ជាតិ
សង្គមជាតិ
ជ័យលាភី​១០​អង្គ​/​នាក់នៅអាស៊ាន ដែល​បាន Padma Awards ពី​រដ្ឋាភិបាល​ឥណ្ឌា​
05, Feb 2018 , 12:20 pm        
រូបភាព
ដោយ: រួបរួម
​ជា​រៀងរាល់ឆ្នាំ រដ្ឋាភិបាល​ឥណ្ឌា ប្រកាស​ឈ្មោះ​ជ័យលាភី​ឥស្សរិយយស Padma Awards ដើម្បី​លើកទឹកចិត្ត​អ្នក​ដែលមាន​ស្នាដៃ​ផ្នែក​ផ្សេងៗ ដូចជា​ការងារ​សង្គម កិច្ចការ​សាធារណៈ វិទ្យាសាស្ត្រ វិស្វកម្ម ពាណិជ្ជកម្ម ឧ​ស្សហកម្ម វេជ្ជសាស្ត្រ អក្សរសាស្ត្រ អប់រំ សិល្បៈ កីឡា​ជាដើម​។



​ចាប់តាំងពី​ឆ្នាំ​១៩៥៤​មក Padma Awards  គឺជា​មេដាយ និង​ជា​គ្រឿង​ឥស្សរិយយស​ដ៏​មាន​កិត្យានុភាព​មួយ​របស់​ឥណ្ឌា​។ សារព័ត៌មាន​ឥណ្ឌា​បាន​បញ្ជាក់ថា ជ័យលាភី​ជនជាតិ​ឥណ្ឌា ៦៩​រូប​នៅ​ឆ្នាំ​២០១៨ ត្រូវបាន​ជ្រើសរើស​ចេញពី​អ្នក​ដែលមាន​ស្នាដៃ​ជាង​១៥០០០​នាក់​នាក់​។ លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា Norendra Modi ធ្លាប់បាន​អះអាង​កន្លងមក​ថា ការជ្រើសរើស​ជ័យលាភី មិន​ផ្អែកលើ​ការបញ្ចុះ​បញ្ចូល (Lobby) ណាមួយ​ឡើយ តែ​ជាការ​មើលឃើញ​សា្ន​ដៃ​ពិតៗ​របស់​បុគ្គល​ម្នាក់ៗ ជាពិសេស​នៅតាម​មូលដ្ឋាន​។​

​ជ័យលាភី​៨៥​នាក់​ដែល​ទទួល​ឆ្នាំនេះ មាន​៣​នាក់​បាន Padma Vibhushan ៩​នាក់​បាន Padma Bhushan និង​៧៣​នាក់​បាន Padma Shri ក្នុងនោះ ឥស្សរជន ៣​នាក់ បាន​គ្រឿង​ឥស្សរិយយស​ជា​កិច្ច​ប​ច្ឆា​មរណៈ​។ ក្នុងចំណោម​ជ័យលាភី​ទាំង​៨៥​នាក់ មាន​១៦​នាក់​ជា​ជនបរទេស ដែល​ក្នុងនោះ ១០​អង្គ​/​នាក់ មកពី​បណ្តា​រដ្ឋ​នៅ​អាស៊ាន ដែល​ផ្នែក​មួយ​នៃ​ការពង្រឹង​ទំនាក់ទំនង​អាស៊ាន​-​ឥណ្ឌា ដែលមាន​អាយុកាល​២៥​ឆ្នាំ​មកហើយ​។​


​ជ័យលាភី​ទាំង​១០​អង្គ​/​នាក់​នៅ​អាស៊ាន​រួមមាន​៖

​សម្តេច​សង្ឃរាជ Somdet Phra Maha Muniwong  ព្រះជន្ម​៩០​ព្រះវស្សា​។ ព្រះអង្គ​ត្រូវបាន​ព្រះមហាក្សត្រ​ជ្រើសតាំង​ជា​សម្តេចព្រះសង្ឃរាជ​ទី​២០​របស់​ថៃ កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧​។ ព្រះ​អង្គជា​ព្រះសង្ឃ​និកាយ​ធម្មយុត្តិ​ដែល​គង់នៅ​វត្ត Wat Ratchabophit ក្នុង​ក្រុង​បាងកក​។​

