ជាតិ
សង្គមជាតិ
ស្ថាប័នគ្រប់គ្រងចរាចរណ៍ផ្លូវគោក ប្រាប់ឲ្យអ្នកបើកបរ ប្រុងប្រយ័ត្ន ក្នុងពិធីបុណ្យចូលឆ្នាំចិន
× ភ្នំពេញ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអំពាវនាវឲ្យប្រជាពលរដ្ឋទូទៅ គោរពច្បាប់ចរាចរណ៍ ក្នុងការបើកបរ ដូចជា គោរពសិទ្ធិអាទិភាពគ្នា, ពាក់ខ្សែក្រវាត់ការពារ, ពាក់មួយសុវត្ថិភាព, បើកបរក្នុងល្បឿនកំណត់ និងមិនបើកបរក្នុងស្ថានភាពស្រវឹង ជាដើម។ សេចក្ដីអំពាវនាវខាងលើ ចុះហត្ថលេខាដោយសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២0១៨។
សេចក្ដីអំពាវនាវខាងលើ បន្តថា អ្នកបើកបរ ត្រូវដឹកទំនិញ ឬអ្នកដំណើរតាមច្បាប់កំណត់ ព្រមទាំងបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច និងយោគយល់គ្នា។ សេចក្តីអំពាវនាវ បានបញ្ជាក់បែបនេះថា៖«ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ខាងមុខនេះ អ្នកប្រើប្រាស់ផ្លូវ ត្រូវគោរពច្បាប់»។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តែងតែមានកំណើនខ្ពស់ រាល់ឱកាសពិធីបុណ្យផ្សេងៗ ដែលបណ្ដាលឲ្យមានកំណើនជនគ្រោះ និងមានការខូចខាតទ្រព្យសម្បត្តិជាច្រើន។ តាមរយៈសេចក្តីអំពាវនាវ ស្ថាប័នគ្រប់គ្រងចរាចរណ៍ផ្លូវគោកនេះ បានលើកឡើងថា៖«ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍ គឺបណ្ដាលមកពីបើកយានយន្តមិនគោរច្បាប់ ឬធ្វេសប្រហែស ដូចជា បើកបរលើសល្បឿនកំណត់ ក្នុងស្ថានភាពស្រវឹង មិនគោរពសិទ្ធិអាទិភាព មិនពាក់មួកសុវត្ថិភាព ការវ៉ាប្រជែងទាំងប្រថុយប្រថាន ការដឹកទំនិញ ឬអ្នកដំណើរលើសកំណត់ជាដើម»។
ស្រមគ្នានេះផងដែរ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីណែនាំ ស្ដីពី កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម និងកូរ៉េ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១៥ ដល់១៨ ខែកុម្ភៈ ឆ្នាំ២0១៨។
អគ្គស្នងការនគរបាលជាតិ បានសង្កត់ធ្ងន់ក្នុងសេចក្តីណែនាំថា ប្រធាននាយកដ្ឋាន ប្រធានអង្គភាព និងស្នងការរាជធានី-ខេត្ត ត្រូវពង្រឹងនូវវិធានការ ដើម្បីធានាស្ថិរភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។ អគ្គស្នងការនគរបាលជាតិ ណែនាំដូច្នេះថា៖«ត្រូវប្រមូលផ្ដុំកម្លាំង និងមធ្យោបាយប្រចាំ ដើម្បីត្រៀមចេញអន្តរាគមន៍ពន្លត់ ហើយនិងសង្គ្រោះហេតុការណ៍អគ្គិភ័យ ដែលអាចកើតមានជាយថាហេតុ ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម»៕
Tag:
ស ខេង
ចូលឆ្នាំចិន
ចរាចរណ៍
នេត សាវឿន
© រក្សាសិទ្ធិដោយ thmeythmey.com