អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីតាលី ចង់​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជិតស្និទ្ធ​ជាមួយ​អាស៊ាន
11, Feb 2018 , 4:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីតាលី Angelino Alfano (រូបភាព៖ AFP)
រដ្ឋមន្រ្តីការបរទេសអ៊ីតាលី Angelino Alfano (រូបភាព៖ AFP)
ដោយ:
​ប្រមុខ​ការទូត​អ៊ីតាលី បាន​ថ្លែង​សុទិដ្ឋិនិយម​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាមួយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ។ អ៊ីតាលី ក៏មាន​គម្រោង​ក្នុង​ការជួប​ជាមួយនឹង​ប្រទេស​អាស៊ាន​ដើម្បី​ជំរុញ​ទំនាក់ទំនង​ភាគី​ទាំងពីរ​ឲ្យ​កាន់​ស៊ីជម្រៅ​ទៀតផង ។


​លោក​រដ្ឋមន្ត្រីការបរទេស​អ៊ីតាលី នៅ​ថ្ងៃទី ១០ កុម្ភៈ បាន​ថ្លែង​ក្នុងជំនួប​ជាមួយនឹង​សម​ភាគី​ថៃ លោក​រដ្ឋមន្ត្រី Don Pramudwinai ថា អ៊ីតាលី នឹង​ព្យាយាម​បង្កើន និង​ជំរុញ​ទំនាក់ទំនង​ជាមួយនឹង​អាស៊ាន​លើ​វិស័យ​ពាណិជ្ជកម្ម ហើយ​រដ្ឋាភិបាល​អ៊ីតាលី នឹង​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​ដែលជា​កិច្ចសន្ទនា​ជាន់ខ្ពស់​អ៊ីតាលី​-​អាស៊ាន​មួយ​នៅ​ខែមេសា​ខាងមុខ ។ នេះ​បើ​យោងតាម​សារព័ត៌មាន Express India ។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល ប្រមុខ​ការទូត​អ៊ីតាលី ដែល​ទើបតែ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​មកកាន់​រដ្ឋ​អាស៊ាន​បី​ប្រទេស​រួមមាន សិង្ហ​បុរី ឥណ្ឌូណេស៊ី និង​ថៃ បាន​អះអាងថា លោក ពិតជា​មានការ​ពេញចិត្ត​ជាខ្លាំង​ក្នុងការ​ជជែក​ពី​សហប្រតិបត្តិការ​នយោបាយ និង​ធុរកិច្ច​ជាមួយនឹង​ប្រទេស​អាស៊ាន​ទាំងបី ហើយ អ៊ីតាលី ក៏មាន​ការប្តេជ្ញាចិត្ត​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​អាស៊ាន​បន្ថែមទៀត​ផងដែ​រ ។​
 
​គួរ​ជម្រាប​ផងដែរ​ថា អាស៊ាន ដែលមាន​សមាជិក​សរុប​ទាំងអស់​ដប់​ប្រទេស រួមមាន ព្រុយ​ណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម មាន​ប្រជាជន​សរុប​ទាំងអស់ ជាង​៦០០ លាន​នាក់ ដែល​ស្មើនឹង​ផលិតផល​សរុប ជាង ២ ទ្រី​លាន​ដុល្លារ ។ 
 
​ការអភិវឌ្ឍ​នៃ​អង្គការ​ក្នុង​តំបន់​មួយ​នេះ បាននិងកំពុង​តែ​ទាក់ទាញ​ដៃគូ​កាន់តែច្រើន​ពី​បណ្តា​ប្រទេស​ក្នុង និង​ក្រៅ​តំបន់ ។ មកទល់ពេលនេះ អាស៊ាន មាន​ដៃគូ​សន្ទនា​របស់ខ្លួន​ដប់​ភាគី រួមមាន អូស្ត្រាលី កាណាដា ចិន សហភាព​អឺរ៉ុប ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ណូ​វែ​ល​ហ្សេ​ឡង់ រុស្ស៊ី និង​អាមេរិក ៕ 

ប្រភពដើម​៖ http://indianexpress.com/
 

Tag:
 អ៊ីតាលី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com