អន្តរជាតិ
ប្រមុខ​ណា​តូ ព្រមាន​អឺរ៉ុប​ដែល​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ថ្មី​ជំនួស​ណា​តូ​
14, Feb 2018 , 2:55 pm        
រូបភាព
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jens Stoltenberg (រូបភាព៖ AFP)
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jens Stoltenberg (រូបភាព៖ AFP)
​អគ្គលេខាធិការ​សម្ព័ន្ធ​យោធា​ណា​តូ​លោក Jens Stoltenberg នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បានបង្ហាញ​ជំហរ​ជំទាស់​ទៅនឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារជាតិ​របស់​សហ​ភាព​អឺរ៉ុប​។ លោក Stoltenberg និយាយថា កិច្ចសហប្រតិបត្តិការ​យោធា​ថ្មី​របស់​អឺរ៉ុប អាច​ក្លាយជា​គូប្រជែង​របស់​ណា​តូ ព្រោះ​មាន​សមាជិក​តែមួយ ហើយ​អាចមាន​ប្រតិបត្តិការ​ផ្ទុយគ្នា​ផង​។ គំនិត​ផ្ដួចផ្ដើម​ថ្មី​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ឲ្យ​ណា​តូ បើ​វា​ដើរតួ​ជា​អ្នក​បំពេញបន្ថែម​វិញ​នោះ​។



​សម្ព័ន្ធ​យោធា​ណា​តូ ដែលមាន​អាមេរិក​នៅ​ពីក្រោយ​ខ្នង មិនសូវ​សប្បាយចិត្ត​ឡើយ​ទៅនឹង​កិច្ចសហប្រតិបត្តិការ​យោធា​ថ្មី​ក្នុងចំណោម​រដ្ឋ​សមាជិក​មកពី​តំបន់​អឺរ៉ុប​។ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ​របស់​អឺរ៉ុប​បង្ក​ក្ដីបារម្ភ​ថា សម្ព័ន្ធ​ណា​តូ​អាច​បាត់បង់​តួនាទី​របស់ខ្លួន​។ ប្រទេស​តំបន់​អឺរ៉ុប​បានដាក់​ចេញ​កិច្ចព្រមព្រៀង​វិស័យ​ការពារជាតិ​នៅ​ឆ្នាំ​២០១៧ ដែល​អនុញ្ញាត​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៥ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​កាន់តែ​ទូលាយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua អគ្គលេខាធិការ​ណា​តូ​លោក Jens Stoltenberg បានបង្ហាញ​ជំហរ​ច្បាស់ៗ​ថា លោក​ជំទាស់​គំនិត​ផ្ដួចផ្ដើម​របស់​អឺរ៉ុប​។ ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​១៣ ខែកុម្ភៈ មុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​ណា​តូ​នៅ​ទីក្រុង​ព្រុ​ច​សែ​ល លោក Stoltenberg និយាយថា កិច្ចសហប្រតិបត្តិការ​យោធា​ក្នុងចំណោម​សមាជិក​សហភាព​អឺរ៉ុប​នឹង​ផ្ដល់​ប្រយោជន៍ បើ​វា​មិន​ក្លាយជា​គូប្រជែង​របស់​ណា​តូ​ទេនោះ​។ 

​ប្រមុខ​ណា​តូ​រូបនេះ ចង់​ឲ្យ​សមាជិក​អឺរ៉ុប​របស់​ណា​តូ បង្កើន​ការចំណាយ​របស់ខ្លួន ព្រោះ​អាច​ពង្រឹង​អង្គការ​យោធា​មួយ​នេះ​បាន​ថែមទៀត ដ្បិត​ការ​ប្រជែង​របស់​ណា​តូ និង​សហភាព​អឺរ៉ុប ដែលមាន​សមាជិក​តែមួយ មិនមែនជា​រឿង​ល្អ​ឡើយ​។ លោក Stoltenberg អះអាងថា ការការពារ​តំបន់​អឺរ៉ុប ត្រូវ​ពឹង​ផ្អែកលើ​ណា​តូ ជាពិសេស​ក្រោយ​អង់គ្លេស​ចាកចេញ​នោះ ព្រោះ​ការចំណាយ​៨០​ភាគរយ បានមកពី​ការចូល​វិភាគទាន​របស់​សមាជិក​មិនមែន​អឺរ៉ុប​ដូចជា​អាមេរិក និង​ន័​រ​វ៉េ​ស​ជាដើម​។​

​ជាមួយនឹង​វត្តមាន​កិច្ចសហប្រតិបត្តិការ​យោធា​ថ្មី​នេះ គំនិត​ផ្ទុយគ្នា​រវាង​សមាជិក​នឹង​កើតឡើង​ដោយ​ចៀស​មិន​ផុត​។ លោក Stoltenberg លើកឡើងថា គំនិត​ផ្ដួចផ្ដើម​របស់​អឺរ៉ុប​អាចមាន​លក្ខខណ្ឌ​សម្រាប់​ការអនុវត្ត​របស់​សមា​ជិ​ក ដែល​ផ្ទុយគ្នា​ពី​គោលការណ៍​របស់​ណា​តូ ហើយ​ករណីនេះ​នឹងធ្វើ​ឲ្យ​ណា​តូ និង​អឺរ៉ុប បែកខ្ញែក​គ្នា​មិន​ខាន​។ មានន័យថា ដោយសារ​ជា​កម្លាំង​តែមួយ ណា​តូ និង​អឺរ៉ុប​មិន​អាចមាន​គោលការណ៍​ខុសគ្នា​បានទេ​។​

​ជុំវិញ​កិច្ចសហប្រតិបត្តិការ​យោធា​នេះ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ តែង​រិះគន់​សមាជិក​ណា​តូ ដែល​មិនបាន​បង្កើន​ការចំណាយ​របស់ខ្លួន​។ សមាជិក​អឺរ៉ុប​ទំនង​រង​សម្ពាធ​ខ្លាំង​ពី​អាម​រិ​ក ទើប​ប្រឹងប្រែង​ពង្រីក​ទំនាក់ទំនង​យោធា​ក្នុង​តំបន់​វិញ ព្រោះ​អាច​កាត់បន្ថយ​ការពឹង​ផ្អែកលើ​អាមេរិក​ផងដែរ​។ យ៉ាងណាមិញ អាមេរិក​មិនអាច​បោះបង់​សមាជិក​ណា​តូ​មកពី​អឺរ៉ុប​ឡើយ ហើយ​អឺរ៉ុប​នឹង​នៅតែ​ត្រូវការ​ណា​តូ ដែលជា​ខែល​ការពារ​របស់ខ្លួន​ទៀត​៕
 


Tag:
 ​អឺរ៉ុប​
  NATO
  អាមេរិក​
  Jens Stoltenberg
© រក្សាសិទ្ធិដោយ thmeythmey.com