ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​២ វិនិយោគ​លើ​ដើម​ចន្ទន៍​ក្រស្នា ក្នុង​ទំហំ​ទឹកប្រាក់​១០០​លាន​ដុល្លារ នៅ​ជំហាន​ដំបូង​
12, Feb 2018 , 7:39 am        
រូបភាព
នាយិការ​ក្រុមហ៊ុនធូប​ចន្ទន៍គ្រឹស្នា​ខ្មែរ លោក ស្រី កែវ សុគន្ធា​ ខាងឆ្វេង
នាយិការ​ក្រុមហ៊ុនធូប​ចន្ទន៍គ្រឹស្នា​ខ្មែរ លោក ស្រី កែវ សុគន្ធា​ ខាងឆ្វេង
ដោយ:
​ភ្នំពេញ​៖ ក្រុមហ៊ុន​ធូប​ចន្ទន៍​ក្រស្នា​ខ្មែរ និង The  First Capital Group (FCG) បាន​សហការ​វិនិយោគ​បង្កើត​រោងចក្រ​បច្ចេកវិទ្យា​ទំនើប ដើម្បី​ចម្រាញ់​ប្រេងចន្ទន៍​ក្រស្នា ហើយ​កែច្នៃ​ជា​ផលិតផល​ផ្សេងៗ សម្រាប់​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ក្នុង​តំបន់ និង​អន្តរជាតិ​។​


​នាយក​ប្រតិបត្តិ​FCG លោក Sean Goh បាន​និយាយថា ក្រុមហ៊ុន​លោក បាន​ត្រៀម​ថវិកា​១០០​លាន​ដុល្លារ សម្រាប់​ការរៀបចំ​គ្រប់គ្រង និង​ថែទាំ​ដើម​ចន្ទន៍​ក្រស្នា ដែលជា​ប្រ​ភេ​ស​ដើមឈើ​ត្រូវការ​បច្ចេកវិទ្យា​ទំនើប​ក្នុង​ថែរក្សា​។ លោក Sean Goh បន្ថែមថា ក្រុមហ៊ុន​លោក មាន​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ថែទាំ ដើម​ចន្ទន៍​ក្រស្នា ហើយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ​។ 
 
​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ ស្ដីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ការគ្រប់គ្រង​ចន្ទន៍​ក្រស្នា រវាង​ក្រុមហ៊ុន​ធូប​ចន្ទន៍​ក្រស្នា​ខ្មែរ និង FCG កាលពី​ថ្ងៃទី​៧ ខែកុម្ភៈ នាយក​ប្រតិបត្តិ FCG រូបនេះ​បានបញ្ជាក់​ដូច្នេះ​ថា​៖««​បេសកម្ម​នេះ គឺ​ជួយ​ដល់​ប្រជាកសិករ​ខ្មែរ និង​ផ្សព្វផ្សាយ​ដើម​ចន្ទន៍​ក្រស្នា​ទៅកាន់​ទីផ្សារ​ពិភពលោក​។ រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ FCG បាន​យកចិត្តទុកដាក់​ប្រឹងប្រែង និង​ផ្ដោតលើ​ការស្រាវជ្រាវ​ផ្នែក​បច្ចេកវិទ្យា ហើយ​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​ដើម្បី​ជា​ជំនួយ ក្នុងការ​ចម្រាញ់​ប្រេង​ពី​ដើម​ចន្ទន៍​ក្រស្នា​នៅ​កម្ពុជា​។ ចំពោះ​ការចំណាយ​ដើ​ន​ទុន​ក្នុងការ​ផ្ស៊ាំ​ដើម​ចន្ទន៍​ក្រស្នា​នៅ​កម្ពុជា ប្រមាណ ១​លាន​ដើម យើង​ត្រៀម​ថវិកា​ចំណាយ​អស់​ទឹកប្រាក់ ១​រយ​លាន​ដុល្លារ ហើយ​រោងចក្រ​ចម្រាញ់​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​»​។
 
