ជាតិ
វិសោធនកម្មរដ្ឋធម្មនុញ្ញ​៖«​គណបក្ស​និង​ពលរដ្ឋ មិន​ត្រូវធ្វើ​សកម្មភាព ដែល​ប៉ះពាល់​ប្រយោជន៍​ជាតិ​ឡើយ​»
05, Feb 2018 , 11:57 am        
រូបភាព
​គណបក្សនយោបាយ ត្រូវតែ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះជា​ដោយផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​កម្ពុជា​ឡើយ​។ នេះ​គឺជា​កថាខណ្ឌ​ថ្មី ដែល​រដ្ឋាភិបាល​កម្ពុជា ទើបនឹង​ព្រាង​ឡើង ដើម្បី​ប​ញ្ជូ​ល​ទៅក្នុង​មាត្រា​៤២​នៃ​រដ្ឋធម្មនុញ្ញ​។



​លើសពីនេះ កថាខណ្ឌ​ថ្មី​មួយទៀត ក៏ត្រូវ​បាន​សរសេរ​ឡើង​ដែរ ដើម្បី​បញ្ចូល​ទៅក្នុង​មាត្រា​៤៩ នៃ​រដ្ឋធម្មនុញ្ញ ដោយមាន​អត្ថន័យ​ដូចគ្នា​ស្ទើរ​ទាំងស្រុង ទៅនឹង​កថាខណ្ឌ​ថ្មី​ក្នុង​មាត្រា​៤២​។  កថាខណ្ឌ​ថ្មី​ក្នុង​មាត្រា​៤៩ បាន​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប ត្រូវ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ហើយ​មិន​ត្រូវធ្វើ​សកម្មភាព​ណាមួយ ទោះជា​ដោយផ្ទាល់​ក្តី ឬ​ដោយ​ប្រយោល​ក្តី ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រទេស និង​ប្រជាពលរដ្ឋ​ឡើយ​។

​ចំណែក មាត្រា​៥៣​នៃ​រដ្ឋធម្មនុញ្ញ ក៏ត្រូវ​បាន​បញ្ចូល​កថា​ខណ្ឌ​ថ្មី​ដែរ​។ កថាខណ្ឌ​ថ្មី​ក្នុង​មាត្រា​៥៣ បាន​ចែងថា ប្រទេស​កម្ពុជា ប្រឆាំង​ដាច់ខាត​ចំពោះ​បរទេស ដែល​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ទោះបី​ក្រោមរូបភាព​ណាក៏ដោយ​។​

​រីឯ មាត្រា​១១៨ ដែល​ចែង​អំពី​រដ្ឋាភិបាល មិនត្រូវ​បាន​បន្ថែ​មក​ថា​ខណ្ឌ​ថ្មី​នោះទេ ប៉ុន្តែ​ត្រូវបាន​កែប្រែ​។ មាត្រា​១១៨ ត្រូវបាន​កែប្រែ​ថា គណៈរដ្ឋមន្ត្រី ត្រូវ​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។

​ដូច្នេះ នាពេលខាងមុខ រដ្ឋលេខាធិការ លែង​ជា​សមាជិក​រដ្ឋាភិបាល​ឬ​គណៈរដ្ឋមន្ត្រី​ទៀតហើយ ។ រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន បានចាត់ទុក​រដ្ឋលេខា​ធិ​ការ ជា​សមាជិក​រដ្ឋាភិបាល​។

អត្ថបទទាក់ទង


​រដ្ឋាភិបាល បានអនុម័ត​រួចហើយ លើ​សេចក្តីព្រាង​ស្តីពី​ការធ្វើ​វិសោធនកម្ម​លើ​មាត្រាមួយ​ចំនួន​ខាងលើ​នៃ​រដ្ឋធម្មនុញ្ញ​។ ជា​នីតិវិធី សេចក្តីព្រាង​នេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​អង្គការនីតិបញ្ញត្តិ (​រដ្ឋសភា និង​ព្រឹទ្ធសភា​) ដើម្បី​និ​ពិ​ន្យ និង​អនុម័ត​។ បន្ទាប់មក សេចក្តីព្រាង​នេះ នឹងត្រូវ​បញ្ជូន​ទៅកាន់​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​ពិនិត្យ​បន្ត​។ ប្រសិនបើ​រដ្ឋសភា ព្រឹទ្ធសភា រួមទាំង​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​ចប់សព្វគ្រប់ ដោយ​មិន​ជំទាស់​អ្វី​នោះ សេចក្តីព្រាង​ខាងលើ នឹងត្រូវ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បី​ព្រះអង្គ ចេញ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

​កាលពី​ចុងឆ្នាំ​២0១៧ រដ្ឋាភិបាល បាន​បង្កើត​ក្រុមការងារ​ជំនាញ​មួយ ដើម្បី​សិក្សា​ពី​រដ្ឋធម្មនុញ មុននឹង​ឈានទៅដល់​ការធ្វើ​វិសោធនកម្ម​។ សមាសភាព​ភាគច្រើន​នៃ​ក្រុមការងារ​ជំនាញ​នេះ សុទ្ធតែជា​ឥស្សរជន ដែលមាន​ជំនាញ​ផ្នែក​ច្បាប់ ដោយ​ក្នុងនោះ រួមមាន លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជា​ប្រធាន ព្រមទាំង​អនុប្រធាន​៣​រូប និង​សមាជិក​៨​រូប​។​

​នេះ​ជា​លើក​ទី​៩​ហើយ ដែល​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា នឹងត្រូវ​បានធ្វើ​វិសោធនកម្ម​។ ចាប់​តាំង​ឆ្នាំ​១៩៩៣​មក រហូតដល់​ពេលនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើ​វិសោធនកម្ម​ចំនួន​៨​លើក​ហើយ​។​

​រដ្ឋធម្មនុញ្ញ​កម្ពុ​ជានា​បច្ចុប្បន្ន មាន​១៧​ជំ​ពួក និង​១៦០​មាត្រា ។ ជំ​ពួក​ទាំង​១៧​នោះ ចែង​អំពី​អធិបតេយ្យ​, ព្រះមហាក្សត្រ​,  សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ប្រជាពលរដ្ឋ​ខ្មែរ​, របប​នយោបាយ , សេដ្ឋកិច្ច​, អប់រំ វប្បធម៌ និង​សង្គមកិច្ច ,  រដ្ឋសភា​, ព្រឹទ្ធសភា​, សមាជ​រដ្ឋសភា​និង​ព្រឹទ្ធសភា​, រាជរដ្ឋាភិបាល​, អំណាចតុលាការ​, ក្រុមប្រឹក្សាធម្មនុញ្ញ​,  ការគ្រប់គ្រង​រដ្ឋបាល , សមាជជាតិ​, ការ​អនុភាព ការសើរើ និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​, និង​អន្តរ​ប្បញ្ញត្តិ​៕


Tag:
 រដ្ឋធម្មនុញ្ញ​
  វិសោធនកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com