ជាតិ
សង្គមជាតិ
ចលនា «​ភូមិ ស​» តាម​ព្រំដែន រួមចំណែក​ទប់ស្កាត់​ប​ញ្ហា​គ្រឿងញៀន​
10, Feb 2018 , 8:19 pm        
រូបភាព
ដោយ:
​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៧​មក កម្ពុជា និង​បណ្តា​ប្រទេស​ជាប់​ព្រំដែន បានសម្រេច​បង្កើត​ផែនការ «​ភូមិ​ស​» ដើម្បី​ទប់ស្កាត់​ការ​រាលដាល​គ្រឿងញៀន​នៅតាម​ភូមិ​។ អគ្គលេខាធិការរង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បានលើកឡើង​ពី​ផល​វិជ្ជមាន​នៃ​ការបង្កើន​ផែនការ ភូមិ​ស នេះ ប៉ុន្តែ​លោក​ទទួលស្គាល់ថា ការចូលរួម​របស់​ព​ល​រដ្ឋ​នៅមានកម្រិត​នៅឡើយ​។​

 
«​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ បញ្ហា​គ្រឿងញៀន​មានការ​ថយចុះ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ថោង សុគន្ធា នា​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ ឆ្នាំ​២០១៨ ដោយ​លោក​បាន​បន្ថែមថា ការបង្កើត​ផែនការ​ភូមិ​ស បានរួម​ចំណែក​ផងដែរ​ក្នុងការ​ទប់ស្កាត់​បញ្ហា​សង្គម​មួយ​នេះ​។​
 
​កាលពី​ឆ្នាំ​២០១៦ នា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៅ​ប្រទេស​ថៃ ស្ដីពី​ការទប់ស្កាត់​គ្រឿងញៀន បី​ភាគី កម្ពុជា​-​ឡាវ​-​ថៃ បានសម្រេច​រួមគ្នា​បង្កើត​ផែនការ ភូមិ​ស នៅតាម​បន្ទាត់​ព្រំដែន​។ «​ភូមិ​ស​» ដែល​មានន័យថា ជា​តំបន់​គ្មាន​គ្រឿងញៀន​នៅតាម​ព្រំដែន ត្រូវបាន​អនុវត្ត​សាកល្បង​ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៧ មក​។​
 
​លោក ថោង សុគន្ធា បាន​អះអាងថា គម្រោង​នៃ​ការបង្កើត​ផែនការ​ភូមិ​ស​នេះ​មាន​រយៈពេល​យូរ​មកហើយ ហើយ​ផែនការ​នេះ ទើបតែ​រៀបចំ​ជាក់លាក់ ដាក់​ឲ្យ​អនុវត្ត​សាកល្បង កាលពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧ ដោយ​មិនទាន់បាន​បូកសរុប និង​វាយតម្លៃ​លទ្ធផល​ច្បាស់លាស់​នៅឡើយ​ទេ​។ 
 
​អគ្គលេខាធិការរង អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បន្ថែមថា ចលនា​ចូលរួម​របស់​ពលរដ្ឋ​នៅមានកម្រិត​នៅឡើយ ដែល​តម្រូវ​ឲ្យ​អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច​បន្តធ្វើ​កិច្ចការ​នេះ​ដដែល​។ «​ភូមិ​ស​» មានការ​កំណត់​លក្ខណៈ​សម្បត្តិ ដូចជា គ្មាន​ការដាំដុះ កែច្នៃ ប្រើប្រាស់ ទោះបី​មាន​អ្នកប្រើប្រាស់​នៅក្នុង​ភូមិ​នោះ​ក៏ពិតមែន ប៉ុន្តែ​ស្ថិតក្នុង​ការគ្រប់គ្រង ហើយ​បានទទួល​ការព្យាបាល និង​ធ្វើ​ឲ្យ​ជាប់​រហូត​។​
 
​លោក ថោង សុគន្ធា បាន​លើកឡើងថា​៖ «​យើង​បង្កើត​ផែនការ ភូមិ​ស នៅតាម​ព្រំដែន ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​នាំចូល​គ្រឿងញៀន ហើយ​អ្វីដែល​សំខាន់​នោះ យើង​ចង់​បង្កើន​ការយល់ដឹង​របស់​ពល​រដ្ឋ ឲ្យ​ពួកគាត់​សហការ​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​ជំនាញ​»៕

© រក្សាសិទ្ធិដោយ thmeythmey.com