អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​សិទ្ធិមនុស្ស ទទូច​ឲ្យ​ប៉ូលិស​និង​ស្ថាប័ន​យុត្តិធម៌​ហ្វីលីពីន​សហការ​ជាមួយ ICC វិនិច្ឆ័យ​លើ « សង្គ្រាម​គ្រឿងញៀន​ឌូ​ទើ​តេ »
11, Feb 2018 , 9:19 pm        
រូបភាព
លោក Jose Luis Gascon ប្រធាន​​​គណៈ​​​កម្មការ​​សិទ្អិ​មនុស្ស​ហ្វីលីពីីន (រូបភាព៖ AFP)
លោក Jose Luis Gascon ប្រធាន​​​គណៈ​​​កម្មការ​​សិទ្អិ​មនុស្ស​ហ្វីលីពីីន (រូបភាព៖ AFP)
ដោយ:
​សកម្មជន​អង្គការសិទ្ធិមនុស្ស​ហ្វីលីពីន បានប្រកាស​ត្រៀម​សហការ​ជាមួយនឹង​តុលាការ​ព្រហ្មទណ្ឌកម្ម​អន្តរជាតិ ដើម្បី​ពិនិត្យ និង​វិនិច្ឆ័យ​លើ​សង្គ្រាម​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ ។ ក្រុម​សិទ្ធិមនុស្ស​ក្នុងស្រុក​នេះដែរ ក៏បាន​ទទូច​ឲ្យ​ស្ថាប័ន​សាធារណៈ​របស់​ហ្វីលីពីន​ចូលរួម​ក្នុង​នីតិវិធី​ផងដែរ ។

 
«​ស្នងការ​សិទ្ធិមនុស្ស បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុង​ការជួយ​សម្រួល​មធ្យោបាយ​នានា​ជាមួយនឹង​ក្រុមការងារ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ប្រសិនបើ​មាន​សំណើ​ពី​តុលាការ ។ រដ្ឋាភិបាល​ហ្វីលីពីន ក្នុងនាម​ជា​ភាគី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម ត្រូវ​មានការ​កាតព្វកិច្ច​សហការ​ជាមួយនឹង ICC»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​ប្រធាន​សិទ្ធិមនុស្ស​ប្រចាំ​ហ្វីលីពីន លោក Jose Luis Gascon នៅ​ថ្ងៃទី​១០ កុម្ភៈ  ។ 
 
​តាម​ភ្នាក់ងារ​ព័ត៌មាន AFP ប្រធាន​សិទ្ធិមនុស្ស​រូបនេះ ក៏បាន​ថ្លែង​សំណូមពរ​សុំ​កិច្ចសហការ​ជាមួយនឹង​ស្ថាប័ន​ប៉ូលិស ក៏ដូចជា​ក្រសួងយុត្តិធម៌​ហ្វីលីពីន​ដើម្បី​ធ្វើការ​រួមគ្នា​ជាមួយនឹង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅក្នុង​ដំណាក់​ពិនិត្យ​ជាបឋម ថា​តើ​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គី ឌូ​ទើ​តេ ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ប្រឆាំង​មនុស្សជាតិ តាមរយៈ​សង្គ្រាម​គ្រឿងញៀន​របស់លោក​ឬ​យ៉ាងណា ។ 
 
​សេចក្តីថ្លែងការណ៍​រប​ស់​ប្រធាន​សិទ្ធិមនុស្ស​រូបនេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋអាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ថ្ងៃ​៨ កុម្ភៈ បានប្រកាស​ជា​ផ្លូវការ​ក្នុងការ​ពិនិត្យ និង​វិនិច្ឆ័យ​ជាបឋម​លើ​សកម្មភាព​ពាក់ព័ន្ធរ​បស់​លោក​ឌូ​ទើ​តេ​នៅក្នុង​យុទ្ធនាការ​លុបបំបាត់​គ្រឿងញៀន ដែល​លោក​ប្រធានាធិបតី ហៅថា សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​នោះ ។​
 
​បញ្ហា​នេះ មិនបាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​ហ្វីលីពីន ឌូ​ទើ​តេ មានការ​តក់ស្លុត​អ្វី​ឡើយ ដ្បិត​កន្លងមក លោក តែងតែ​អះអាង​ហើយ​ថា គ្រប់យ៉ាង​ដែល​លោក​បានធ្វើ​តាមរយៈ​សង្គ្រាម​គ្រឿងញៀន​នោះ គ្រាន់តែ​ដើម្បី​ឲ្យ​ក្មេងជំនាន់ក្រោយ ត្រូវ​បាត់បង់​អនាគត​របស់​ពួកគេ​ដោយសារតែ​គ្រឿងញៀន ។ តប​នឹង​ការ​នឹង​ការប្រកាស​របស់​រដ្ឋអាជ្ញា លោក ឌូ​ទើ​តេ បានលើកឡើង​ជាថ្មី​ពី​លទ្ធភាព​របស់លោក​ក្នុង​ការនាំ​ហ្វីលីពីន ចេញពី​តុលាការ​ព្រហ្មទណ្ឌ​ទៀតផង ៕ 

Tag:
 ICC
© រក្សាសិទ្ធិដោយ thmeythmey.com