កីឡាអន្តរជាតិ
អន្តរជាតិ
អូឡាំពិកព្យុងឆាង៖ កីឡាករជប៉ុនម្នាក់ រកឃើញថាមានផ្ទុកសារធាតុហាមឃាត់មុនគេ
× កីឡាករ Kei Saito របស់ជប៉ុនត្រូវបានធ្វើតេស្តរកឃើញថាបានប្រើប្រាស់សារធាតុហាមឃាត់ដំបូងគេបង្អស់នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ២០១៨ នៅទីក្រុងព្យុងឆាង (Pyeongchang 2018 Winter Olympic Games) ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការឲ្យដឹងពីតុលាការមជ្ឈត្តកម្មកីឡា (CAS) ដែលបានប្រកាសនៅថ្ងៃអង្គារទី ១៣ ខែកុម្ភៈនេះ។
កីឡាករប្រណាំងស្គីលើទឹកកក (short-track speed skater) វ័យ២១ឆ្នាំ ត្រូវបានអាជ្ញាធរត្រួតពិនិត្យរកឃើញថារូបគេបានប្រើថ្នាំបញ្ចុះទឹកនោម Acetalozamide ហើយត្រូវក្រុមភ្នាក់ងារហាមឃាត់ចូលរួមប្រកួតប្រជែងតែម្តង។
CAS បាននិយាយថា Saito បានសម្រេចចាកចេញពីភូមិអូឡាំពិកដោយខ្លួនឯង ហើយរូបគេក៏ត្រូវផ្អាកបណ្ដោះអាសន្នពីកីឡាអូឡាំពិកនេះ រួមទាំងការប្រកួតដទៃទៀត ដោយរង់ចាំការស៊ើបអង្កេតឲ្យបានច្បាស់លាស់សិន។
ជុំវិញរឿងនេះ គណៈកម្មាធិការអូឡាំពិកជប៉ុន បានលើកឡើងដែរថា នេះជាករណីដ៏កម្រមួយសម្រាប់អត្តពលិកជប៉ុន ហើយក៏ជាលើកដំបូងផងដែរសម្រាប់ប្រទេសខ្លួននៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ។
Saito ដែលជានិស្សិតផ្នែកជីវសាស្ត្រនៃសកលវិទ្យាល័យមួយនៅប្រទេសជប៉ុន មានប្អូនស្រីរបស់គេម្នាក់ឈ្មោះ Hitomi ក៏កំពុងប្រកួតប្រជែងនៅទីក្រុងព្យុងឆាងនេះដែរ៕
Tag:
កីឡាអូឡាំពិក
Kei Saito
ប្រណាំងស្គីលើទឹកកក
© រក្សាសិទ្ធិដោយ thmeythmey.com