ជាតិ
នយោបាយជាតិ
សភាអាស៊ាន ចាត់ទុក ការកែរដ្ឋធម្មនុញ្ញ ជាក្តីបារម្ភថ្មី ចំពោះប្រជាធិបតេយ្យនៅកម្ពុជា រដ្ឋសភា បើកកិច្ចប្រជុំនាពេលកន្លងមក
× ភ្នំពេញ៖ សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស រិះគន់ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ ដោយយល់ថា នឹងប៉ះពាល់កាន់តែខ្លាំងដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ប្រាប់ថា សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស គ្មានសិទ្ធិរិះគន់ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនៅកម្ពុជាឡើយ។
សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស (APHR) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងពីគុណវិប្បត្តិ ដែលរដ្ឋាភិបាលកម្ពុជា ផ្តើមការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។ ស្ថាប័នអន្តរជាតិមួយនេះ យល់ឃើញថា បន្ទាប់ពីការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ និងការរំលាយគណបក្សសង្គ្រោះជាតិ ការធ្វើសោធនកម្មលើរដ្ឋធម្មនុញ្ញ គឺជាក្តីបារម្ភថ្មីបន្ថែមទៀត ដែលនឹងជំរុញឲ្យកម្ពុជា ឈានទៅរកប្រព័ន្ធឯកបក្ស ហើយប្រជាធិបតេយ្យ នឹងកាន់តែថមថយ។
ដោយសារតែក្តីបារម្ភបែបនេះ សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ក៏បានស្នើឲ្យសភាកម្ពុជា ច្រានចោលការធ្វើវិសោធនកម្មនេះ។ លោក Charles Santiago សមាជិកសភាម៉ាឡេស៊ី និងជាប្រធានសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បានអះអាងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖«ប្រសិនបើអនុម័តមែននោះ វិសោធនកម្មនេះ នឹងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ស្ថាប័នជាតិ ហើយក៏នឹងប៉ះពាល់ដល់នីតិរដ្ឋនៅកម្ពុជាផងដែរ»។ លោក បញ្ជាក់ទៀតថា៖«ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនៃប្រទេសណាមួយ មិនគួរត្រូវបានធ្វើឡើងដោយប្រញាប់ញាល់និងលាក់បាំងនោះទេ។ វា គឺជាដំណើរការមួយ ដែលតម្រូវឲ្យមានតម្លាភាពខ្ពស់បំផុត និងមានការពិគ្រោះយោបល់យ៉ាងត្រឹមត្រូវ ជាមួយអ្នកពាក់ព័ន្ធទាំងអស់»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបថា ប្រទេសដទៃ រួមទាំងសមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សផងដែរ មិនមានសិទ្ធិរិះគន់ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញនិងច្បាប់នានា នៅកម្ពុជានោះទេ។ លោក បានសរសេរសារទៅកាន់អ្នកកាសែត តាមបណ្តាញទំនាក់ទំនងតេឡេក្រាមយ៉ាងដូច្នេះថា៖«មតិរបស់សមាជិកសភាអាស៊ាននេះ គឺជាការរំលោភធម្មនុញ្ញអាស៊ាន ដែលហាមមិនឲ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃបណ្តាប្រទេសជាសមាជិកអាស៊ាន»។
បើតាមការបកស្រាយរបស់អ្នកនាំពាក្យបក្សកាន់អំណាច មានតែក្រុមប្រឹក្សាធម្មនុញ្ញប៉ុណ្ណោះ ដែលមានសមត្ថកិច្ច ក្នុងការសន្និដ្ឋានថា ការធ្វើវិសោធនកម្មណាមួយ ស្របតាមរដ្ឋធម្មនុញ្ញ ឬមិនស្រប។ ម្យ៉ាងទៀតថា លោក ក៏បានបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗ គឺជារឿងធម្មតា នៅគ្រប់ប្រទេសលើពិភពលោក ពីព្រោះវា ជាតម្រូវការនិងជាសំណូមពររបស់ប្រជាពលរដ្ឋក្នុងប្រទេសទាំងនោះ។
មាត្រា ក្នុងរដ្ឋធម្មនុញ្ញ ដែលត្រូវបានធ្វើវិសោធនកម្ម រួមមាន មាត្រា៣៤ មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨។ មិនមែនមានតែរដ្ឋធម្មនុញ្ញនោះទេ ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ក៏ត្រូវបានធ្វើវិសោធនកម្មផងដែរ។
មកដល់ពេលនេះ សេចក្តីព្រាង ស្តីពីការធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ នៅក្នុងដៃរដ្ឋាភិបាល នៅឡើយទេ។ ឯសេចក្តីព្រាង ស្តីពីការធ្វើវិសោធនកម្មលើក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានបញ្ជូនទៅកាន់រដ្ឋសភារួចហើយ ដើម្បីពិនិត្យ និងអនុម័តនាពេលខាងមុខ៕
Tag:
រដ្ឋធម្មនុញ្ញ
វិសោធនកម្ម
APHR
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com