ជាតិ
សម្តេច ហ៊ុន សែន រិះគន់​មន្ត្រី​ដែល​មិន​យក​ច្បាប់​ទៅ​អនុវត្ត បែរជា​រង់ចាំតែ​បទបញ្ជា​
13, Feb 2018 , 10:20 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មកដល់ពេលនេះ បញ្ហា​ទន់ខ្សោយ​នៃ​ការអនុវត្ត​ច្បាប់ របស់​មន្ត្រី​រដ្ឋាភិបាល នៅតែ​កើតមាន​។ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មើលឃើញថា មន្ត្រី​ភាគច្រើន រង់ចាំ​អនុវត្ត​បទបញ្ជា​ពីស​ម្ដេច ជាង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹង​ទៅវិញ​។ សម្ដេច ហ៊ុន សែន បាន​លើក​ទិដ្ឋភាព​ជាក់ស្ដែង ដែល​មន្ត្រី​រដ្ឋាភិបាល​បិទ​ភ្នែក​ឲ្យ​ឡាន​កែច្នៃ​(​ត​ទ្រុង​) ចរាចរណ៍​លើ​ដងផ្លូវ​នានា​ក្នុង​ទូទាំងប្រទេស​កម្ពុជា មុននឹង​សម្ដេច​ចេញ​បញ្ជា​ឲ្យ​ចាត់វិធានការ​។​



​ប្រមុខ​រដ្ឋាភិបាល បាន​និយាយថា ករណីនេះ​ជា​រឿង​ដែល​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវ​ចាត់វិធានការ​ជា​យូរណាស់​មកហើយ ដោយ​មិនមែន​ទុក​ឲ្យ​នាយករដ្ឋមន្ត្រី ចេញ​បញ្ជា​ទើប​នាំគ្នា​មូល​មីរ​អនុវត្ត​នោះទេ​។ ក្នុងន័យនេះ​នាយករដ្ឋមន្ត្រី ចង់​ឲ្យ​មន្ត្រី​ប្រឹងប្រែង​អនុវត្ត​ច្បាប់​ល្អ​ជាង​រង់ចាំ​បញ្ជា​សម្ដេច​។​

​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត សាកលវិទ្យាល័យ​វេ​ស្ទើ​ន នៅ​ព្រឹក​ថ្ងៃទី​១៣ កុម្ភៈ​នេះ សម្ដេច ហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា​៖«​មន្ត្រី​យើង​មិន​អនុវត្ត​ច្បាប់ ចាំតែ​អនុវត្តតាម​បទបញ្ជា​នាយករដ្ឋមន្ត្រី ទាល់​តែមាន​បទបញ្ជា​ទើប​នាំគ្នា​ធ្វើ​…​។ ហើយ​បើ​ឈប់​និយាយ ចាំមើល​ការអនុវត្ត​ច្បាប់​នេះ នឹង​កើត​ជំងឺ​ឡប់​មកវិញ​»​។

អត្ថបទទាក់ទង


​កាលពីពេល​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល បានចេញ​បញ្ជា​ឲ្យ​មន្ត្រី​ចាត់​វិធាន​លើ​រថយន្ត​ដឹកទំនិញ​ធំៗ ដែល​កែច្នៃ​ខុសច្បាប់ (​ត​ទ្រុង​) ដោយ​តម្រូវ​ឲ្យ​កាត់​ចំណុច​កែច្នៃ មុននឹង​ផាកពិន័យ​។ បើតាម​សម្ដេច ត្រឹម​រយៈពេល​៣​ថ្ងៃ នៃ​ការអនុវត្ត​ច្បាប់ លើ​រថយន្ត​កែច្នៃ​នេះ មាន​រថយន្ត​ខុស​បច្ចេកទេស​មិនតិចជាង​៥០០​គ្រឿង​ឡើយ​។ បន្ថែម​ពីនេះ​សម្ដេច ប្រាប់​ឲ្យ​មន្ត្រី​ទាំងអស់ ចាត់វិធានការ​លើ​កន្លែង​ទទួល​កែច្នៃ​រថយន្ត​ខុស​បច្ចេកទេស​នេះ​ផងដែរ​៕


Tag:
 ​ហ៊ុន សែន​
 ​ ឡាន​កែច្នៃ​
© រក្សាសិទ្ធិដោយ thmeythmey.com