ជាតិ
ទូតចិន៖ យើង មិនអនុញ្ញាតឲ្យជនជាតិចិន យកកម្ពុជា ធ្វើជាកន្លែងប្រព្រឹត្តបទល្មើសឡើយ លោក ស្យុង ប៉ ស្ថិតក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២0១៨
× ភ្នំពេញ៖ លោក ស្យុង ប៉ Xiong Bo ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ទទួលស្គាល់ថា ពិតជាមានជនជាតិចិនខ្លះ ដែលដើរទេសចរណ៍ និងធ្វើការនៅកម្ពុជា មិនគោរពច្បាប់ ហើយបានបង្កបញ្ហាផ្សេងៗ។ លោក លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពីស្ថានភាពជាក់ស្តែងនៃកំណើនវិនិយោគិននិងប្រជាជនចិននៅកម្ពុជា ដែលរៀបចំឡើង នៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ស្យុង ប៉ អះអាងថា បទល្មើសឬទង្វើមិនគប្បី ដែលជនជាតិចិនទាំងនោះ បានប្រព្រឹត្ត មានដូចជា លេងល្បែងស៊ីសង ផឹកស្រា ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត និងទូរគមនាគមន៍ ជាដើម ដែលបង្កឲ្យខូចសណ្តាប់ធ្នាប់ និងសន្តិសុខនៅកម្ពុជា ហើយរហូតដល់ប៉ះពាល់អាយុជីវិតប្រជាជនក៏មាន។ នារីជាអ្នកបកប្រែ បានបកប្រែប្រសាសន៍របស់ឯកអគ្គរដ្ឋទូតចិនរូបនេះ មកជាភាសាខ្មែរយ៉ាងដូច្នេះថា៖«ចំពោះជនទាំងអស់នោះ យើង គាំទ្រឲ្យស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ចាត់ការតាមនីតិវិធី។ […] ហើយយើង ពុំអនុញ្ញាតឲ្យជនណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តសកម្មភាពល្មើសច្បាប់ ដែលនាំឲ្យខូចប្រយោជន៍របស់ប្រទេសនិងប្រជាជនចិនទេ»។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលចិន បានអំពាវនាវដល់ប្រជាជនចិនទាំងអស់ ដែលមកដើរកម្សាន្ត និងធ្វើការនៅកម្ពុជា ឲ្យគោរពច្បាប់ និងប្រពៃណីរបស់ប្រជាជនកម្ពុជា ឲ្យបានខ្ជាប់ខ្ជួន។ នេះជាការថ្លែងរបស់លោក ស្យុង ប៉ ដដែល ដោយលោក បានបន្តថា ក្នុងនោះប្រជាជនចិនភាគច្រើន អាចបំពេញបាន ចំពោះការអំពាវនាវខាងលើ។ លោក បន្ថែមថា បើប្រៀបធៀប នឹងភ្ញៀវទេសចរ និងប្រជាជនចិនជាងមួយលាននាក់ ដែលកំពុងមានវត្តមាននៅកម្ពុជា ជនជាតិចិន ដែលប្រព្រឹត្តបទល្មើស និងទង្វើមិនគប្បី មានតិចតួចប៉ុណ្ណោះ។
ឯកអគ្គរដ្ឋទូតចិន និយាយទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ស្ថាប័នអនុវត្តច្បាប់របស់ប្រទេសចិននិងកម្ពុជា បានសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការបង្ក្រាបជនល្មើស ជាជនជាតិចិនទាំងនោះ។ សម្តីរបស់លោក ត្រូវបានបកប្រែជាភាសាខ្មែរបែបនេះថា៖«យើង ប្រឆាំងដាច់ខាត ចំពោះជនណា ដែលរៀបចំនិងប្រមូលប្រជាជនចិន មកកាន់កម្ពុជា ក្នុងគោលបំណងប្រព្រឹត្តល្បែងស៊ីសង ឬបទល្មើសខុសច្បាប់»។
ជាចុងក្រោយ ឯកអគ្គរដ្ឋទូត បានអំពាវនាវដល់ប្រជាជនចិនរបស់លោក ដែលមកកាន់ប្រទេសកម្ពុជា ឲ្យរក្សាភាពត្រឹមត្រូវ និងភាពស្អាតស្អំ ដោយជៀសឲ្យពីឆ្ងាយពីល្បែងស៊ីសង ឬទង្វើខុសច្បាប់នានា៕
© រក្សាសិទ្ធិដោយ thmeythmey.com