ពីនេះ ពីនោះ
លប​ម៉ា​ឡេ ឬ​លប​មាត់​១០០ វាយលុក​ផ្ទៃ​ទឹកទន្លេ​សាប​
10, Feb 2018 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​នេះ​ជា​ទិដ្ឋភាព​ដ៏​ស្អេកស្កះ​នៃ​ប៊ីដុង​ទឹក​ប្រភេទ​៣០​លីត្រ ដែល​ប្រជា​នេសាទ​យកមក​ធ្វើជា​កំសួល​ដើម្បី​បណ្តែត «​លប​ម៉ា​ឡេ ឬ លប​មាត់​១០០» ក្នុង​ទន្លេសាប ដែល​សិ្ថ​ត​នៅ​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​ក​ណ្តាល​។


  
​លប​នេះ ត្រូវ​ប្រជា​នេសាទ​នៅក្នុង​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល ហៅ​តៗ​គ្នា​ថា «​លប​ម៉ា​ឡេ ឬ លប​មាត់​១០០» ។ លប​នេះ មាន​ប្រវែង​ជាង​១០ ម៉ែត្រ ចែកចេញជា​កង់ៗ ទំហំ ៤​ស​.​ម គុណ​នឹង ៤​ស​.​ម បន្ត​គ្នា​ជា​ខ្សែ​។ លប​ម៉ា​ឡេ ឬ លប​មាត់​១០០​មួយ​ខ្សែ អាចមាន​សមត្ថភាព​ចាប់​ត្រី​បាន​លើសពី​១០០​គីឡូក្រាម ក្នុង​មួយ​លើក​។ ការនេសាទ​ដោយ​ប្រើ​លប​មាត់​១០០ គឺ​ចំណាយពេល​តិចជាង​ការនេសាទ​ដោយ​ដាក់មង​។ អ្នកនេសាទ​គ្រាន់តែ​យក​វា​ទៅ​ទម្លាក់​ក្នុង​ទឹក ដោយ​ចុង​ម្តា​ង​នៃ​លប ដែលមាន​ចង​កូន​ទម្ងន់​ដើម្បី​វា​ធ្លាក់​ដល់​បាតទន្លេ ឯ​ចុង​ម្ខាង​ទៀត គេ​ចងភ្ជាប់​នឹង​ពី​ដុង​៣០​លីត្រ ធ្វើ​កំសួល​បណ្តែត​លើ​ផ្ទៃ​ទឹក​ជាការ​ស្រេច​។ ដោយសារ​ប្រសិទ្ធភាព និង​ភាពងាយស្រួល​របស់​លប បើ​ប្រៀបធៀប​នឹង​ការនេសាទ​ដោយ​មង ប្រជា​នេសាទ​ម្នាក់​អាចមាន​លប​មាត់​១០០ នេះ ចាប់ពី ៥ ទៅ ២០​ខ្សែ​ឡើងទៅ​បណ្តែត​ក្នុង​ទន្លេសាប​នេះ​។ ត្រី​គោលដៅ​ដែល​លប​មាត់​១០០​នេះ​ចាប់បាន គឺជា​ប្រភេទ​ត្រី​ប្រហុក ពិសេស​ពពួក​ត្រី​រៀល Gymnostomus caudimaculatus, Gymnostomus horai, ត្រី​រៀល​អំពិល Gymnostomus lineatus, ត្រី​រៀល​អង្កាម Gymnostomus lobatus, ត្រី​ផ្កាគ Gymnostomus ornatipinnis, ត្រី​រៀល​តុ​ប Gymnostomus siamensis​។ 
 
