កីឡាជាតិ
ជាតិ
៩-០ របស់ Ceres Negros លើបឹងកេត ជាជ័យជម្នះដ៏ច្រើនបំផុតក្នុង AFC Cup
×
ក្រុមជើងឯកលីគកំពូលហ្វីលីពីន Ceres Negros បានសាងកំណត់ត្រាថ្មីមួយក្នុងព្រឹត្តិការណ៍ AFC Cup ជាមួយនឹងជ័យជម្នះរហូតដល់ទៅ ៩-០ លើបឹងកេត នាជំនួបបើកឆាកពូល F នៅកីឡដ្ឋាន Panaad Stadium នៅក្រុង Bacolod ប្រទេសហ្វីលីពីន។ បើគិតចាប់តាំងពីឆ្នាំ២០០៤ មក លទ្ធផលនៃជ័យជម្នះច្រើនបំផុត គឺ ៨-០ ។
ខ្សែប្រយុទ្ធជនជាតិជប៉ុន Takumi Uesato បាននាំភាពសប្បាយរីករាយសម្រាប់អ្នកគាំទ្រក្រុម Ceres Negros នៅ១៥នាទីដំបូង មុនខ្សែការពារអេស្ប៉ាញ Bienvenido Maranon បង្កើតស្នូរស្រែកហ៊ោជាលើកទី២នៅនាទីទី១៩។ មុនបឹងកេតដាក់កីឡាករ ឈុន សុធារ័ត្ន ជំនួស ខៀវ វិបុល នៅនាទីទី៣២ ខ្សែប្រយុទ្ធជប៉ុន Takumi Uesato បានសម្រេចគ្រាប់ទី២ ដើម្បីបង្កើនការនាំមុខ ៣-០ សម្រាប់ Ceres Negros នៅនាទីទី២២។
ការប្រកួតដំណើរការបាន៧នាទីកីឡាករអេស្ប៉ាញ Bienvenido Maranon បានសម្រេចគ្រាប់ទី៤សម្រាប់ Ceres Negros ហើយក៏ជាគ្រាប់ទី២របស់គេផងដែរ។ ភាពសប្បាយរីករាយរបស់អ្នកគាំទ្របានកើតឡើងជាលើកទី៥ បន្ទាប់ពីខ្សែការពារ OJ Porteria សម្រេចគ្រាប់បាល់ទី១របស់គេនៅនាទីទី៣១ មុនខ្សែការពារ Sean Kane រងការពិន័យកាតលឿងនៅនាទីទី៤១។
មុនចប់វគ្គទី១ដែល Ceres Negros នាំមុខបឹងកេត ៥-០ ក្រុមជើងឯកលីគកំពូលហ្វីលីពីនមួយនេះបានប្តូរខ្សែការពារ Stephan Schrock ជំនួសដោយខ្សែប្រយុទ្ធ Patrick Reichelt នៅនាទីទី៤៣។
ក្រោយ២នាទីដែលកីឡាករ ហុង ផេង ប្តូរជំនួសដោយកីឡាករ លី វ៉ាហេទ ខ្សែការពារ ទូច បញ្ចរ៉ុង ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿងនៅនាទីទី៥៣ មុនខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី ធ្វើចូលទីខ្លួនឯង(Own Goal)នៅនាទីទី៥៨។ ក្រោយខ្សែការពារអេស្ប៉ាញ Bienvenido Maranon ដែលរកបានពីរគ្រាប់សម្រាប់ Ceres Negros ដូរចេញជំនួសដោយកីឡាករ Manuel Ott បានពីរនាទី ប្រធានក្រុម Carlie De Murga បានសម្រេចគ្រាប់ទី៧សម្រាប់ Ceres Negros នៅនាទីទី៦៤។
ក្រោយខ្សែការពារហ្វីលីពីន Mike Ott ត្រូវបានអាជ្ញាកណ្តាលពិន័យកាតលឿង នៅនាទីទី៧៩ ខ្សែប្រយុទ្ធជនជាតិជប៉ុន Takumi Uesato ដែលរកបានពីរគ្រាប់ម្នាក់ឯង និងជាអ្នករកគ្រាប់បើកឆាកសម្រាប់ Ceres Negros ត្រូវបានប្តូរចេញជំនួសដោយខ្សែប្រយុទ្ធ Nessi Ramos។
ក្រោយខ្សែការពារ ទូច បញ្ចរ៉ុង បានប្តូរចេញជំនួសដោយកីឡាករ ស្លេស សេន បាន១នាទី ខ្សែការពារ Manuel Ott ដែលដូរចូលជំនួសខ្សែការពារអេស្ប៉ាញ Bienvenido Maranon បានសម្រេចគ្រាប់ទី៨សម្រាប់ Ceres Negros នៅនាទីទី៨១។ ៤នាទីក្រោយមកខ្សែការពារ OJ Porteria បានសម្រេចគ្រាប់ទី២របស់ខ្លួននៅនាទីទី៨៥ ហើយវាក៏ជាគ្រាប់បាល់ជ័យជម្នះ ៩-០ របស់ក្រុម Ceres Negros លើបឹងកេតផងដែរ។
VIDEO
ជ័យជម្នះដ៏ធំធេងក្នុងថ្ងៃបើកឆាកនេះជួយឲ្យក្រុម Ceres Negros ឡើងឈរកំពូលតារាងបណ្តោះអាសន្នក្នុងពូល F នៃពានរង្វាន់ AFC Cup 2018 ដោយមាន៣ពិន្ទុ ខណៈក្រុម Home United ឈរលេខរៀងទី២ដោយមាន៣ពិន្ទុដូចគ្នា បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុម Shan United ក្នុងលទ្ធផល ១-០។
បើគិតចាប់តាំងពីឆ្នាំ២០០៤ មក ជ័យជម្នះដែលខ្ពស់បំផុតក្នុងវគ្គ Group Stage នៃព្រឹត្តិការណ៍ AFC Cup នេះ គឺ៨-០ ដែលក្នុងនោះ ក្រុមហុងកុង Sunray Cave JC Sun Hei បានបំបាក់ក្រុមឥណ្ឌូណេស៊ី Persibo Bojonegoro កាលពីឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៤ ក្រុម Al-Safa' SC របស់លីបង់ ស៊ីក្រុម Ravshan Kulob របស់តាហ្ស៊ីគីស្ថាន។
ចំណែកការប្រកួតដែលមានការស៊ុតបាល់បញ្ចូលទីទៅវិញទៅមករហូតដល់១១គ្រាប់ បានកើតឡើងនាជំនួបរវាង Sun Hei របស់ហុងកុង និងក្រុម Hoa Phat Hanoi របស់វៀតណាម កាលពីឆ្នាំ២០០៧ ដោយ Sun Hei បានយកឈ្នះ ៧-៤ ៕
Tag:
AFC Cup 2018
Ceres Negros
ស៊ុន សុវណ្ណរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com