ជាតិ
សម្ដេច ហ៊ុន សែន ព្រមាន​ដក​អភិបាល​រាជធានី​-​ខេត្ត ដោយសារ​បញ្ហា​រថយន្ត​ត​ទ្រុង​
09, Feb 2018 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពី​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាង​សង់ស្ពាន​ពី​ស្រុក​ស្ទឹងត្រង់ ឆ្លងទៅ​ស្រុក​ក្រូចឆ្មារ នៅ​ព្រឹក​ថ្ងៃទី​៩ កុម្ភៈ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ដក​អភិបាល​រាជធានី​-​ខេត្ត ដែល​បណ្ដោយ​ឲ្យ​មាន​ករណី​រថយន្ត​បើកបរ​ល្មើស​ទម្ងន់ និង​រថយន្ត​កែច្នៃ (​ត​ទ្រុង​) បើកបរ​លើផ្លូវ​។ សម្ដេច ហ៊ុន សែន ដាក់​ឱសានវាទ​ត្រឹម​ម៉ោង​១២ យប់​នេះ មិន​ឲ្យ​មាន​រថយន្ត​កែច្នៃ និង​លើស​ទម្ងន់ បើកបរ​លើផ្លូវ​ទៀតឡើយ បើ​មិន​ដូច្នេះ​ទេ អ្នក​ដែល​ប្រឈមមុខ​បញ្ហា​មុនគេ គឺ​អាជ្ញាធរ​មូលដ្ឋាន​តែម្ដង​។​



​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ឡាន​ត​ទ្រុង​ត្រូវ​បញ្ឈប់ មិន​ឲ្យ​បើកបរ​លើផ្លូវ បើ​មាន​ទៀត​ចៅហ្វាយខេត្ត ចៅហ្វាយស្រុក​ទទួលខុស​ត្រូវ ។ ដឹង​ដៃ ហ៊ុន សែន ហើយ ដក​ចៅហ្វាយខេត្ត ត្រឹមតែ​២៤​ម៉ោង​ទេ​…​។ ដូច្នេះ​ចាប់ពី​ម៉ោង​១២​យប់​ទៅ ឈប់​ឲ្យ​មាន​ឡាន​ត​ទ្រុង​បើកបរ​លើផ្លូវ​។ ហើយ​ម្ចាស់​ក្រុមហ៊ុន ដែលមាន​រថយន្ត​ត​ទ្រុង ត្រូវ​កាត់​ឲ្យ​ហើយ​ទៅ បើ​មិន​កាត់​កុំ​បើកបរ​លើផ្លូវ​។ ហើយ​ខ្ញុំ​នឹង​តាមដាន​មើល​លើ​បញ្ហា​នេះ​»​។​

​ក្រៅពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏​ព្រមាន​បិទ​ក្រុមហ៊ុន​ណា ដែល​នៅតែ​ប្រព្រឹត្ត​ល្មើសបទបញ្ជា​សម្ដេច​ខាងលើ​នេះដែរ​។ មូល​ហេតុដែល​សម្ដេច ចេញ​វិធានការ​បែបនេះ ដោយសារតែ​រថយន្ត​ធំៗ របស់​ក្រុមហ៊ុន​ទាំងអស់នោះ បាន​បំផ្លាញ​ផ្លូវ​អស់​ជាច្រើន​កន្លងមកនេះ​។ «​ចាប់ពី​ម៉ោង​១២​យប់​ទៅ​ឈប់​ឲ្យ​មាន​។ ហើយ​ទុក​ឲ្យ​ឡើងមក​តវ៉ា​នៅមុខ​ផ្ទះ ហ៊ុន សែន មក ។ បើ​មាន​អ្នក​មក​តវ៉ា​នៅមុខ​ផ្ទះ ហ៊ុន សែន ចាប់​ចូល​គុក​ព្រៃ​ស​ទាំងអស់​…​។ ហេតុអ្វី​មក​បំផ្លាញ​ផ្លូវ ផ្លូវ​គេ​ខំ​សុំ​លុយ ខ្ចីលុយ​គេ​មក​កសាង ហេតុអ្វី​មក​បំផ្លាញ​។ ហើយ​បើ​ចាប់បាន​រថយន្ត​ខុសច្បាប់​នោះ​ហើយ បើ​មាន​អ្នកណា​ហ៊ាន​ដោះលែង​វិញ និង​មាន​បញ្ហា​ហើយ ខ្ញុំ​ធ្វើ​(ចាត់វិធានការ)អ្នក​ដោះលែង​ហ្នឹង​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​។​

​ទាក់ទង​នឹង​បញ្ហា​ផ្លូវថ្នល់​នេះ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ធ្លាប់បាន​សង្កត់ធ្ងន់​លើ​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត ដែល​បានធ្វើ​ឲ្យ​ខូចខាត​ផ្លូវថ្នល់​។​លោក ថា រដ្ឋាភិបាល​ត្រូវ​ចំណាយ​ប្រមាណ​ជិត ២០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំៗ​លើ​ការជួសជុល​ផ្លូវ​៕
អត្ថបទទាក់ទង




Tag:
 ហ៊ុន សែន​
 ​ អភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com