អន្តរជាតិ
ប្រមុខណាតូ ព្រមានអឺរ៉ុបដែលពង្រឹងកិច្ចសហប្រតិបត្តិការយោធាថ្មីជំនួសណាតូ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ Jens Stoltenberg (រូបភាព៖ AFP)
× អគ្គលេខាធិការសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg នៅថ្ងៃទី១៣ ខែកុម្ភៈ បានបង្ហាញជំហរជំទាស់ទៅនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរបស់សហភាពអឺរ៉ុប។ លោក Stoltenberg និយាយថា កិច្ចសហប្រតិបត្តិការយោធាថ្មីរបស់អឺរ៉ុប អាចក្លាយជាគូប្រជែងរបស់ណាតូ ព្រោះមានសមាជិកតែមួយ ហើយអាចមានប្រតិបត្តិការផ្ទុយគ្នាផង។ គំនិតផ្ដួចផ្ដើមថ្មីនេះនឹងផ្ដល់ប្រយោជន៍ឲ្យណាតូ បើវាដើរតួជាអ្នកបំពេញបន្ថែមវិញនោះ។
សម្ព័ន្ធយោធាណាតូ ដែលមានអាមេរិកនៅពីក្រោយខ្នង មិនសូវសប្បាយចិត្តឡើយទៅនឹងកិច្ចសហប្រតិបត្តិការយោធាថ្មីក្នុងចំណោមរដ្ឋសមាជិកមកពីតំបន់អឺរ៉ុប។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរបស់អឺរ៉ុបបង្កក្ដីបារម្ភថា សម្ព័ន្ធណាតូអាចបាត់បង់តួនាទីរបស់ខ្លួន។ ប្រទេសតំបន់អឺរ៉ុបបានដាក់ចេញកិច្ចព្រមព្រៀងវិស័យការពារជាតិនៅឆ្នាំ២០១៧ ដែលអនុញ្ញាតឲ្យសមាជិកសហភាពអឺរ៉ុបទាំង២៥ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យយោធាកាន់តែទូលាយ។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua អគ្គលេខាធិការណាតូលោក Jens Stoltenberg បានបង្ហាញជំហរច្បាស់ៗថា លោកជំទាស់គំនិតផ្ដួចផ្ដើមរបស់អឺរ៉ុប។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិណាតូនៅទីក្រុងព្រុចសែល លោក Stoltenberg និយាយថា កិច្ចសហប្រតិបត្តិការយោធាក្នុងចំណោមសមាជិកសហភាពអឺរ៉ុបនឹងផ្ដល់ប្រយោជន៍ បើវាមិនក្លាយជាគូប្រជែងរបស់ណាតូទេនោះ។
ប្រមុខណាតូរូបនេះ ចង់ឲ្យសមាជិកអឺរ៉ុបរបស់ណាតូ បង្កើនការចំណាយរបស់ខ្លួន ព្រោះអាចពង្រឹងអង្គការយោធាមួយនេះបានថែមទៀត ដ្បិតការប្រជែងរបស់ណាតូ និងសហភាពអឺរ៉ុប ដែលមានសមាជិកតែមួយ មិនមែនជារឿងល្អឡើយ។ លោក Stoltenberg អះអាងថា ការការពារតំបន់អឺរ៉ុប ត្រូវពឹងផ្អែកលើណាតូ ជាពិសេសក្រោយអង់គ្លេសចាកចេញនោះ ព្រោះការចំណាយ៨០ភាគរយ បានមកពីការចូលវិភាគទានរបស់សមាជិកមិនមែនអឺរ៉ុបដូចជាអាមេរិក និងន័រវ៉េសជាដើម។
ជាមួយនឹងវត្តមានកិច្ចសហប្រតិបត្តិការយោធាថ្មីនេះ គំនិតផ្ទុយគ្នារវាងសមាជិកនឹងកើតឡើងដោយចៀសមិនផុត។ លោក Stoltenberg លើកឡើងថា គំនិតផ្ដួចផ្ដើមរបស់អឺរ៉ុបអាចមានលក្ខខណ្ឌសម្រាប់ការអនុវត្តរបស់សមាជិក ដែលផ្ទុយគ្នាពីគោលការណ៍របស់ណាតូ ហើយករណីនេះនឹងធ្វើឲ្យណាតូ និងអឺរ៉ុប បែកខ្ញែកគ្នាមិនខាន។ មានន័យថា ដោយសារជាកម្លាំងតែមួយ ណាតូ និងអឺរ៉ុបមិនអាចមានគោលការណ៍ខុសគ្នាបានទេ។
ជុំវិញកិច្ចសហប្រតិបត្តិការយោធានេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែងរិះគន់សមាជិកណាតូ ដែលមិនបានបង្កើនការចំណាយរបស់ខ្លួន។ សមាជិកអឺរ៉ុបទំនងរងសម្ពាធខ្លាំងពីអាមរិក ទើបប្រឹងប្រែងពង្រីកទំនាក់ទំនងយោធាក្នុងតំបន់វិញ ព្រោះអាចកាត់បន្ថយការពឹងផ្អែកលើអាមេរិកផងដែរ។ យ៉ាងណាមិញ អាមេរិកមិនអាចបោះបង់សមាជិកណាតូមកពីអឺរ៉ុបឡើយ ហើយអឺរ៉ុបនឹងនៅតែត្រូវការណាតូ ដែលជាខែលការពាររបស់ខ្លួនទៀត៕
Tag:
អឺរ៉ុប
NATO
អាមេរិក
Jens Stoltenberg
© រក្សាសិទ្ធិដោយ thmeythmey.com