ជាតិ
ច្បាប់ថ្មីផ្តល់សិទ្ធិផ្តាច់មុខទៅមហាផ្ទៃ បើចង់បដិសេធការចុះបញ្ជីបក្សនយោបាយ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
× ភ្នំពេញ៖ គ្មានសិទ្ធិតវ៉ាទៅស្ថាប័នផ្សេង ដើម្បីសុំឲ្យពិនិត្យឡើងវិញឡើយ ប្រសិនបើក្រសួងមហាផ្ទៃ សម្រេចមិនចុះបញ្ជីឲ្យគណបក្សណាមួយ។ នេះមានន័យថា នៅពេលខាងមុខ ការសម្រេចឬមិនសម្រេចចុះបញ្ជីឲ្យគណបក្សណាមួយ គឺជាសិទ្ធិផ្តាច់មុខរបស់ក្រសួងមហាផ្ទៃ ដោយស្ថាប័នផ្សេង មិនអាចធ្វើអន្តរាគមន៍បានឡើយ។
បច្ចុប្បន្ន ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិពិនិត្យនិងសម្រេចលើបណ្តឹងរបស់គណបក្សណាមួយ ដែលសុំតវ៉ា ប្រសិនបើគណបក្សនោះ ត្រូវបានក្រសួងមហាផ្ទៃបដិសេធ ដោយមិនព្រមចុះក្នុងបញ្ជី។ មាត្រា២៦ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ បានចែងយ៉ាងដូច្នេះថា៖«ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យនិងសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សនយោបាយ ពីការមិនព្រមចុះបញ្ជីគណបក្សនយោបាយ [របស់ក្រសួងមហាផ្ទៃ]»។
លើសពីនេះ ច្បាប់ស្តីពីគណបក្សនយោបាយ ក៏មានចែងអំពីសិទ្ធិក្នុងការប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញដែរ ប្រសិបើក្រសួងមហាផ្ទៃ មិនព្រមចុះបញ្ជីដោយហេតុផលណាមួយ។ មាត្រា២៥នៃច្បាប់ស្តីពីគណបក្សនយោបាយ បានផ្តល់សិទ្ធិបែបនេះថា៖«គណបក្សនយោបាយ ដែលក្រសួងមហាផ្ទៃ បានចេញលិខិតមិនយល់ព្រមឲ្យចុះបញ្ជីគណបក្សនយោបាយ គណបក្សនយោបាយនោះ មានសិទ្ធិប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ»។
ប៉ុន្តែ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងមិនមានសិទ្ធិដូចមុនទៀតឡើយ ក្នុងការពិនិត្យលើសេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ដែលមិនចុះបញ្ជីឲ្យគណបក្សនយោបាយ។ មូលហេតុនោះគឺថា សិទ្ធិខាងលើរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលកំណត់ក្នុងមាត្រា២៦ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ កំពុងស្ថិតក្នុងដំណាក់កាលនៃការធ្វើវិសោធនកម្ម។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណបក្សរដ្ឋមន្ត្រី បានសរសេរសារលើគណនីហ្វេសបុក យ៉ាងដូច្នេះថា៖«ក្រុមប្រឹក្សាធម្មនុញ្ញ លែងមានសមត្ថកិច្ចសម្រេចលើបណ្ដឹងរបស់គណបក្សនយោបាយ ដែលក្រសួងមហាផ្ទៃ មិនព្រមចុះបញ្ជីគណបក្សនយោបាយទៀតហើយ»។ លោក បានបង្ហោះសារនេះ ក្រោយពីរដ្ឋាភិបាល យល់ព្រមកែប្រែមាត្រា២៦ និងមាត្រាមួយចំនួនទៀត ក្នុងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ។
ក្រោយតាក់តែងខ្លឹមសារថ្មីរួចហើយ រដ្ឋាភិបាល ក៏បញ្ជូលសេចក្តីព្រាងស្តីពីការធ្វើវិសោធនកម្មច្បាប់ក្រុមប្រឹក្សាធម្មនុញ្ញ ទៅកាន់រដ្ឋសភា ដើម្បីពិនិត្យបន្ត។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២0១៨ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំ ហើយសម្រេចបញ្ជូនសេចក្តីព្រាងនេះ ទៅឲ្យគណៈកម្មការជំនាញ ដើម្បីសិក្សាលម្អិត។
ជានីតិវិធី នៅពេលសិក្សាយ៉ាងល្អិតល្អន់និងចប់សព្វគ្រប់ហើយនោះ គណៈកម្មការជំនាញ ត្រូវបញ្ជូនសេចក្តីព្រាងនេះ ទៅឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។ ជាចុងក្រោយ គណៈកម្មាធិការអចិន្ត្រៃយ៍ នឹងកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំពេញអង្គរដ្ឋសភា ដើម្បីពិនិត្យនិងអនុម័នសេចក្តីព្រាងខាងលើជាផ្លូវការ។
មិនមែនមានតែច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញនោះទេ នៅមានច្បាប់មួយចំនួន ដូចជា រដ្ឋធម្មនុញ្ញ និងក្រមព្រហ្មទណ្ឌ ជាដើម ក៏ត្រូវបានធ្វើវិសោធនកម្មដែរ។ ការធ្វើវិសោធនកម្មនៃច្បាប់ទាំងនេះ សុទ្ធតែជាគំនិតផ្តួចផ្តើមរបស់ស្ថាប័ននីតិប្រតិបត្តិ៕
Tag:
ក្រុមប្រឹក្សាធម្មនុញ្ញ
គណបក្ស
មហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com