កីឡាជាតិ
ជាតិ
NOCC ទទួលបានសិទ្ធិសម្រេចរាល់ការរៀបចំព្រឹត្តិការណ៍កីឡានៅតាមទីសាធារណៈ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC (កណ្តាល)ចូលរួមសន្និសីទសារព័ត៌មានស្ត្រី និងកីឡា រត់កម្សាន្តដើម្បីក្តីស្រលាញ់
× គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)ទទួលបានសិទ្ធិក្នុងការសម្រេចរាល់ការរៀបចំព្រឹត្តិការណ៍កីឡានៅទីសាធារណៈ។ ក្នុងន័យនេះ រាល់ស្ថាប័នរដ្ឋ ឬឯកជនដែលចង់រៀបចំព្រឹត្តិការណ៍កីឡានៅតាមទីសាធារណៈត្រូវសុំការអនុញ្ញាតពី NOCC ជាមុនសិន។ ការប្រគល់សិទ្ធឲ្យស្ថាប័នកីឡាជាអ្នកសម្រេចនេះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ និងកាត់បន្ថយភាពអនាធិបតេយ្យ។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៨ នេះតទៅរាល់ការរៀបចំព្រឹត្តិការណ៍កីឡាមហាជននៅតាមទីសាធារណៈ ជាបន្ទុករបស់ NOCC អ្នកសម្រេច។ ក្នុងន័យនេះ NOCC មានសិទ្ធិអនុញ្ញាត ឬមិនអនុញ្ញាតរាល់ការរៀបចំព្រឹត្តិការណ៍កីឡាមហាជននៅតាមទីសាធារណៈរបសស់ស្ថាប័នរដ្ឋ ឬឯកជននានា។
«NOCC ទទួលសិទ្ធិពីរាជរដ្ឋាភិបាល ត្រួតពិនិត្យនិងចេញលិខិតអនុញ្ញាត ឬមិនអនុញ្ញាតចំពោះការរៀបចំព្រឹត្តិការណ៍កីឡានៅទីធ្លាសាធារណៈទាំងលើទឹក លើគោក និងលើអាកាស។ តាមរយៈសិទ្ធិនេះ NOCC ត្រូវសិក្សាផលប៉ះពាល់ផ្នែកបច្ចេកទេស កីឡាករកីឡាការិនី និងផលប៉ះពាល់ផ្សេងៗទៀត»។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន ក្នុងសន្និសិទ្ធសារព័ត៌មានកីឡានិងស្ត្រីរត់កម្សាន្តអបអរទិវានៃក្តីស្រលាញ់កាលពីថ្ងៃទី៧ កុម្ភៈ នៅទីស្នាក់ការ NOCC។
អគ្គលេខាធិការ NOCC រូបនេះបានបន្តទៀតថា ការណ៍ដែលរាជរដ្ឋាភិបាលប្រគល់សិទ្ធឲ្យ NOCC ជាអ្នកសម្រេចនេះ បន្ទាប់ពីមានភាពអនាធិបតេយ្យមួយចំនួនបានកើតឡើងពាក់ព័ន្ធការរៀបចំកីឡាមហាជននៅតាមទីធ្លាសាធារណៈនាពេលកន្លងមក។ អ្វីដែលសំខាន់ មានស្ថាប័នមួយចំនួនរៀបចំ ទាំងមិនបានសិក្សាពីផលប៉ះពាល់សាធារណៈ ផ្នែកបច្ចេកទេស និងសុវត្ថិភាពកីឡាករកីឡាការិនី។
សម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាបែបមហាជននៅតាមទីសាធារណៈកន្លងមក ស្ថាប័នរៀបចំទាំងនោះគ្រាន់តែសុំការអនុញ្ញាតពីអាជ្ញាធរដែលមានសមត្ថកិច្ចនៅតំបន់ដែលពួកគេរៀបចំតែប៉ុណ្ណោះ។ តែចាប់ពីឆ្នាំ២០១៨តទៅ ទាំងស្ថាប័នរដ្ឋនិងឯកជនដែលមានបំណងរៀបចំព្រឹត្តិការណ៍កីឡាបែបមហាជននៅទីធ្លាសាធារណៈណាមួយ ត្រូវមកសុំការអនុញ្ញាតពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាមុនសិន ដើម្បីឲ្យស្ថាប័ននេះសិក្សាពីផលប៉ះពាល់ផ្សេងៗ៕
© រក្សាសិទ្ធិដោយ thmeythmey.com