាជ​បក្ស​ឲ្យ​បាន​ត្រឹមត្រូវ​សិន​។ ដូច្នេះ​ជារួម​គណបក្ស​សិទ្ធិមនុស្ស​នៅរស់ នៅមាន​ដង្ហើមរស់​ដដែល​ទេ​»​។​
 
​ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស លោក សឺ​ន ស៊ូ​បែ​រ្តិ៍ បាន​និយាយថា គណបក្ស​លោក នឹងមិន​ធ្វើ​សមាជ​តាម​ការណែនាំ​រប​ស់​ក្រសួងមហាផ្ទៃ​ឡើយ ដោយសារតែ​គ្មាន​សមាជិក​គ្រប់គ្រាន់ ដើម្បី​សម្រេច​លើ​រំលាយ​បក្ស​នេះ​។ លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ពន្យល់​ដូច្នេះ​ថា​៖«​គណបក្ស​បានធ្វើ​សមាជ​រួចហើយ កាលពី​៥​ឆ្នាំមុន ដោយ​ផ្ទេរ​តួនាទី​លោក កឹម សុខា មក​ខ្ញុំ​ធ្វើជា​ប្រធាន​បក្ស​។ ហើយ​គណបក្ស​ក៏បាន​បញ្ចូល​សមាជិក​ខ្លួន​ទាំងអស់​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដូច្នេះ​យើង​គ្មាន​សមាជិក​ពី​ណា​មក​សម្រេច​លើ​ការរំលាយ​គណបក្ស​នេះ​ទេ ។ ដូច្នេះ​បើ​ចង់​ឲ្យ​យើង​ធ្វើ​សមាជ​រំលាយ​បក្ស​សិទ្ធិមនុស្ស​ទាល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិរស់​ឡើងវិញ ហើយ​យើង​ទាញយក​សមាជិក​មកវិញ​ទើប​អាចធ្វើ​សមាជ​បក្ស​រំលាយ​គណបក្ស​បាន​។ ហើយ​ខ្ញុំ​គិតថា គណបក្ស​ខ្ញុំ​បាន​បំពេញ​ករណីយកិច្ច​ត្រឹមត្រូវ​រួចហើយ ដូច្នេះ​វា​គ្មានអ្វី​ដែល​យើង​មិនអាច​រំលាយ​បក្ស​មិន​បានទេ​»​។​
​សម្រាប់​លោក ខៀវ សុភ័គ ការលើកឡើង​របស់ លោក សឺ​ន ស៊ូ​បែ​រ្តិ៍ គ្រាន់តែ​ជា​ទស្សន​ផ្ទាល់ខ្លួន ដើម្បី​បង្ហាញ​ឲ្យ​សាធារណជន​ឃើញ​ពី​វិបត្តិ​នយោបាយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក ខៀវ សុភ័គ អះអាងថា ក្រសួងមហាផ្ទៃ នៅតែ​រក្សា​ឈ្មោះ​គណបក្ស​សិទ្ធិមនុស្ស​ដដែល ដោយ​មិន​លុបចេញ​តាម​ការជូនដំណឹង​រំលាយ​បក្ស​របស់លោក សឺ​ន ស៊ូ​បែ​រ្តិ៍ នេះឡើយ​។​
 
​គួរ​បញ្ជាក់ថា គណបក្ស​សិទ្ធិមនុស្ស បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៧ ដោយ​លោក កឹម សុខា​។ ហើយ​គណបក្ស​នេះ​បាន​ផ្ទេរ​ឲ្យ​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ គ្រប់គ្រង​ជំនួស ចាប់តាំងពី​លោក កឹម សុខា រួបរួម​ជាមួយ​លោក សម រង្ស៊ី បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១២​។ គណបក្ស​សិទ្ធិមនុស្ស​នេះ ក៏​ទុកចោល ដោយ​មិន​ធ្វើ​សកម្មភាព​អ្វី​ឡើយ​។ ឯ​គណបក្ស សម រង្ស៊ី ដែលជា​គណបក្ស​ចាស់​របស់លោក សម រង្ស៊ី ក៏​មិន​ធ្វើ​សកម្មភាព​អ្វី​ដែរ​៕

Tag:
 ខៀវ សុភ័គ​
 ​សឺ​ន ស៊ូ​បែ​រ្តិ៍​
© រក្សាសិទ្ធិដោយ thmeythmey.com