​លោក Tommy Koh អាយុ​៨០​ឆ្នាំ ឯកអគ្គរដ្ឋទូត​គោចរ​របស់​សិង្ហ​បុរី​។ លោក​ជា​អ្នកជំនាញ​ច្បាប់​អន្តរជាតិ និង​ជា​សាស្ត្រាចារ្យ​មួយ​ដ៏​ល្បីឈ្មោះ​រូប​ផងដែរ​។ ក្នុងតួនាទី​ជា​ឯកអគ្គរដ្ឋទូត​របស់​សិង្ហ​បុរី​ប្រចាំ​អង្គការសហប្រជាជាតិ​ក​ន្ល​ង​មក លោក Tommy បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​អន្តរជាតិ​។​


​លោក ហ៊ុន ម៉ា​នី  អាយុ​៣៥​ឆ្នាំ ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​។ ក្នុងតួនាទី​ជា​ប្រធាន ស​.​ស​.​យ​.​ក លោក ហ៊ុន ម៉ា​នី បាន​ជំរុញ​ការចូលរួម​របស់​យុវជន​ក្នុង​សកម្មភាព​មនុស្សធម៌ វប្បធម៌ ជាពិសេស​តាមរយៈ​កម្មវិធី​អង្គរ​សង្ក្រាន្ត​។ លោក​ក៏​ជា​អ្នកគាំទ្រដ៏សកម្ម​នៃ​ក្រុមការងារ Go Go Cambodia ដែលមាន​បេសកកម្ម​លើកកម្ពស់​ស្នាដៃ សមិទ្ធផល ក៏ដូចជា​អ្នកមាន​ស្នាដៃ​របស់​កម្ពុជា​។ កាលពី​ឆ្នាំ​២០១៥ លោក​ទទួលបាន​ពានរង្វាន់​សន្តិភាព « The Gusi Peace Prize » ពី​ហ្វីលីពីន​ក្នុង​ភាពជា​អ្នកដឹកនាំ​យុវជន ការគោរព​សិទ្ធិមនុស្ស  និង​ជា​អ្នកការពារ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​បេតិកភណ្ឌ​ពិភពលោក​។

​លោក I Nyoman Nuarta អាយុ​៦៦​ឆ្នាំ ជា​សិល្បករ និង​ជាងចម្លាក់​ដែល​សាង​ស្នាដៃ​សិល្បៈ​ជាច្រើន​នៅ​ឥណ្ឌូណេស៊ី​។ លោក​ជា​ម្ចាស់​ស្ទី​ត​យោ Studio Nyoman Nuarta និង​ជា​ម្ចាស់​ឧទ្យាន​សិល្បៈ NuArt Scupture Park នៅ​បាង​ឌុ​ង​។ ស្នាដៃ​របស់លោក​ត្រូវបាន​យកទៅ​តាំង​ពិ​ព័រ​ណ៌​នៅ​បណ្តា​ប្រទេស​ជាច្រើន ហើយក៏​ធ្លាប់បាន​ពានរង្វាន់​កម្រិត​ជាតិ និង​អន្តរជាតិ​ច្រើនលើក​ផងដែរ​។​

​លោក Jose Ma Joey (​ឈ្មោះ​ពេញ Jose Maria A. Concepcion III)  អាយុ​៦០​ឆ្នាំ ជា​សហគ្រិន​ដ៏​មាន​ឥទ្ធិពល​នៅ​ហ្វីលីពីន​។ លោក​ជា​អគ្គនាយក និង​ជា​ប្រធាន​ក្រុមហ៊ុន RFM Foods Corporation និង​ជា​ស្ថាបនិក​ក្រុមហ៊ុន GoNegosyo​។ ចាប់ពី​ឆ្នាំ​២០១៧ លោក​បាន​កាន់​តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សា​ធុរៈកិច្ច​អាស៊ាន​។​

