អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ជំនួប​កំពូល​មេដឹកនាំ​កូរ៉េ​៖ លោក​គីម ជុង​អ៊ុន ចង់​ជួប​លោក​មូ​ន ចេ​អ៊ី​ន ឲ្យ​បាន​ឆាប់​
10, Feb 2018 , 3:10 pm        
រូបភាព
លោកស្រី គីម យ៉ូចុង ប្រគល់​លិខិត​អញ្ជើញ​របស់​លោក គីម ជុងអ៊ុន ទៅឲ្យ​លោក មូន ចេអ៊ីន ដើម្បី​ទស្សន​កិច្ចនៅ​កូរ៉េ​ខាងជើង (រូបភាព៖ AFP)
លោកស្រី គីម យ៉ូចុង ប្រគល់​លិខិត​អញ្ជើញ​របស់​លោក គីម ជុងអ៊ុន ទៅឲ្យ​លោក មូន ចេអ៊ីន ដើម្បី​ទស្សន​កិច្ចនៅ​កូរ៉េ​ខាងជើង (រូបភាព៖ AFP)
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ឲ្យ​ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ឲ្យ​បាន​កាន់តែ​ឆាប់​។ លិខិតអញ្ជើញ​ត្រូវបាន​ប្រគល់ជូន​ដល់ដៃ​លោក មូ​ន ចេ​អ៊ី​ន ក្នុងជំនួប​ដ៏​កម្រ​ជាមួយ​ប្រតិភូ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ​។ មេដឹកនាំ​កូរ៉េខាងត្បូង​មិនបាន​បដិសេធ​សំណើ​នេះឡើយ តែ​លោក​បានលើកឡើង​ពី​ភាពចាំបាច់​ក្នុងការ​បង្កើត​ស្ថានភាព​សមស្រប​សិន​។​

 
​លោក Kim Eui-kyeom អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង និយាយថា លោកស្រី គីម យ៉ូ​ចុង ប្អូនស្រី​លោក គីម ជុង​អ៊ុន ជា​អ្នក​ប្រគល់​សំបុត្រ​អញ្ជើញ​របស់​បងប្រុស​ទៅ​ឲ្យ​លោក មូ​ន ចេ​អ៊ី​ន ដោយផ្ទាល់​។ លោក មូ​ន ចេ​អ៊ី​ន បាន​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​ដឹកនាំ​ដោយ​លោក គីម យ៉ុង​ណា​ម នៅ​វិមាន​ប្រធានាធិបតី Cheong Wa Dae នៅ​ថ្ងៃទី​១០ ខែកុម្ភៈ មួយថ្ងៃ​ក្រោយ​កម្មវិធី​បើក​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ទីក្រុង​ព្យុង​ឆាង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​បញ្ចប់​ជំនួប លោក Kim Eui-kyeom និយាយ​ដែរ​ថា ក្រៅពី​ប្រគល់​លិខិតអញ្ជើញ​ដែលមាន​អត្ថន័យ​ចង់​រឹតចំណង​អន្តរ​កូរ៉េ​ហើយ​នោះ លោកស្រី គីម យ៉ូ​ចុង ក៏បាន​អញ្ជើញលោក មូ​ន ចេ​អ៊ី​ន ផ្ទាល់មាត់​ថែមទៀត​។ បើតាម​អ្នកនាំពាក្យ​រូបនេះ ប្អូន​ស្ត្រី​ដ៏​មាន​ឥទ្ធិពល​របស់លោក គីម ជុង​អ៊ុន ក៏បាន​ពាំនាំ​សម្ដី​បងប្រុស​ខ្លួន​ដែល​ចង់​ឲ្យ​លោក មូ​ន ទៅ​ទស្សនកិច្ច​តាម​ពេលវេលា​សមស្រប តែ​កាន់តែ​ឆាប់​កាន់តែ​ល្អ​។​
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ទស្សនកិច្ច​លោកស្រី គីម យ៉ូ​ចុង នៅ​កូរ៉េខាងត្បូង ធ្វើឡើង​ក្នុងនាម​ជា​ប្រេសិត​ពិសេស​របស់​មេដឹកនាំ​កូរ៉េខាងជើង មិន​សមាជិក​ប្រតិភូ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​ឡើយ​។ ប្រតិភូ​ចំនួន​២២​នាក់​របស់​ក្រុង​ព្យុងយ៉ាង គឺ​ដឹកនាំ​ដោយ​ប្រធានសភា​លោក គីម យ៉ុង​ណា​ម និង​ជា​ប្រមុខរដ្ឋ​មានតែ​ឈ្មោះ​អត់​អំណាច​។ លោក គីម យ៉ុង​ណា​ម ក៏​ជា​មន្ត្រីជាន់ខ្ពស់​ដំបូង​គេ​របស់​កូរ៉េខាងជើង​ដែល​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង​ដែរ​។​
 
​ជាមួយនឹង​ការអញ្ជើញ​របស់​មេដឹកនាំ​កូរ៉េខាងជើង ប្រធានាធិបតី​កូរ៉េខាងត្បូង​មិនទាន់​ផ្ដល់​ចម្លើយ​ភ្លាម​ឡើយ​។ លោក Kim Eui-kyeom អះអាងថា លោក មូ​ន ចេ​អ៊ី​ន ចង់​ឲ្យ​កូរ៉េ​ទាំងពីរ​បង្កើត​ស្ថានភាព​ចាំបាច់​ជាមុនសិន ទើប​លោក​សម្រេចចិត្ត​ទៅ​ក្រុង​ព្យុងយ៉ាង​តាម​ក្រោយ​។ ក្នុងន័យនេះ លោក មូ​ន ចេ​អ៊ី​ន ដែល​ធ្លាប់​បង្ហាញ​ជំហរ​ចង់ទៅ​កូរ៉េខាងជើង​ដែរនោះ ទំនង​ចង់​ឲ្យ​ក្រុង​ព្យុងយ៉ាង​បញ្ឈប់​សកម្មភាព​បង្កហេតុ​ដូចជា​ការសាកល្បង​នុយក្លេអ៊ែរ ឬ​ការបាញ់​មី​ស៊ី​ល​ជាដើម​។​
 
​ក្នុងករណី លោក មូ​ន ចេ​អ៊ី​ន សម្រេចចិត្ត​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង និង​ជួប​ជាមួយ​លោក គីម ជុង​អ៊ុន មែន នោះ​វា​នឹង​ក្លាយ​ជំនួប​កំពូល​មេដឹកនាំ​កូរ៉េ​លើក​ទី​បី ក្រោយ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ចប់​ក្នុង​ឆ្នាំ​១៩៥៣ និង​លើក​ជាដំបូង​ក្នុង​រយៈពេល​ជាង​១១​ឆ្នាំ​។ ជំនួប​ដំបូង​រវាង​មេដឹកនាំ​កូរ៉េ​កើតឡើង​ក្នុង​ឆ្នាំ​២០០០ រវាង​លោក គីម ដេ​ជុង និង​លោក គីម ជុងអ៊ីល ឯលើ​ក​ទី​ពីរ គឺ​នៅ​ឆ្នាំ​២០០៧ រវាង​លោក រ៉ូ មូ​យុន និង​លោក គីម ជុងអ៊ីល ។ មេដឹកនាំ​ទាំងបី​សុទ្ធតែ​មរណភាព​អស់ហើយ​៕

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  គីម ជុង​អ៊ុន​
  មូ​ន ចេ​អ៊ី​ន​
  គីម យ៉ូ​ចុង
© រក្សាសិទ្ធិដោយ thmeythmey.com