អន្តរជាតិ
នយោបាយអន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ីព្រមានបណ្តេញប៉ូលិសនិងយោធា បើមិនអាចគ្រប់គ្រងភ្លើងឆេះព្រៃក្នុងតំបន់គ្រប់គ្រងខ្លួន ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ (រូបភាព៖ Xinhua)
× ទំនងជាទ្រាំលែងបានជាមួយនឹងបញ្ហាដដែលៗពីមួយឆ្នាំទៅមួយឆ្នាំ នៃការឆេះព្រៃ និងដើម្បីលើកមុខមាត់ប្រទេសក្នុងនាមជាម្ចាស់ផ្ទះ Asian Games ផងដែរនោះ រដ្ឋាភិបាលហ្សាការតា បានព្រមានចាត់វិធានតឹងរឹងទៅលើមន្ត្រីមានសមត្ថកិច្ចរបស់ខ្លួន ប្រសិនមានករណីភ្លើងព្រៃជាថ្មី ហើយពួកគេ មិនអាចគ្រប់គ្រងបានល្អនោះ ។
« ប្រសិនមានភ្លើងឆេះព្រៃនៅក្នុងតំបន់គ្រប់គ្រងរបស់អ្នក (មន្ត្រីប៉ូលិស និងទាហាន) ហើយអ្នកមិនអាចគ្រប់គ្រងវាបាននោះ, អ្នកនឹងត្រូវបណ្តេញចេញពីការងារហើយ ។ ខ្ញុំ នឹងហៅមេប៉ូលិស ឬទាហានដើម្បីបណ្តេញអ្នកចេញ »។ នេះគឺជាសេចក្តីការណ៍ព្រមានរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន The Jakarta Globe នៅថ្ងៃ ៧ កុម្ភៈ។
តាមប្រភពព័ត៌មានដដែលនោះ លោកប្រធានាធិបតី ក៏បានទទួលស្គាល់ពីការថយចុះនៃភ្លើងឆេះព្រៃ ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ។ ក៏ប៉ុន្តែ លោក ទទូចឲ្យមន្ត្រីក្រោមឱវាទទាំងនោះ បន្តការងារនោះឲ្យកាន់តែល្អថែមទៀត ដ្បិតកន្លងមក លោក អះអាងថា លោក ពិតជាពិបាកក្នុងការប្រឈមជាមួយនឹងមេដឹកនាំជិតខាង ។
មួយវិញទៀតនោះ នៅខែសីហា ឆ្នាំ ២០១៨ នេះ ឥណ្ឌូណេស៊ី ក៏នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃ កីឡា Asian Games ផង ។ បើមានភ្លើងឆេះព្រៃ និងបង្កជាអព្ទពាសពេញអាកាស នោះឥណ្ឌូណេស៊ី នឹងត្រូវអាប់ឱនកេរ្តិ៍ចំពោះមុខ បណ្តាប្រទេសចូលរួមជាក់ជាពុំខានហើយ ។
លោកប្រធានាធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា៖« នៅឆ្នាំ២០១៥ រាល់ពេល ដែលខ្ញុំ បានជួបនាយករដ្ឋមន្ត្រីសិង្ហបុរី និងម៉ាឡេស៊ី, ខ្ញុំ តែងតែទទួលបានការត្អូញត្អែរអំពីអព្ទ ដែលបណ្តាលមកពីភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី ។ ក៏ប៉ុន្តែ ពួកគាត់ ក៏បានទទួលស្គាល់ពីកិច្ចប្រឹងប្រែងរបស់យើងក្នុងឆ្នាំ២០១៦ និង២០១៧កន្លងទៅផងដែរ ។ តែយ៉ាងណា ខ្ញុំ សូមទទូចឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់បំពេញការងារឲ្យបានល្អសម្រាប់ការដំណើរឲ្យបានរលូននៃ កីឡា Asian Games ។ កុំធ្វើឲ្យព្រឹត្តិការណ៍នេះ ត្រូវបំផ្លាញដោយអព្ទ និងភ្លើងឆេះព្រៃឲ្យសោះ » ។
គួរជម្រាបផងដែរថា ជារៀងរាល់ឆ្នាំ ឥណ្ឌូណេស៊ី តែងតែជួបនឹងបញ្ហាភ្លើងឆេះព្រៃជានិច្ច ដែលភាគច្រើនបណ្តាលមកពីការធ្វើអាជីវកម្មខុសច្បាប់ ។ អ្វីដែលគួរឲ្យបារម្ភនោះ រាល់ពេលមានភ្លើងឆេះព្រៃនោះ វា បានបង្កឡើងជាអព្ទពាសពេញអាកាសទាំងប្រទេសឥណ្ឌូណេស៊ីខ្លួនឯងផង ទាំងនៅលើអាកាសរបស់ប្រទេសជិតខាងរួមមានម៉ាឡេស៊ី និងសិង្ហបុរីផង ៕
Tag:
ឥណ្ឌូណេស៊ី
Asian Games
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com