​លោកស្រី កែវ សុគន្ធា នាយិកា​ក្រុមហ៊ុន​ធូប​ចន្ទន៍​ក្រស្នា​ខ្មែរ ទទួលស្គាល់ថា ប្រជាកសិករ​ខ្មែរ​ដែល​បាន​ដាំ​ដើម​ចន្ទន៍​ក្រស្នា នៅក្នុង​ខេត្ត​ព្រះសីហនុ កំពត កែប កោះកុង និង​ពោធិ៍សាត់​កន្លងមក ជួប​ផល​លំបាក​ក្នុងការ​ស្វែងរក​ទីផ្សារ ដែល​នាំ​ឲ្យ​ពួកគេ​បោះបង់ចោល​របរ​នេះ​។ ប៉ុន្តែ​លោកស្រី កែវ សុគន្ធា មើលឃើញថា ក្រោយពី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន FCG នេះ ក្រុមហ៊ុន​លោកស្រី នឹង​អាចជួយ​លើកស្ទួយ​ទីផ្សារ​ប្រជាកសិករ ដែល​បាន​បោះបង់​របរ​ដាំ​ដើម​ចន្ទន៍​ក្រស្នា ឲ្យ​ត្រលប់មក​ប្រកប​របរ​នេះ​ឡើងវិញ​។​បើតាម​លោកស្រី សុគន្ធា គម្រោង​វិនិយោគ​លើ​ដើម​ចន្ទន៍​ក្រស្នា គឺជា​ការវិនិយោគ​ធំ​ជា​លើកដំបូង ដែល​ពុំ​ធ្លាប់មាន​កន្លងមក​នៅ​កម្ពុជា​។​
 
​នាយិកា​ក្រុមហ៊ុន​ធូប​ចន្ទន៍​ក្រស្នា​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​ជំរុញ​ទីផ្សារ​ដើម​ចន្ទន៍​ក្រស្នា នៅ​កម្ពុជា ក្រុមហ៊ុន​ធូប​ចន្ទន៍​ក្រស្នា​ខ្មែរ និង​ក្រុមហ៊ុន FCG បាន​សហការគ្នា​បង្កើត​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ចម្រាញ់​ប្រេងចន្ទន៍​ក្រស្នា ដោយ​កែច្នៃ​ផលិតផល​ផ្សេងៗ ពី​ដើម​ចន្ទន៍​ក្រស្នា ហើយ​និង​ធ្វើ​ធុរៈកិច្ច​ផ្សេងៗ​ពាក់ព័ន្ធ​និង​ដើម​ចន្ទន៍​ក្រស្នា​នៅ​កម្ពុជា​។​
 
​គម្រោង​វិនិយោគ​រួមគ្នា​នេះ នឹង​រួមចំណែក​លើកកម្ពស់​កម្រិត​ជីវភាព​ប្រជាកសិករ​ខ្មែរ ដែល​ដាំ​ដើម​ចន្ទន៍​ក្រស្នា ហើយ​កសាង​ទំនុកចិត្ត​របស់​ពួកគាត់​ចំពោះ​ឧស្សាហកម្ម​ចន្ទន៍​ក្រស្នា​នៅ​កម្ពុជា​។ គម្រោង​នេះ នឹង​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ដែល​ស្របតាម​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាពក្រីក្រ​នៃ​រដ្ឋាភិបាល​កម្ពុជា​»​។​
 
​ដើម​ចន្ទន៍​ក្រស្នា អាច​ត្រូវបាន​ផលិត​ជា​ប្រេង​ក្រអូប​ចន្ទន៍​ក្រស្នា ហើយ​បន្ទាប់មក​នឹង​កែច្នៃ​ទៅជា​ទឹកអប់ ប្រេង​ស្ប៉ា និង​ផលិតផល​ម៉ាស្សា ឬ​ផលិតផល​ថែរក្សា​ស្បែក​ជាដើម​។ នេះ​បើតាម​នាយក​ប្រតិបត្តិ​FCG លោក Sean Goh៕

Tag:
 ចន្ទន៍​ក្រស្នា​
  ​កែវ សុគន្ធា​
  ​សៀន ហ្គុ​
© រក្សាសិទ្ធិដោយ thmeythmey.com