​នៅក្នុង​ប្រទេស​កម្ពុ​ជាខ​ណៈ​ពេលដែល​កម្ពស់​ទឹក​ចាប់ផ្តើម​ស្រក​ក្នុង​ខែតុលា ហ្វូង​ត្រី​រៀល ក៏​ចាប់ផ្តើម​ធ្វើចរាចរ​ផ្លាស់​ទី​ជាប្រចាំ​ឆ្នាំ ចេញពី​តំបន់​ព្រៃ​លិច​ទឹក​។ ការធ្វើ​ចរាចរ​នេះ ចេះតែ​កើនឡើង​ច្រើន​ជា​លំដាប់ រហូតដល់​ខែធ្នូ ជាពិសេស​ចេញពី​បឹង​ទន្លេសាប ឆ្ពោះ​ទៅក្នុង​ទន្លេមេគង្គ បន្ទាប់មក ក៏​ធ្លាក់ចុះ​បន្តិច​ម្តងៗ​។ ចាប់ពី​ខែតុលា ដល់​ខែកុម្ភៈ ពពួក​ត្រី​រៀល ធ្វើចរាចរ​ផ្លាស់​ទី​ចេញពី​ស្រុក​មុខកំពូល ខេត្តកណ្តាល មុន​យប់​ថ្ងៃ​ពេញ​បូរ​មី ឆ្លងកាត់​ទន្លេចតុមុខ ភ្នំពេញ ឆ្ពោះទៅ​ល្បាក់ខោន​។ នៅ​ខ្សែទឹក​ខាងលើ​ក្នុង​ខេត្តក្រចេះ វត្តមាន​ត្រី​រៀល​តុ​ប​ដ៏​ច្រើន​លើសលប់ នា​យប់​ថ្ងៃ​ពេញ​បូរ​ណ៍​មី និង​នៅ​សំបូរ ខេត្តក្រចេះ នា​ថ្ងៃ​បន្ទាប់​។ នៅក្បែរ​ល្បាក់ខោន សកម្មភាប​ធ្វើចរាចរ​ផ្លាស់​ទី​របស់​ពពួក​ត្រី​រៀល បន្ត​រហូតដល់​ខែ​មិនា ប៉ុន្តែ​ក្នុង​ខែមេសា វា​ធ្វើចរាចរ​ចុះ​-​ឡើង​ទាំងពីរ​ទិស​។ ចាប់ពី​ខែឧសភា ដល់ក​ក្កដា ខណៈពេលដែល​រដូវវស្សា​ចាប់ផ្តើម ពពួក​ត្រី​រៀល​ធ្វើចរាចរ​ផ្លាស់​ទី​ចុះមក​ខ្សែ​ខាង​ទឹក​ខាងក្រោម ចូលទៅ​តំបន់​ទំនាប​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប និង​ទៅ​តំបន់​ដីសណ្ត​ទន្លេមេគង្គ ក្នុងប្រទេស​វៀតណាម​។

ពពួក​ត្រី​រៀល ត្រូវបាន​គេ​ចាត់ទុកថា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រជា​ជាន​រស់នៅក្នុង​តំបន់​។ ក្នុង​រដូវ​សម្បូរ​ត្រី​បំផុត​ចាប់ពី​ខែតុលា ដល់​ខែកុម្ភៈ ជា​រៀងរាល់ឆ្នាំ នៅតាម​ដង​ទន្លេសាប ប្រជាជន​កម្ពុជា​និយម​យក​ពពួក​ត្រី​រៀល ធ្វើជា​ត្រី​ប្រហុក និង​ត្រីឆ្អើរ ទុក​សម្រាប់​រដូវ​ខ្សត់​ត្រី​។ ទំនប់​វារិ​អគ្គិសនី​នៅតាម​ដង​ទន្លេមេគង្គ អាចជា​ផល​រំខាន​ដល់​វដ្ត​ជីវិត​របស់​ពពួក​ត្រី​ប្រភេទ​នេះ ដែលជា​ប្រភេទ​ត្រី​ធ្វើចរាច​ផ្លាស់​ទី និង​រំលេច​យ៉ាងច្បាស់​ថា ពួកវា​ពឹង​ផ្អែកលើ​លំហូរ​ទឹក និង​គុណភាព​ទឹក​ដើម្បី​សម្រួល​ដល់​ការធ្វើ​ចរាចរ​ផ្លាស់​ទី​របស់​ពួកវា​ដើម្បី​ពង​-​កូន និង​ជា​ជំនួយ​ដល់​ការ​ភ្ញាស់​កូន​ត្រី​ផងដែរ​។​


 
(​អត្ថបទ និង​រូបភាព Chhut Chheana / USAID Wonders of the Mekong).

© រក្សាសិទ្ធិដោយ thmeythmey.com