កីឡាជាតិ
ជាតិ
៩-០ របស់ Ceres Negros លើ​បឹងកេត ជា​ជ័យជម្នះ​ដ៏​ច្រើន​បំផុត​ក្នុង AFC Cup
14, Feb 2018 , 2:28 pm        
រូបភាព
ដោយ:
​ក្រុម​ជើងឯក​លី​គ​កំពូល​ហ្វីលីពីន Ceres Negros បាន​សាង​កំណត់ត្រា​ថ្មី​មួយ​ក្នុង​ព្រឹត្តិការណ៍ AFC Cup ជាមួយនឹង​ជ័យជម្នះ​រហូតដល់​ទៅ ៩-០ លើ​បឹងកេត នា​ជំនួប​បើកឆាក​ពូ​ល F នៅ​កីឡដ្ឋាន Panaad Stadium នៅ​ក្រុង Bacolod ប្រទេស​ហ្វីលីពីន​។ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៤ មក លទ្ធផល​នៃ​ជ័យជម្នះ​ច្រើន​បំផុត គឺ ៨-០ ។​



​ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន Takumi Uesato បាន​នាំ​ភាពសប្បាយ​រីករាយ​សម្រាប់​អ្នកគាំទ្រ​ក្រុម Ceres Negros នៅ​១៥​នាទី​ដំបូង មុន​ខ្សែការពារ​អេ​ស្ប៉ា​ញ Bienvenido Maranon បង្កើត​ស្នូរ​ស្រែក​ហ៊ោ​ជា​លើក​ទី​២​នៅ​នាទី​ទី​១៩​។ មុន​បឹងកេត​ដាក់​កីឡាករ ឈុន សុធា​រ័ត្ន ជំនួស ខៀវ វិបុល នៅ​នាទី​ទី​៣២ ខ្សែប្រយុទ្ធ​ជប៉ុន Takumi Uesato បានសម្រេច​គ្រាប់​ទី​២ ដើម្បី​បង្កើន​ការនាំ​មុខ ៣-០ សម្រាប់ Ceres Negros នៅ​នាទី​ទី​២២​។

​ការប្រកួត​ដំណើរការបាន​៧​នាទី​កីឡាករ​អេ​ស្ប៉ា​ញ Bienvenido Maranon បានសម្រេច​គ្រាប់​ទី​៤​សម្រាប់ Ceres Negros ហើយក៏​ជា​គ្រាប់​ទី​២​របស់គេ​ផងដែរ​។ ភាពសប្បាយ​រីករាយរ​បស់​អ្នកគាំទ្រ​បានកើត​ឡើងជា​លើក​ទី​៥ បន្ទាប់ពី​ខ្សែការពារ OJ Porteria សម្រេច​គ្រាប់​បាល់​ទី​១​របស់គេ​នៅ​នាទី​ទី​៣១ មុន​ខ្សែការពារ Sean Kane រង​ការពិន័យ​កាត​លឿង​នៅ​នាទី​ទី​៤១​។

​មុន​ចប់​វគ្គ​ទី​១​ដែល Ceres Negros នាំមុខ​បឹងកេត ៥-០ ក្រុម​ជើងឯក​លី​គ​កំពូល​ហ្វីលីពីន​មួយ​នេះ​បាន​ប្តូរ​ខ្សែការពារ Stephan Schrock ជំនួស​ដោយ​ខ្សែប្រយុទ្ធ Patrick Reichelt នៅ​នាទី​ទី​៤៣​។



​ក្រោយ​២​នាទី​ដែល​កីឡាករ ហុង ផេង ប្តូរ​ជំនួស​ដោយ​កីឡាករ លី វ៉ា​ហេ​ទ ខ្សែការពារ ទូច បញ្ច​រ៉ុង ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង​នៅ​នាទី​ទី​៥៣ មុន​ខ្សែការពារ ស៊ុន សុវណ្ណ​រិទ្ធី ធ្វើ​ចូល​ទី​ខ្លួនឯង​(Own Goal)​នៅ​នាទី​ទី​៥៨​។ ក្រោយ​ខ្សែការពារ​អេ​ស្ប៉ា​ញ Bienvenido Maranon ដែល​រកបាន​ពីរ​គ្រាប់​សម្រាប់ Ceres Negros ដូរ​ចេញ​ជំនួស​ដោយ​កីឡាករ Manuel Ott បាន​ពីរ​នាទី ប្រធាន​ក្រុម Carlie De Murga បានសម្រេច​គ្រាប់​ទី​៧​សម្រាប់ Ceres Negros នៅ​នាទី​ទី​៦៤​។​

