ជាតិ
នយោបាយជាតិ
តុលាការកំពូល នឹងជំនុំជម្រះ លើសេចក្តីសម្រេច ដែលឲ្យលោក អ៊ុំ សំអាន ជាប់ពន្ធនាគារពីរឆ្នាំកន្លះ រូបភាព៖ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់តុលាការនាពេលកន្លងមក
× ភ្នំពេញ៖ តុលាការកំពូល បានកំណត់យកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២0១៨ ដើម្បីបើកសវនាការ លើបណ្តឹងសាទុក្ខរបស់លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលដែលកំពុងជាប់ពន្ធនាគារ ដោយសាររិះគន់ពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ បណ្តឹងសាទុក្ខរបស់អតីតតំណាងរាស្ត្របក្សប្រឆាំង ដែលមានជំនាញផ្នែកព្រំដែនរូបនេះ គឺដើម្បីសុំប្រឆាំងនឹងតុលាការជាន់ទាប ដែលកាត់ទោសលោក ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ។
លោកមេធាវី ជូង ជូងី បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា លោក នឹងចូលរួមសវនាការនេះ ដើម្បីការពារក្តីឲ្យលោក អ៊ុំ សំអាន ទៅតាមផ្លូវច្បាប់។ ប៉ុន្តែ លោកមេធាវីរូបនេះ មិនបានបញ្ជាក់នោះទេ ថាសមត្ថកិច្ច នឹងនាំលោក អ៊ុំ សំអាន ដែលជាកូនក្តីរបស់លោក ទៅកាន់សវនាការនៃតុលាការកំពូល ឬយ៉ាងណា។
មុននឹងឈានទៅដល់តុលាការកំពូល លោក អ៊ុំ សំអាន ធ្លាប់ពឹងមេធាវី ឲ្យដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍រួមមកហើយ ដើម្បីសុំប្រឆាំងនឹងការដាក់ទោសលើរូបលោក។ ប៉ុន្តែ សាលាឧទ្ធរណ៍ បានច្រានចោលការជំទាស់របស់លោក ដោយលើកឡើងថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ គឺសមហេតុផល និងត្រឹមត្រូវតាមផ្លូវច្បាប់។
សូមរម្លឹកថា កាលពីអំឡុងខែតុលា ឆ្នាំ២0១៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសលោក អ៊ុំ សំអាន ឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកន្លះ និងពិន័យជាប្រាក់ចំនួនបួនលានរៀល ពីបទ«ញុះញង់នាំឲ្យមានការរើសអើង និងប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ពាក់ព័ន្ធនឹងការបញ្ចេញទស្សនៈពីបញ្ហាព្រំដែនតាមហ្វេសប៊ុក។ មកដល់ពេលនេះ លោក បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេលជិតមួយឆ្នាំកន្លះហើយ៕
Tag:
តុលាការ
មេធាវី
អ៊ុំ សំអាន
© រក្សាសិទ្ធិដោយ thmeythmey.com