ជាតិ
​​​ន​យោ​បាយ​ជាតិ​
មហាផ្ទៃ ព្រមាន​វិធានការ​ច្បាប់​ទៅលើ​មន្ត្រី​អតីត​CNRP ដែល​នៅតែ​ប្រើ​សញ្ញា​រដ្ឋសភា​
05, Feb 2018 , 10:59 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ខៀវ សុភ័គ
រូបពីហ្វេសប៊ុកលោក ខៀវ សុភ័គ
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ ប្រាប់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បញ្ឈប់​សកម្មភាព​ប្រើប្រាស់​សញ្ញា​រដ្ឋសភា លើ​លិខិតស្នាម​ផ្សេងៗ ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ផ្លូវច្បាប់​បន្ថែមទៀត​។​



​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បាន​និយាយថា សមត្ថកិច្ច​កំពុង​តាមដាន​លើ​ករណី​របស់​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​ការប្រើប្រាស់​សញ្ញា​រដ្ឋសភា​នេះហើយ​។ លោក​ថា ទង្វើ​របស់​អតីតមន្ត្រី​បក្សប្រឆាំង​ទាំងនោះ កំពុង​អនុវត្ត​ផ្ទុយ​ពី​ច្បាប់ ដែល​ត្រូវ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ខៀវ សុភ័គ បាន​អត្ថាធិប្បាយ​ដូច្នេះ​ថា​៖«​យើង​បាន​ប្រាប់​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តាមដាន​លើ​ករណីនេះ ។ ហើយ​វិធាន​ការដែល​យើង​ចាត់ការ​លើ​ពួកគេ​នោះ មាន​ច្រើន ដូចជា​យើង​អាច​ថា​ពួកគេ​ប្រើប្រាស់​លិខិត​ក្លែងក្លាយ ដោយ​ពិន័យ​រដ្ឋបាល ឬ​ហៅ​ពួកគេ​មក​អប់រំ ។​ហើយ​បើ​ពួកគេ​នៅតែ​បន្តសកម្មភាព​ផ្គើន គឺមាន​តែ​គុក​ប៉ុណ្ណោះ​។ យើង​នឹង​អនុវត្ត​តាមច្បាប់ ប្ដឹងទៅ​តុលាការ ដើម្បី​សុំ​ឲ្យ​អនុត្ត​ទោស​លើ​ពួកគេ​២​ឆ្នាំ​បន្ថែមទៀត​ជាដើម​»​។​

​ចំពោះ​អតីតមន្ត្រី​បក្សប្រឆាំង ដែល​នៅក្រៅ​ប្រទេស ហើយ​ប្រើប្រាស់​សញ្ញា​រដ្ឋសភា​នេះ​វិញ លោក ខៀវ សុភ័គ ព្រមាន​ដូច្នេះ​ថា​៖«​បើ​ក្នុងករណី​ចាំបាច់ យើង​នឹង​បដិសេធ​លិខិតឆ្លងដែន​ពួកគេ ព្រោះ​យើង​ជឿថា​ពួកគេ មិនមាន​សញ្ជាតិ​២​ទេ​។ ដូច្នេះ​បើ​ធ្វើ​ខុស​នោះ យើង​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់ ព្រោះ​អ្នក​ទាំងនោះ នៅតែ​ស្ថិតនៅក្រោម​ច្បាប់​កម្ពុជា ដែល​អាច​ចាត់ការ​បាន​។ ដូច្នេះ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ប្រឈមមុខ​ផ្លូវច្បាប់​ទៀត អស់លោក​(​មន្ត្រី​CNRP) ត្រូវអនុវត្ត​តាមច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​អស់លោក​លែងមាន​សិទ្ធិ​ស្របច្បាប់​ជា​តំណាងរាស្ត្រ​ទៀតហើយ​»​។​

​កាលពី​ថ្ងៃទី​៣០ មករា​កន្លងមក លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បានស្នើ​ឲ្យ​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​នៅតែ​បន្ត​ប្រើប្រាស់​រូប​សញ្ញា​រដ្ឋសភា​លើ​លិខិត​ផ្សេងៗ ក្រោម​ហេតុផល​ថា រំលោភ​រដ្ឋធម្មនុញ្ញ ,​ច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា​។
អត្ថបទទាក់ទង

​ក្នុង​លិខិត​នោះ លោក ឡេង ប៉េងឡុង លើកឡើងថា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លែង​ជា​សមាជិក​រដ្ឋសភា​ទៀតហើយ ចាប់តាំងពី​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២0១៧ ។ អគ្គលេខាធិការ​រដ្ឋសភា បានស្នើ​ឡើង​យ៉ាង​ដូច្នេះ​ថា​៖«​ទង្វើ​នេះ ធ្វើ​ឲ្យ​សាធារណជន ភាន់ច្រឡំ​និង​ប៉ះពាល់​ដល់​ស្ថាប័ន​រដ្ឋសភា​។ សូម​សម្តេច ស ខេង ជួយ​ចាត់វិធានការ​តាមច្បាប់​»៕


Tag:
 ខៀវ សុភ័គ​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com