ព្យុង​ឆាង​៖ កូរ៉េខាងត្បូង​ចំណាយ​២.៦​លាន​ដុល្លារ​សម្រាប់​អ្នកគាំទ្រ​កូរ៉េខាងជើង​
កីឡាអន្តរជាតិ
អន្តរជាតិ
ព្យុង​ឆាង​៖ កូរ៉េខាងត្បូង​ចំណាយ​២.៦​លាន​ដុល្លារ​សម្រាប់​អ្នកគាំទ្រ​កូរ៉េខាងជើង​
14, Feb 2018 , 3:57 pm        
រូបភាព
ក្រុមអ្នកគាំទ្រកូរ៉េខាងជើង នាព្រឹត្តិការណ៍កីឡាអូឡាំពិកព្យុងឆាងនៅកូរ៉េខាងត្បូង។ រូបថត AFP
ក្រុមអ្នកគាំទ្រកូរ៉េខាងជើង នាព្រឹត្តិការណ៍កីឡាអូឡាំពិកព្យុងឆាងនៅកូរ៉េខាងត្បូង។ រូបថត AFP
 កូរ៉េខាងត្បូង​បានអនុម័ត​ប្រើប្រាស់​កញ្ចប់​ទឹកប្រាក់​ជា​កំណត់ត្រា ២.៨៦ ពាន់​លាន​វ៉ុ​ន ស្មើនឹង ២.៦៤​លាន​ដុល្លារ​អាមេរិក ដើម្បី​ចំណាយ​លើ​ប្រជាជន​កូរ៉េខាងជើង​រាប់រយ​នាក់​ដែល​មក​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨ ក្នុង​ទីក្រុង​ព្យុង​ឆាង (Pyeongchang 2018 Winter Olympic Games)​។​



​ទីភ្នាក់ងារ​ព័ត៌មាន Reuters ផ្សាយ​ថា ក្រសួង​បង្រួបបង្រួម​កូរ៉េ​បាន​លើកឡើងថា កញ្ចប់​ថវិកា​ខាងលើនេះ​នឹងត្រូវ​ប្រើប្រាស់​សម្រាប់​ការចំណាយ​លើ​ការ​ស្នាក់នៅ ម្ហូបអាហារ​ដល់​ក្រុម​អ្នកគាំទ្រ​របស់​កូរ៉េខាងជើង រួមទាំង​វង់​តន្ត្រី អ្នកកីឡា​តេ​ក្វាន់​ដូ អ្នកកាសែត និង​បុគ្គលិក​ទាំងអស់​ដែល​បាន​ទៅលេង​ក្នុងប្រទេស​កូរ៉េខាងត្បូង​នា​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងាលើក​ទី​២៣​នេះ​។

​បើតាម​សម្តី​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in ការអញ្ជើញ​កីឡាករ​កីឡាការិនី​កូរ៉េខាងជើង អ្នកគាំទ្រ និង​ក្រុមមន្ត្រី​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​ហើយ​ចំណាយ​ថ្លៃ​ចាយវាយ​ផង​នោះ គឺ​ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​រយៈពេល​រាប់​ខែ​រវាង​ក្រុង​ព្យុងយ៉ាង​, សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន​អំពី​បញ្ហា​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។​



​ដោយឡែក​បើតាម​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​បង្រួបបង្រួម​កូរ៉េ​លោក Baik Tae-hyun កូរ៉េខាងត្បូង​ក៏បាន​ចំណាយ​ប្រាក់​មួយចំនួន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ទៅកាន់​ប្រតិភូ​ផ្លូវការ​កម្រិត​ខ្ពស់​របស់​កូរ៉េខាងជើង​ដូចជា អ្នកស្រី Kim Yo Jong ដែលជា​ប្អូនស្រី​បង្កើត​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន សម្រាប់​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​លំដាប់​ពិភពលោក​នេះ​។​

​លើសពីនេះ​ទៀត​នោះ ខាង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ IOC ក៏​នឹង​ចំណាយ​សំរាប់​អត្ត​ព​លិ​ក​កូរ៉េខាងជើង​ចំនួន ២២​នាក់​ដែលមាន​វត្តមាន​ក្នុងប្រទេស​កូរ៉េខាងត្បូង​ផងដែរ​។​

​គួររម្លឹកថា កាលពី​ឆ្នាំ ២០០២ ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ក្នុង​ទីក្រុង​ប៊ូសាន កូរ៉េខាងត្បូង​ក៏បាន​ចំណាយ​លើ​ភាគី​កូរ៉េខាងជើង​ចំនួន ៦៥០​នាក់​ក្នុង​ចំនួន​ទឹកប្រាក់ ១.៣៥​ពាន់​លាន​វ៉ុ​ន​ដែរ​៕


Tag:
 កីឡា​អូឡាំពិក​
  កូរ៉េ​ខាង​ខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 61735 [1] => 14,10 [2] => ព្យុង​ឆាង​៖ កូរ៉េខាងត្បូង​ចំណាយ​២.៦​លាន​ដុល្លារ​សម្រាប់​អ្នកគាំទ្រ​កូរ៉េខាងជើង​ [3] => content [4] => [5] => កីឡា​អូឡាំពិក​, កូរ៉េ​ខាង​ខាងត្បូង​, កូរ៉េខាងជើង​ [6] => 57 [7] => 0 [8] => )