ជាតិ
សិល្បះ
ក្រសួងវប្បធម៌ គ្រោងធ្វើបណ្ណបញ្ជាក់បទពិសោធន៍ដល់អ្នកធ្វើការក្នុងវិស័យភាពយន្ត
× ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងធ្វើបណ្ណអាជីពបញ្ជាក់បទពិសោធន៍ ដល់អ្នកដែលបានធ្វើការលើវិស័យភាពយន្ត។ នេះបើតាម លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលCFC ដែលបានបន្តថា បណ្ណនេះ មានប្រយោជន៍ដល់អ្នកធ្វើការ ក្នុងវិស័យភាពយន្តគ្រប់ផ្នែកទាំងអស់ ពិសេសវាជាទំនុកចិត្តមួយសម្រាប់ផលិតករបរទេស។
លោក ជៀប សុវិជ្ជា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា(CFC) បានមានប្រសាសន៍ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានគម្រោងធ្វើ បណ្ណអាជីព ឱ្យដល់អ្នកធ្វើការលើវិស័យភាពយន្ត។ ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ដល់សិក្ខាកាមបញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញផាត់មុខពិសេស កាលពីពេលកន្លងទៅ លោក សុវិជ្ជា ឲ្យដឹងទៀតថា បណ្ណនេះ មានប្រយោជន៍ដល់អ្នកធ្វើការ ក្នុងវិស័យភាពយន្តគ្រប់ផ្នែកទាំងអស់ ជាពិសេស វាជាទំនុកចិត្តមួយសម្រាប់ផលិតករបរទេស ពេលមកធ្វើការនៅកម្ពុជា។ លោក ជៀប សុវិជ្ជា បញ្ជាក់បន្ថែមដូច្នេះ៖« បណ្ណអាជីព សម្គាល់ថាបានទទួលវគ្គបណ្ដុះបណ្ដាលអ្វីខ្លះ? ធ្លាប់បានធ្វើការក្នុងផលិតកម្មក្នុងស្រុកប៉ុន្មានរឿង ក្រៅស្រុកប៉ុន្មានរឿង»។
នេះជាលើកទី២ហើយ ដែលការបណ្ដុះបណ្ដាលជំនាញផាត់មុខនេះ ត្រូវបានរៀបចំឡើង និងមានសិក្ខាកាមចូលរួមសរុប២៥នាក់។ លោក លោក ជៀប សុវិជ្ជា នាយកCFC រំពឹងថា អ្នកដែលបានទទួលការបណ្តុះបណ្តាលជំនាញនេះ នឹងចូលរួមធ្វើការក្នុងវិស័យភាពយន្ដកាន់តែច្រើន។
សិក្ខាកាមមួយរូបអ្នកនាង ង៉ែត សុភាព បានឱ្យដឹងថា បន្ទាប់ពីបានទទួលវគ្គបណ្ដុះបណ្ដាលនៅទីនេះ ធ្វើឱ្យអ្នកនាង ចេះពីរបៀបផាត់មុខបែបអាក្រក់ មានរបួស និងក្បាលត្រងោល ជាដើម បន្ថែមលើជំនាញផាត់មុខស្អាតៗរបស់ខ្លួនថែមទៀត។ អ្នកនាងសុភាព អះអាងថា ខ្លួននឹងយកជំនាញនេះ ទៅធ្វើការលើវិស័យភាពយន្តឱ្យបានច្រើន តាមតែអាចធ្វើទៅបាន។ អ្នកនាង សុភាព បញ្ជាក់៖ «ពីមុនធ្លាប់តែផាត់មុខឱ្យគេស្អាតៗ ទៅចូលរួមកម្មវិធី តែដល់មករៀនផាត់មុខនេះ ធ្វើយ៉ាងណាឱ្យគេអាក្រក់ ឱ្យមើលទៅខ្លាច។ រៀនដំបូងលំបាកបន្តិច ផលិតផលអត់ស្គាល់ ហើយចំណាយពេលយូរ ខ្លះជាងពីរម៉ោងទម្រាំធ្វើហើយ»។
កញ្ញា ចាន់ តារាពិសី សិក្ខាកាមម្នាក់ទៀតបានបញ្ជាក់ថា ដោយសារតែ ខ្វះអ្នកជំនាញផាត់មុខប្លែកៗ អាក្រក់ មុខខ្មោច និងផាត់បែបគ្រោះថ្នាក់នៅក្នុងវិស័យភាពយន្តខ្មែរ ទើបខ្លួនចាប់អារម្មណ៍ និងចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ បើទោះជាខ្លួនមិនធ្លាប់ចេះផាត់មុខពីមុនមកក៏ដោយ។ ប៉ុន្តែបន្ទាប់ចប់វគ្គបណ្តុះបណ្តាល កញ្ញា តារាពិសី អះអាងថាខ្លួន បានទទួលចំណេះច្រើន ពីវគ្គបណ្តុះបណ្តាលនេះដែរ ដូចជាទាំងការផាត់មុខឱ្យស្អាត និងផាត់មុខបែបខ្មោច ឬ គ្រោះថ្នាក់ជាដើម។
គ្រូបង្ហាត់ជំនាញផាត់មុខលោក Jeff Cabral បានឱ្យដឹងថា លោកពិតជាមានការភ្ញាក់ផ្អើលនៅពេលឃើញសិក្ខាកាម មានទេពកោសល្យខ្ពស់ ឆាប់ចាប់បាននូវអ្វី ដែលលោកបានបង្រៀន។ លោកថា ពេលបង្រៀនដំបូង សិក្ខាកាមខ្លះ សូម្បីតែផលិតផល ក៏មិនស្គាល់ផង ហើយអ្នកខ្លះទៀត ពេលផាត់មុខអាក្រក់ៗ ពួកគេខ្លាចថែមទៀតផង។ លោក Jeff Cabral បញ្ជាក់ដូច្នេះ៖«ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ រៀនតែ២សប្ដាហ៍សោះ។ អ្នកខ្លះដំបូង សូម្បីតែផលិតផលក៏មិនស្គាល់ផង តែពួកគេរៀនចេះលឿនមែនទែន»៕
Tag:
ភាពយន្ត
ជៀប សុវិជ្ជា
© រក្សាសិទ្ធិដោយ thmeythmey.com