​ក្រោយ​ខ្សែការពារ​ហ្វីលីពីន Mike Ott ត្រូវបាន​អាជ្ញាកណ្តាល​ពិន័យ​កាត​លឿង នៅ​នាទី​ទី​៧៩ ខ្សែប្រយុទ្ធ​ជនជាតិ​ជប៉ុន Takumi Uesato ដែល​រកបាន​ពីរ​គ្រាប់​ម្នាក់ឯង និង​ជា​អ្នករក​គ្រាប់​បើកឆាក​សម្រាប់ Ceres Negros ត្រូវបាន​ប្តូរ​ចេញ​ជំនួស​ដោយ​ខ្សែប្រយុទ្ធ Nessi Ramos​។

​ក្រោយ​ខ្សែការពារ ទូច បញ្ច​រ៉ុង បាន​ប្តូរ​ចេញ​ជំនួស​ដោយ​កីឡាករ ស្លេស សេន បាន​១​នាទី ខ្សែការពារ Manuel Ott ដែល​ដូរ​ចូល​ជំនួស​ខ្សែការពារ​អេ​ស្ប៉ា​ញ Bienvenido Maranon បានសម្រេច​គ្រាប់​ទី​៨​សម្រាប់ Ceres Negros នៅ​នាទី​ទី​៨១​។ ៤​នាទី​ក្រោយមក​ខ្សែការពារ OJ Porteria បានសម្រេច​គ្រាប់​ទី​២​របស់ខ្លួន​នៅ​នាទី​ទី​៨៥ ហើយ​វា​ក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ ៩-០ របស់​ក្រុម Ceres Negros លើ​បឹងកេត​ផងដែរ​។​



​ជ័យជម្នះ​ដ៏​ធំធេង​ក្នុង​ថ្ងៃ​បើកឆាក​នេះ​ជួយ​ឲ្យ​ក្រុម Ceres Negros ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​ពូ​ល F នៃ​ពានរង្វាន់ AFC Cup 2018 ដោយមាន​៣​ពិន្ទុ ខណៈ​ក្រុម Home United ឈរ​លេខ​រៀង​ទី​២​ដោយមាន​៣​ពិន្ទុ​ដូចគ្នា បន្ទាប់ពី​ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម Shan United ក្នុង​លទ្ធផល ១-០​។​

​បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០០៤ មក ជ័យជម្នះ​ដែល​ខ្ពស់បំផុត​ក្នុង​វគ្គ Group Stage នៃ​ព្រឹត្តិការណ៍ AFC Cup នេះ គឺ​៨-០ ដែល​ក្នុងនោះ ក្រុម​ហុងកុង Sunray Cave JC Sun Hei បាន​បំបាក់​ក្រុម​ឥណ្ឌូណេស៊ី Persibo Bojonegoro កាលពី​ឆ្នាំ​២០១៣ ហើយ​នៅ​ឆ្នាំ​២០១៤ ក្រុម Al-Safa' SC របស់​លី​បង់ ស៊ី​ក្រុម Ravshan Kulob របស់​តា​ហ្ស៊ី​គី​ស្ថាន​។​

​ចំណែក​ការប្រកួត​ដែលមាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ទៅវិញទៅមក​រហូតដល់​១១​គ្រាប់ បានកើត​ឡើង​នា​ជំនួប​រវាង Sun Hei របស់​ហុងកុង និង​ក្រុម Hoa Phat Hanoi របស់​វៀតណាម កាលពី​ឆ្នាំ​២០០៧ ដោយ Sun Hei បាន​យកឈ្នះ ៧-៤ ៕


Tag:
 AFC Cup 2018
  Ceres Negros
  ស៊ុន សុវណ្ណ​រិទ្ធី​
© រក្សាសិទ្ធិដោយ thmeythmey.com