អន្តរជាតិ
នយោបាយអន្តរជាតិ
ឌូទើតេ ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិមិនអាចកាត់ទោសលោកបានឡើយ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព៖ AFP)
× មួយថ្ងៃក្រោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចផ្តើមនីតិវិធីពិនិត្យ និងវាយតម្លៃជាបឋមទៅលើករណីសង្គ្រាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ បានអះអាងថា លោកមិនស្ថិតក្រោមយុត្តាធិការរបស់តុលាការនេះឡើយ។ ICC ចង់ស៊ើបអង្កេតការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ដែលតាមរបាយការណ៍នានាបង្ហាញថា មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់។ ប៉ុន្តែលោក ឌូទើតេ និយាយថា ច្បាប់ក្នុងស្រុកមិនបានចែងជាក់លាក់ពីករណីនេះទេ។
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ មិនមានការព្រួយបារម្ភឡើយ បន្ទាប់ពីអគ្គរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកស្រី Fatou Bensouda នៅថ្ងៃទី៨ កុម្ភៈ បានប្រកាសបើកការពិនិត្យវិនិច្ឆ័យជាបឋមនៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក។ លោក ឌូទើតេ បានរិះគន់អគ្គរដ្ឋអាជ្ញាអន្តរជាតិជាខ្លាំង និងបានគំរាមជាថ្មីម្ដងទៀតថា ហ្វីលីពីនអាចដើរចេញពីតុលាការព្រហ្មទណ្ឌអន្តរជាតិមិនខាន។
ថ្លែងក្នុងកម្មវិធីមួយនៅទីក្រុង Davao នៅថ្ងៃទី៩ ខែកុម្ភៈ លោក ឌូទើតេ បានទទួលស្គាល់ថា រដ្ឋាភិបាលហ្វីលីពីនជំនាន់មុនពិតជាផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងដែលបង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិពិតមែន តែមិនបានបញ្ចូលកិច្ចព្រមព្រៀងដដែលនេះ ទៅក្នុងច្បាប់ប្រទេសឡើយ។ ក្នុងន័យនេះ ប្រធានាធិបតីហ្វីលីពីនរូបនេះបញ្ជាក់ថា គ្មានបញ្ញត្តិណាមួយចែងពីការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការឡើយ ដូចនេះ ICC ក៏មិនចោទរូបលោកពីបទឧក្រិដ្ឋបានដែរ។
ជុំវិញសំណុំរឿងនេះ លោកស្រីរដ្ឋអាជ្ញាខាងលើ អះអាងថា មានរបាយការណ៍ជាច្រើនដែលបង្ហាញថា មនុស្សរាប់ពាន់នាក់ ត្រូវបានសម្លាប់គិតចាប់ពីថ្ងៃទី០១ កក្កដា ឆ្នាំ ២០១៦ ក្រោមហេតុផលពាក់ព័ន្ធទៅនឹងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ។ ជាពិសេសនោះ វាក៏មានការរាយការណ៍ ពីការសម្លាប់ក្រៅប្រព័ន្ធតុលាការ ក្រោមប្រតិបត្តិការរបស់ប៉ូលិសទៀតផង ។ បើតាមទិន្នន័យប៉ូលិសហ្វីលីពីន ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនជិតបួននាក់ ត្រូវបានសម្លាប់។
ការផ្តើមនីតិវិធីពិនិត្យ និងវាយតម្លៃជាបឋមលើករណីគ្រឿងញៀនពីសំណាក់រដ្ឋអាជ្ញា ICC ធ្វើឲ្យហ្វីលីពីនក្លាយជារដ្ឋអាស៊ីអាគ្នេយ៍ទីមួយ ដែលត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិស៊ើបអង្កេត។ លោក ឌូទើតេ បានប្រតិកម្មយ៉ាងខ្លាំងនឹងរឿងនេះ ព្រោះករណីឧក្រិដ្ឋកម្មក៏កើតឡើងនៅរដ្ឋអាស៊ីផ្សេងទៀតដែរ។ លោកនិយាយថា ការសម្លាប់រង្គាលកើតមានច្រើនណាស់នៅអាស៊ី បែរជាតុលាការចោទលោកម្នាក់ទៅវិញ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្នុងកម្មវិធីដោយឡែកមួយទៀត ប្រធានធិបតីហ្វីលីពីនដែលតែងប្រើពាក្យអសុរោះវាយបកលើអ្នករិះគន់ បានគំរាមដើរចេញពីតុលាការអន្តរជាតិទៅទៀត។ លោកបានព្រមានលោកស្រីរដ្ឋអាជ្ញា ICC ចំៗថា លោកស្រីនឹងទទួលកម្មផលមិនខាន។ នីតិវិធីបឋមរបស់ ICC ខាងលើ នឹងជួយរដ្ឋអាជ្ញាកំណត់ថា ករណីនេះធ្លាក់ចូលយុត្តាធិការតុលាការឬអត់។ នីតិវិធីនេះអាចឈានដល់ការស៊ើបអង្កេតពេញលេញ និងការចោទប្រកាន់ផ្លូវការតែម្ដង៕
Tag:
ហ្វីលីពីន
ICC
រ៉ូឌ្រីហ្គោ ឌូទើតេ
© រក្សាសិទ្ធិដោយ thmeythmey.com