អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
Amnesty International ស្នើ​មហាជន​ផ្ញើ​សារ​ទៅ​សម្តេច ហ៊ុន សែន ដើម្បី​សុំ​ដោះលែង​លោក កឹម សុខា
09, Feb 2018 , 2:29 pm        
រូបភាព
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបាននាំខ្លួនទៅកាន់សវនាការនៃសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២0១៨។ រូបភាពពីហ្វេសបុក
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបាននាំខ្លួនទៅកាន់សវនាការនៃសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២0១៨។ រូបភាពពីហ្វេសបុក
​ភ្នំពេញ​៖ អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) បាន​ចេញមុខ​ម្តងទៀត ក្នុងការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជិត​កន្លះ​ឆ្នាំ​មកហើយ ក្រោម​ការសង្ស័យ​របស់​តុលាការ ពាក់ព័ន្ធ​អំពើ​ក្បត់ជាតិ​។ លើក​នេះ អង្គការ​លើកលែងទោស​អន្តរជាតិ បាន​អំពាវនាវ​ឲ្យ​សាធារណជន ចូលរួម​ជាមួយ​ខ្លួន​តែម្តង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា​។​



​វិធីសាស្ត្រ និង​មធ្យោបាយ ដែល​អង្គការ​លើកលែង​ទោស​អន្តរជាតិ បាន​ណែនាំ​ឲ្យ​សាធារណជន ប្រើប្រាស់​នៅក្នុង​យុទ្ធនាការ​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា គឺ​ការផ្ញើ​សារ​តាម​ទូរសារ ទៅកាន់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស យ៉ាងយូរបំផុត​ឲ្យ​បាន​មុន​ឬ​ត្រឹម​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២0១៨ តាមរយៈ​គេហទំព័រ​អង្គការ​ខ្លួន​។

​យុទ្ធនាការ​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ គឺធ្វើឡើង ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​មេធាវី​និង​អ្នកសង្កេតការណ៍​ថា សុខភាព​របស់លោក កឹម សុខា កំពុង​ធ្លាក់ចុះ​។ អង្គការ​លើកលែងទោស​អន្តរជាតិ សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុខភាព​របស់លោក កឹម សុខា​។

​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ  ឆ្នាំ​២0១៨ សមត្ថកិច្ច បាន​នាំ​លោក កឹម សុខា ពី​ពន្ធនាគារ ក្នុង​ខេត្ត​ត្បូងឃ្មុំ ទៅកាន់​សាលាឧទ្ធរណ៍ នៅ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ លើ​សំណើសុំ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។ ប៉ុន្តែ សំណើ​នេះ ត្រូវបាន​សាលាឧទ្ធរណ៍ ច្រានចោល​។ មេធាវី បាន​ប្រាប់​ក្រុមអ្នកកាសែត​នាពេលនោះ​ថា លោក កឹម សុខា មាន​ជំងឺ​រហូតដល់​ទៅ​បី​ប្រភេទ​ឯណោះ គឺ​លើសឈាម ទឹកនោមផ្អែម​ប្រភេទ​ធ្ងន់ និង​កៀប​សរសៃ​ដៃ​ខាងឆ្វេង​។ 

​អង្គការ​អន្តរជាតិ និង​បណ្តា​ប្រទេស​នានា ដោយមាន​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ជា​អ្នក​នាំមុខ នៅតែ​ទទូច​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត ក្នុង​ឆ្នាំ​២0១៨​។ ឯ​អតីត​ក្រុម​អ្នកប្រឆាំង​មួយចំនួន ទើបនឹង​នាំគ្នា​បង្កើត​ចលនា​សង្គ្រោះ​ជាតិ នៅក្រៅ​ប្រទេស ដើម្បី​បន្ត​ការទាមទារ​របស់​ពួកគេ​។ លោក សម រង្ស៊ី គឺជា​ស្ថាបនិក​និង​ជា​ប្រធាន​នៃ​ចលនា​ថ្មី​នេះ​។  

​យ៉ាងណា​ក៏ដោយចុះ រហូតមកដល់​ពេលនេះ ដំណឹង​នៃ​ការដោះលែង​លោក កឹម សុខា ឬ​ការ​រស់​ឡើងវិញ​នូវ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​គ្មាន​ពន្លឺ​សូម្បី​បន្តិច​។ ផ្ទុយទៅវិញ រដ្ឋាភិបាល​កម្ពុជា ប្រកាស​ជំហរ​ជា​ដដែលៗ​ថា ចំណាត់ការ​ទាំងនេះ គឺ​ស្រប​នឹង​ច្បាប់ ហើយ​ស្ថិតក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា ដោយ​ប្រទេស​ដទៃ មិនអាច​ជ្រៀតជ្រែក​បានឡើយ​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​បកស្រាយ​ជាច្រើនលើក​ច្រើនសា​ថា លោក កឹម សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ រួមទាំង​ថ្នាក់ដឹកនាំ​ផ្សេងទៀត​នៃ​គណបក្ស​នេះ បាន​សាង​កំហុស​ដោយ​ខ្លួនឯង ទើប​រង​នូវ​ចំណាត់ការ​ពី​តុលាការ​បែបនេះ​៕

Tag:
 Amnesty International
  កឹម សុខា​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com