អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន ចាត់ទុក​វិបត្តិ​នយោបាយ​ម៉ា​ល់​ឌី​វ​ជា​រឿង​ផ្ទៃក្នុង ដែល​សហគមន៍​អន្តរជាតិ​មិនគួរ​លូកដៃ​ឡើយ
10, Feb 2018 , 9:39 pm        
រូបភាព
លោក Geng Shuang អ្នកនាំ​ពាក្យក្រ​សួង​ការបរទេស​ចិន (រូបភាព៖ Xinhua)
លោក Geng Shuang អ្នកនាំ​ពាក្យក្រ​សួង​ការបរទេស​ចិន (រូបភាព៖ Xinhua)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​មើលឃើញ​វិបត្តិ​នយោបាយ​របស់​ម៉ា​ល់​ឌី​វ គឺជា​រឿង​ផ្ទៃក្នុង​របស់​ប្រទេស​នោះទេ ។ ក្រុង​ប៉េកាំង ក៏​ចង់ឃើញ​សហគមន៍​អន្តរជាតិ​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​ក្នុងន័យ​ស្ថាបនា ដើម្បី​បញ្ចៀស​ការធ្វើ​ឲ្យ​បញ្ហា​កាន់តែ​សាំញ៉ាំ និង​ធ្ងន់ធ្ងរ​ជាង​មុខ ខណៈ​សហគមន៍​អន្តរជាតិ បាន​ព្រមាន​ពី​ការបាត់បង់​លទ្ធិ​ប្រ​ធានា​ធិបតេយ្យ​ដោយសារ​រដ្ឋាភិបាល​ម៉ា​ល់​ឌី​វ​បច្ចុប្បន្ន ។

 
​សូម​រម្លឹក​បន្តិច​ថា នៅ​សប្តាហ៍​មុននេះ ប្រធានាធិបតី​ម៉ា​ល់​ឌី​វ​លោក  Yameen បានសម្រេច​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រយៈពេល ១៥​ថ្ងៃ ក្រោយ​ពេលដែល​រដ្ឋាភិបាល​របស់លោក​បាន​បដិសេធ​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ​កំពូល ដែល​ទាមទារ​ឲ្យ​ដោះលែង​អ្នកទោសនយោបាយ ប្រាំបួន​រូបនោះ​។​
 
​មិន​ត្រឹមតែ​មិន​អនុវត្តតាម​សេចក្តីសម្រេច​តុលាការ​ប៉ុណ្ណោះ​ទេ ប្រធានាធិបតី​រូបនេះ​ថែមទាំង​បញ្ជា​ឲ្យ​គេ​ចាប់ខ្លួន​ប្រធាន​តុលាការ​កំពូល និង​ចៅក្រម​ម្នាក់ រួមជាមួយ​អតីត​ប្រធានាធិបតី Maumoon Abdul Gayoom ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​បងប្អូន​បង្កើត​ម្តាយ​ទីទៃ​របស់លោក Yameen ផងដែរ​នោះ​។​
 
​ប្រាកដ​ណាស់ ទង្វើ​នេះ មិន​ទទួលបាន​ការគាំទ្រ​ពី​សហគមន៍​អន្តរជាតិ​ឡើយ ។ ជាក់ស្តែង​នោះ ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ទាំង​ឧ​ត្ត​ម​ស្តង​ការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ រួមទាំង​អាមេរិក​ផងដែរ​នោះ បាន​សម្តែង​ការព្រួយបារម្ភ​ខ្លាំង​ពី​ការ​ថយក្រោយ​នៃ​ប្រជាធិបតេយ្យ​ម៉ា​ល់​ឌី​វ និង​ថែមទាំង​ទទូច​ឲ្យ​ប្រមុខ​ម៉ា​ល់​ឌី​វ ធានា​ឡើ់ងវិញ​ពី​ការគោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ទៀតផង ។ 
 
​តែ​សម្រាប់​ចិន​វិញ មិន​ចាត់ទុក​បញ្ហា​នេះ គឺជា​រឿង​ធ្ងន់ធ្ងរ​ដែល​សហគមន៍​អន្តរជាតិ​គួរ​លូកដៃ​ឡើយ ។ នាសន្ន​សីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​៧ កុម្ភៈ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បាន​អះអាងថា អ្វីដែល​កំពុងតែ​កើតឡើង​នៅក្នុង​ម៉ា​ល់​ឌី​វ គឺជា​ផ្ទៃក្នុង​របស់​ប្រទេស​ម៉ា​ល់​ឌី​វ​នោះទេ ហើយ​ភាគី​ពាក់ព័ន្ធ ក៏​គួរតែ​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​កិច្ចសន្ទនា និង​ពិគ្រោះ​យោបល់ ។  
 
​អ្នកនាំពាក្យ​ដដែល​នោះ សង្កត់ធ្ងន់​ដែរ​ថា​៖« សហគមន៍​អន្តរជាតិ ក៏​គួរតែ​ដើរតួនាទី​បែប​ស្ថាបនា​ដោយ​ផ្អែកលើ​គោលការណ៍​នៃ​ការគោរព​អធិបតេយ្យ​របស់​ម៉ា​ល់​ឌី​វ ជំនួស​ដោយសារ​ធ្វើ​ឲ្យ​ស្ថានភាព​កាន់​តែមាន​ភាពស្មុគស្មាញ » ៕ 

Tag:
 ចិន​
  ម៉ា​ល់​ឌី​វ​
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com