ជាតិ
សិល្បះ
លោក សេង តារា គ្រោងស្រាវជ្រាវប្រវត្តិសិល្បករខ្មែរជំនាន់មុនគ្រប់ទម្រង់
× ភ្នំពេញ៖ លោក សេង តារា ជាអ្នកនិពន្ធ អ្នកស្រាវជ្រាវប្រវត្តិកវី អ្នកចម្រៀង និងបទចម្រៀងខ្មែរក្នុងឆ្នាំ១៩៦០ និង ១៩៧០។ លោក សេង តារា ក៏មានគម្រោងស្រាវជ្រាវប្រវត្តិសិល្បករខ្មែរគ្រប់ទម្រង់សិល្បៈដែរ នៅថ្ងៃមុខ មានតាំងពីសិល្បករអាយ៉ៃ ល្ខោន យីកេ ចាប៉ី ជាដើម គិតពីជំនាន់បារាំង មកដល់ឆ្នាំ១៩៧៥។ អ្នកស្រាវជ្រាវរូបនេះ ក៏បញ្ជាក់ទៀតថា បើមានពេល លោកនឹងស្រាវជ្រាវប្រវត្តិសិល្បករល្បីៗក្នុងឆាកអន្តរជាតិថែមទៀត។
មហាជនជាច្រើនបានស្គាល់ លោក សេង តារា តាមរយៈការងារស្រាវជ្រាវកន្លងមកពីប្រវត្តិបទចម្រៀង និងប្រវត្តិកវីជំនាន់សង្គមរាស្ត្រនិយម។ កេរ្ដិ៍ឈ្មោះរបស់លោក កាន់តែល្បីល្បាញ បន្ទាប់ពីការស្រាវជ្រាវទាំងនោះ បានបោះពុម្ពជាសៀវភៅ និងជាវាគ្មិនតាមប្រព័ន្ធផ្សព្វផ្សាយ បកស្រាយពីប្រវត្តិបទចម្រៀង សិល្បករ និងកវី ដែលខ្លួនបានស្រាវជ្រាវ។ អ្នកនិពន្ធមកពីស្រុកព្រៃកប្បាស ខេត្តតាកែវរូបនេះ មិនត្រឹមតែស្រាវជ្រាវសិល្បៈផ្នែកចម្រៀងនាអំឡុងឆ្នាំ ១៩៦០-១៩៧០ ប៉ុណ្ណោះទេ តែលោកក៏មានគម្រោងស្រាវជ្រាវប្រវត្តិសិល្បករខ្មែរល្បីៗ គ្រប់ទម្រង់សិល្បៈទាំងអស់ ដូចជាសិល្បករអាយ៉ៃ យីកេ ល្ខោនបាសាក់ ចាប៉ី វិចិត្រករ និងស្ថាបត្យករជាដើម។ លោក តារា បញ្ជាក់ថា៖« ខ្ញុំមានគម្រោងស្រាវជ្រាវគ្រប់ទម្រង់សិល្បៈខ្មែរទាំងអស់ ជាពិសេសអ្នកដែលល្បីៗ ដើម្បីឱ្យក្មេងជំនាន់ក្រោយមានឯកសារស្រាវជ្រាវ»។
បើតាម លោក សេង តារា ការស្រាវជ្រាវប្រវត្តិទាំងនេះ គឺដើម្បីឱ្យក្មេងជំនាន់ក្រោយបានស្គាល់បុគ្គលល្បីៗ ក្នុងវិស័យសិល្បៈខ្មែរ ជាពិសេសស្នាដៃជាគំរូល្អៗ សម្រាប់ពួកគេរៀនសូត្រតាម។ អ្នកស្រាវជ្រាវវ័យ៣៦រូបនេះអះអាងថា បើមានពេលខ្លួននឹងខិតខំស្រាវជ្រាវ និងចងក្រងជាសៀវភៅ ពីប្រវត្តិសិល្បករល្បីៗ ក្នុងឆាកអន្តរជាតិថែមទៀត តែការណ៍នេះទាល់តែលោកស្រាវជ្រាវសិល្បករល្បីៗក្នុងស្រុកអស់សិន។ លោក តារា បញ្ជាក់៖«ខ្ញុំចង់ដល់ទៅស្រាវជ្រាវអ្នកសិល្បៈល្បីៗ កំពូលៗ លើឆាកអន្តរជាតិទៀតផង តែពេលនេះខ្ញុំមិនមានពេល ព្រោះខ្ញុំត្រូវធ្វើការងារច្រើន មិនមែនធ្វើតែរឿងស្រាវជ្រាវមួយមុខទេ»។
ពិធីករពូកែវោហាររូបនេះបានបញ្ជាក់ថា រាល់ការស្រាវជ្រាវទាំងអស់ គឺលោកចេញលុយហោប៉ៅខ្លួនឯងទាំងស្រុង ប៉ុន្តែអ្វីដែលលោកទទួលបានមកវិញ គឺកេរ្តិ៍ឈ្មោះដែលគេឱ្យតម្លៃ ព្រមទាំងប្រាក់បន្តិចបន្តួចថ្លៃកម្មសិទ្ធិបញ្ញាលើការបោះពុម្ពសៀវភៅ។
ស្នាដៃប្រលោមលោកដំបូងក្នុងឆ្នាំ២០០២ ដែលលោក សេង តារា បាននិពន្ធគឺរឿង«ស្វាយលើរឿងខ្ញុំ» គឺជារឿងពិតរបស់អ្នកនិពន្ធ ហើយរឿងនេះ ក៏បានថតជាល្ខោនវិទ្យុដែរ។ បន្ទាប់ពីចេញស្នាដៃមួយនេះ លោកចាប់ផ្ដើមសរសេរប្រលោមលោកដទៃទៀត ដែលដកស្រង់ចេញពីរឿងពិតទាំងអស់។ ប្រលោមលោក ខ្លះក៏បានយកទៅថតជាខ្សែភាពយន្តផងដែរ។ នេះបើតាមការអះអាងរបស់លោក សេង តារា។
ទាក់ទងនឹងការស្រាវជ្រាវពីប្រវត្តិអ្នកចម្រៀងក្នុងទសវត្សរ៍ទី៦០ និង ៧០ លោក សេង តារា បានចងក្រងជាសៀវភៅ«មាសស្រោបនគរ» នៅក្នុងឆ្នាំ២០០៤ ដែលមាន១៤ភាគ។ ពេលដំណាលគ្នានោះ លោកក៏បានសរសេរភៅ «ថ្ងៃលិចឯនាយសមុទ្រ » ដែលនិយាយពីប្រវត្តិបទចម្រៀងនីមួយៗ ចំនួន១៣ភាគ។ សៀវភៅ «ផ្ទាំងសំពត់ស» និយាយពីប្រវត្តិផលិតករភាពយន្ត និងតារាភាពយន្ត។ សៀវភៅ «អធិរាជឆ្លងដែន» និយាយពីលោក ស៊ីន ស៊ីសាមុត និពន្ធបទចម្រៀង ពីទឹកដីបរទេសដែលលោកបានទៅ។ សរុបសៀវភៅ ដែលលោកសេង តារា បានសរសេរមានប្រមាណ៣៧ក្បាល និងនៅសល់ច្រើនទៀត ដែលមិនទាន់បានបោះពុម្ព៕
© រក្សាសិទ្ធិដោយ thmeythmey.com