ជាតិ
​​​ន​យោ​បាយ​ជាតិ​
មានតែ​បក្ស​ប្រជាជន​ទេ ដែល​ធ្វើ​យុទ្ធនា​ការរក​សំឡេងគាំទ្រ សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​
12, Feb 2018 , 11:03 am        
រូបភាព
គណបក្សប្រជាជនកម្ពុជា រៀបចំពិធីបើកយុទ្ធនាការឃោសនារកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤។ រូបភាពពីគណនីហ្វេសបុក Heng Sour
គណបក្សប្រជាជនកម្ពុជា រៀបចំពិធីបើកយុទ្ធនាការឃោសនារកសំឡេងគាំទ្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤។ រូបភាពពីគណនីហ្វេសបុក Heng Sour
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ ដែល​ប្រព្រឹត្តទៅ​អស់​រយៈពេល​ពីរ​-​បី​ថ្ងៃ​មកនេះ ហាក់​មាន​ភាព​ស្ងៀមស្ងាត់​។ គេ សង្កេតឃើញថា ការឃោសនា​នេះ មិនសូវ​អធិកអធម និង​មិនសូវ​ឮ​សំឡេង​កងរំពង​តាម​ឧ​គ្ឃោ​សន​សព្ទ លើ​ដងផ្លូវ​ប៉ុន្មាន​ទេ​។



​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត (​គ​.​ជ​.​ប​) វាយតម្លៃថា ការឃោសនា​នេះ ប្រព្រឹត្ត​ទៅដោយ​ស្ថិរភាព និង​គ្មាន​អំពើហិង្សា​។ បើតាម គ​.​ជ​.​ប មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយគត់ ដែល​ដង្ហែ​ក្បួន​ឃោសនា​ទ្រង់ទ្រាយ​ធំ នៅ​ខេត្តស្វាយរៀង ដោយមាន​អ្នកចូលរួម​ជាង​៥០០​នាក់​។​

​គ​.​ជ​.​ប អះអាងថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានត្រឹមតែ​ប្រជុំ​ផ្សព្វផ្សាយ​គោលនយោបាយ នៅតាម​ទីស្នាក់ការ​គណបក្ស​រប​ស់​ខ្លួន​មួយចំនួន​ប៉ុណ្ណោះ​។ ឯ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា នៅ​ពុំទាន់​ធ្វើ​សកម្មភាព​អ្វី​ឡើយ​។

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​៤ បាន​ចូលរួម​ប្រកួតប្រជែង គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា​។

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា គឺជា​ការបោះឆ្នោត​អសាកល​។ ដូច្នេះ អ្នកមាន​សិទ្ធិ​បោះឆ្នោត (​អង្គ​បោះឆ្នោត​) គឺជា​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​តំណាងរាស្ត្រ ឯ​ប្រជាពលរដ្ឋ​ទូទៅ មិនអាច​ចូលរួម​ក្នុងការ​បោះឆ្នោត​នេះឡើយ​។ អង្គ​បោះឆ្នោត សម្រាប់​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ក្នុង​អាណត្តិ​នេះ មាន​ជាង​១​ម៉ឺ​នាក់​។

​គណបក្ស​ប្រជាជន​កម្ពុជា មាន​អង្គ​បោះឆ្នោត ច្រើនជាងគេ​។ ដូច្នេះ គេ សន្និដ្ឋានថា គណបក្សកាន់អំណាច​នេះ នឹង​ទទួលបាន​សំឡេងឆ្នោត​ច្រើនជាងគេ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​។

​បច្ចុប្បន្ន គណបក្ស ដែល​កំពុង​កាន់កាប់​អាសនៈ​ក្នុង​ព្រឹទ្ធសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ភ្លើងទៀន ដែល​ពីមុន​មាន​ឈ្មោះថា គណបក្ស សម រង្ស៊ី​។ ប៉ុន្តែ គណបក្ស​ភ្លើងទៀន ដែល​បង្កើតឡើង​ដោយ​លោក សម រង្ស៊ី  មិន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នា​អាណត្តិ​ទី​៤​នេះ ឡើយ​៕


Tag:
 ​ឃោសនា​
  បោះឆ្នោត​
  ព្រឹទ្ធសភា​
  គជប
© រក្សាសិទ្ធិដោយ thmeythmey.com