អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជំនួប​កម្រ​! ប្រធានាធិបតី​កូរ៉េខាងត្បូង​ជួប​ប្អូនស្រី​លោក គីម ជុង​អ៊ុន​
10, Feb 2018 , 10:13 am        
រូបភាព
ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង មូន ចេអ៊ីន ជួបជា​មួយប្រតិភូ​កូរ៉េខាងជើង (រូបភាព៖ Yonhap)
ប្រធានា​ធិបតី​កូរ៉េ​ខាងត្បូង មូន ចេអ៊ីន ជួបជា​មួយប្រតិភូ​កូរ៉េខាងជើង (រូបភាព៖ Yonhap)
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១០ ខែកុម្ភៈ បាន​ជួប​ជាមួយ​ប្រតិភូ​កូរ៉េខាងជើង​ដែល​ចូលរួម​ក្នុង​កម្មវិធី​បើក​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងា​ឆ្នាំ​២០១៨ ។ លោក មូ​ន ចេ​អ៊ី​ន បាន​អង្គុយ​ទល់មុខ​ប្រធានសភា​កូរ៉េខាងជើង គីម យ៉ុង​ណា​ម និង​ប្អូនស្រី​មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោកស្រី គីម យ៉ូ​ចុង នៅឯ​វិមាន​ប្រធានាធិបតី Cheong Wa Dae ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល​។ គេ​មិនទាន់​ពី​ព័ត៌មាន​លម្អិត​ជុំវិញ​ជំនួប​នេះ​នៅឡើយ​ទេ​។​

 
​ប្រតិភូ​កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោក គីម យ៉ុង​ណា​ម និង​អមដំណើរ​ដោយ​លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់លោក គីម ជុង​អ៊ុន បាន​ទៅដល់​កូរ៉េខាងត្បូង​នៅ​រសៀល​ថ្ងៃទី​៩ ខែកុម្ភៈ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​ព្យុង​ឆាង​។ វត្តមាន​លោកស្រី គីម យ៉ូ​ចុង ដែលជា​អនុប្រធាន​គណៈ​ឃោសនា​បក្ស​កាន់អំណាច​កូរ៉េខាងជើង បាន​ទាក់ទាញ​ក្រសែភ្នែក​គេឯង​យ៉ាងខ្លាំង ព្រោះ​ជាម​នុស្ស​ត្រកូល គីម ទីមួយ ដែល​ជាន់​ទឹកដី​កូរ៉េខាងត្បូង​។​
 
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន បាន​ស្វាគមន៍​លោក គីម យ៉ុង​ណា​ម នៅឯ​ពិធីជប់លាង​សម្រាប់​មេដឹកនាំ​ពិភពលោក​ដែល​ចូលរួម​ពិធី​បើក​កី​ឡាំ​អូឡាំពិក​រដូវរងា ដែល​ធ្វើឡើង​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​២៥ ខែកុម្ភៈ​។ លោក មូ​ន ចេ​អ៊ី​ន ក៏បាន​ចាប់ដៃ​ស្វាគមន៍​លោកស្រី គីម យ៉ូ​ង​ចុង ដែលមាន​ទឹកមុខ​រីក​រាយ អំឡុងពេល​កម្មវិធី​បើក​ព្រឹត្តិការណ៍​កាលពី​យប់​ថ្ងៃទី​៩ ក្រោម​អាកាសធាតុ​ត្រជាក់​ក្រោម​សូន្យ​។ ប្រតិភូ​កូរ៉េខាងជើង បាន​អង្គុយ​ពីក្រោម​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ។​
 
​ក្រោយ​បញ្ចប់​កម្មវិធី​បើក​ហើយ​នោះ លោក មូ​ន ចេ​អ៊ី​ន ដែលមាន​នយោបាយ​ទន់​ភ្ល់ន​ដាក់​កូរ៉េ​ខា​ជើង ក៏​បន្ត​ជូ​ប​ពិភាក្សា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ប្រតិភូ​ជាន់ខ្ពស់​កូរ៉េខាងជើង​នៅ​វិមាន​ប្រធានាធិបតី Cheong Wa Dae ទៀត​។ នេះ​ជា​ជំនួប​កម្រ​រវាង​មេដឹកនាំ​កូរ៉េ​ទាំងពីរ​ក្នុង​រយៈពេល​១៨​ឆ្នាំ​។ ទោះជា​លោក គីម យ៉ុង​ណា​ម មិនមែនជា​អ្នកកាន់អំណាច​ពិតប្រាកដ​ក្ដី តែ​លោក​ក៏​ជា​មនុ​ស្សមាន​ឥទ្ធិពល​ខ្លាំង​មួយ​ដែរ​។​
 
​តាមពិតទៅ ការណ៍​ដែល​កូរ៉េខាងជើង​បញ្ជូន​លោកស្រី គីម យ៉ូ​ចុង ទៅកាន់​កូរ៉េខាងជើង​លើក​នេះ ពិតជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ គេ​ជឿថា ស្ត្រី​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​អាច​នាំសារ​របស់​បងប្រុស​ខ្លួន​ទៅ​ឲ្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​។ ក្នុង​ដំណើរ​ទៅ​កូរ៉េខាងត្បូង​លើក​នេះ លោកស្រី គីម យ៉ូ​ចុង បានបង្ហាញ​ទឹកមុខ​រីករាយ និង​ញ​ញឺ​ម​ជាប់​ជានិច្ច​។​
 
​សូមបញ្ជាក់ថា មេដឹកនាំ​កូរ៉េ​ទាំងពីរ​បាន​ជួបគ្នា​ចំនួន​ពីរលើក​រួចហើយ ចាប់តាំងពី​ចប់​សង្គ្រាម​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ មក​។ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង គីម ដេ​ជុង បាន​ជួប​ជាមួយ​អតីត​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ីល ក្នុង​ឆ្នាំ​២០០០ នៅ​ទីក្រុង​ព្យុងយ៉ាង ដែល​នោះ​ជា​ជំនួប​លើកដំបូង​បង្អស់​រវាង​មេដឹកនាំ​កូរ៉េ​។ មកដល់​ឆ្នាំ​២០០៧ អតីត​ប្រធានាធិបតី រ៉ូ មូ​យុន ក៏​ជួប​ជាមួយ​លោក គីម ជុងអ៊ីល ម្ដងទៀត​នៅ​ទឹកដី​កូរ៉េខាងជើង​ដដែល​៕ 

Tag:
 កូរ៉េខាងត្បូង​
  មូ​ន ចេ​អ៊ី​ន​
  គីម យ៉ូ​ចុង
© រក្សាសិទ្ធិដោយ thmeythmey.com