អន្តរជាតិ
ស្វាមី​មហាក្សត្រី​យា​នី​ដា​ណឺ​ម៉ាក សុគត​ក្នុង​ព្រះជន្ម​៨៣​វស្សាដោយសារមហារីកសួត​
14, Feb 2018 , 12:18 pm        
រូបភាព
ព្រះអង្គម្ចាស់ Henrik បាន​សុគត​នៅពេល​កំពុង​ផ្ទុំ​នៅឯ​ប្រាសាទ Fredensborg ។ រូបថត AFP
ព្រះអង្គម្ចាស់ Henrik បាន​សុគត​នៅពេល​កំពុង​ផ្ទុំ​នៅឯ​ប្រាសាទ Fredensborg ។ រូបថត AFP
​ព្រះអង្គម្ចាស់ Henrik ស្វាមី​មហាក្សត្រី​យ៍ Margrethe II នៃ​រាជាណាចក្រ​ដា​ណឺ​ម៉ាក បាន​សុគត​ក្នុង​ព្រះជន្ម​៨៣​វស្សា នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​។ នេះ​បើតាម​ការប្រកាស​រាជវាំង​ដា​ណឹ​ម៉ាក​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ​។​

 
​ក្នុង​សេចក្ដីប្រកាស​របស់​រាជ​វាំង​ដា​ណឺ​ម៉ាក ព្រះអង្គម្ចាស់ Henrik បាន​សុគត​នៅពេល​កំពុង​ផ្ទុំ​នៅឯ​ប្រាសាទ Fredensborg ចម្ងាយ​ប្រហែល​៤២​គីឡូម៉ែត្រ​ខាងក្រៅ​រាជធានី​កូ​ប៉ិន​ហាក ដោយមាន​មហាក្សត្រិយានី Margrethe II និង​បុត្រា​ពីរ​អង្គ​នៅក្បែរ​ផង​។ ព្រះអង្គម្ចាស់ Henrik ត្រូវបាន​បញ្ជូន​ទៅកាន់​ប្រាសាទ Fredensborg បន្ទាប់ពី​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ចាប់ពី​ថ្ងៃទី​២៨ ខែមករា​មក​។ ព្រះអង្គ​មាន​ជំងឺមហារីក​សួត​ធ្ងន់ធ្ងរ​។​
 
​ព្រះអង្គម្ចាស់ Henrik មានឈ្មោះ​ដើម​ថា Henri Marie Jean Andre de Laborde de Monpezat  កើត​នៅ​១៩៣៤ នៅឯ Talence ក្បែរ​ក្រុង Bordeaux ប្រ​ទស​បារាំង​។ ព្រះអង្គម្ចាស់​អង្គ​នេះ បាន​រៀប​អភិសេក​ជាមួយ​មហាក្សត្រី​យា​នី Margrethe ក្នុង​ឆ្នាំ​១៩៦៧ ដែល​ពេលនោះ​កាន់តំណែង​ជា​រជ្ជទាយាទ​របស់​ដា​ណឺ​ម៉ាក​នៅឡើយ​។ មហាក្សត្រី​យា​នី Margrethe សោយរាជ្យ​នៅក្នុង​ខែមករា ឆ្នាំ​១៩៧២ ។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ព្រះអង្គម្ចាស់ Henrik មិន​សប្បាយចិត្ត​ឡើយ ពេល​ងារ​របស់​ទ្រង់​មិន​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅជា «​ស្ដេច​» ក្រោយ​មហេសី​ក្លាយជា​មហាក្សត្រ​របស់​ដា​ណឺ​ម៉ាក​នោះ​។ ទ្រង់​បាន​ចូលនិវត្តន៍​ពី​កិច្ចការរដ្ឋ​ក្នុង​ឆ្នាំ​២០១៦ ហើយ​ក្នុង​ឆ្នាំ​២០១៧ ក៏មាន​ជំងឺ Dementia ។ 
 
​ដ្បិត​ជា​ស្វាមី​មហាក្សត្រី​យា​នី​ក្ដី ព្រះអង្គម្ចាស់ Henrik ធ្លាប់​ប្រកាសថា ទ្រង់​មិន​ចង់​បញ្ចុះ​ក្នុង​ផ្នូរ​ក្បែរ​មហាក្សត្រី​យា​នី Margrethe II ឡើយ ព្រោះតែ​មិនមាន​តំណែង​ស្មើ​មហេសី​។ ជា​ប្រពៃណី រាជវង្ស​ដា​ណឺ​ម៉ាក​តែង​បញ្ចុះ​ក្នុង​ផ្នូរ Roskilde Cathedral នៅ​ខាងលិច​ក្រុង​កូ​ប៉ិន​ហាក ប៉ុន្តែ​សម្រាប់​ព្រះអង្គម្ចាស់ Henrik ខាង​រាជវាំង​មិនបាន​បញ្ជាក់​ឡើយ​៕     

Tag:
 ដា​ណឺ​ម៉ាក​
  Margrethe II
  ព្រះអង្គម្ចាស់ Henrik
© រក្សាសិទ្ធិដោយ thmeythmey.com