​ព្រះសង្ឃ Nguyen Tien Thien តែបើ​តាម​សារព័ត៌មាន Phat Giao របស់​វៀតណាម ព្រះនាម​នេះ សំដៅលើ ព្រះ​តេជគុណ Thich Duc Thien អគ្គលេខាធិការ​ក្រុមប្រឹក្សាភិបាល​ម​ជ្ឈឹ​ម សមាគម​ពុទ្ធសាសនា​វៀតណាម​។ ព្រះអង្គ Thich Duc Thien ជា​មេដឹកនាំ​ពុទ្ធសាសនា​ដ៏​មាន​ឥទ្ធិពល​មួយអង្គ​នៅ​វៀតណាម​។​

​លោក Bounlap Keokangna ជា​អតីត​ប្រធានការិយាល័យ​ទេសចរណ៍​វត្ត​ភូ មុននឹង​ក្លាយជា​ប្រធានការិយាល័យ​វប្បធម៌​នៃ​នាយកដ្ឋាន​ទេសចរណ៍ វប្បធម៌ និង​ព័ត៌មាន ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។ ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៦ អនុប្រធាន​រមណី​ដ្ឋា​ន​បេតិកភណ្ឌ​ពិភពលោក​វត្ត​ភូ ក្រោម​គម្រោង​របស់​អង្គការ​យូណេស្កូ​។ លោក​បាន​ធ្វើជា​ទីប្រឹក្សា​គ​ម្រោ​ង​ជួសជុល​ប្រាសាទ​របស់​ដៃគូ​បារាំង និង​ឥណ្ឌា​ផងដែរ​។ នេះ​បើតាម​ប្រភព​ដែល​ផ្តល់​ឲ្យ​សារព័ត៌មាន​ថ្មីៗ​។​

​លោក Ramli Ibrahim អាយុ​៦៤​ឆ្នាំ ជា​អ្នករបាំ​បុរាណ​របស់​ម៉ាឡេស៊ី ដែលមាន​ឈ្មោះ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​។ លោក​បាន​ប្រឡូក​ក្នុង​កិច្ច​សិល្បៈ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ ជាពិសេស​ផ្នែក​របាំ​បា​ឡេ របាំ​ទំនើប និង​បុរាណ​ឥណ្ឌា​។ បច្ចុប្បន្ន លោក Ramli ជា​ប្រធាន​មូលនិធិ​សិល្បៈ Sutra Foundation​។​

​លោក Malai Haji Abdullah bin Malai Haji Othman ជា​ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល អប់រំ និង​ធនធាន​សម្រាប់​កុមារ​ដែលមាន​បញ្ហា​អូ​ទី​ស្សឹម (SMARTER)​។ អូ​ទី​ស្សឹម ជា​ប្រភេទ​ជំងឺផ្លូវចិត្ត​របស់​កុមារ​ដែល​ត្រូវបាន​ចាត់ទុកជា​ពិការភាព​មួយ​ប្រភេទ​។ លោក Malai Haji Abdullah និង​មជ្ឈមណ្ឌល​របស់លោក​ធ្វើ​យ៉ាង​ជិត​ស្និ​ទ្ធិ​ជាមួយ​អាណាព្យាបាល​ដើម្បី​ឲ្យ​កុមារ​អាច​ចូលរួម​ក្នុង​សកម្មភាព​នានា​ក្នុងសង្គម ជាពិសេស​ឯករាជ្យភាព​។​

​លោក Thant Myint-U អាយុ​៥២​ឆ្នាំ ជា​អ្នកនិពន្ធ អ្នកប្រវត្តិសាស្ត្រ អ្នក​អភិរក្ស និង​ជា​អតីតមន្ត្រី​អង្គការសហប្រជាជាតិ​។ លោក​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ដំណើរការ​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា​។ លោក ជា​ប្រធាន​មជ្ឈមណ្ឌល Yangon Heritage Trust ហើយ​បាន​ពានរង្វាន់​ផ្នែក​វប្បធម៌ Fukuoka Grand Prize ពី​ជប៉ុន​៕










Tag:
 ហ៊ុន ម៉ានី
  Padma Award
© រក្សាសិទ្ធិដោយ thmeythmey.com