កីឡាអន្តរជាតិ
អន្តរជាតិ
ព្យុងឆាង៖ កូរ៉េខាងត្បូងចំណាយ២.៦លានដុល្លារសម្រាប់អ្នកគាំទ្រកូរ៉េខាងជើង ក្រុមអ្នកគាំទ្រកូរ៉េខាងជើង នាព្រឹត្តិការណ៍កីឡាអូឡាំពិកព្យុងឆាងនៅកូរ៉េខាងត្បូង។ រូបថត AFP
× កូរ៉េខាងត្បូងបានអនុម័តប្រើប្រាស់កញ្ចប់ទឹកប្រាក់ជាកំណត់ត្រា ២.៨៦ ពាន់លានវ៉ុន ស្មើនឹង ២.៦៤លានដុល្លារអាមេរិក ដើម្បីចំណាយលើប្រជាជនកូរ៉េខាងជើងរាប់រយនាក់ដែលមកចូលរួមទស្សនាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ក្នុងទីក្រុងព្យុងឆាង (Pyeongchang 2018 Winter Olympic Games)។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា ក្រសួងបង្រួបបង្រួមកូរ៉េបានលើកឡើងថា កញ្ចប់ថវិកាខាងលើនេះនឹងត្រូវប្រើប្រាស់សម្រាប់ការចំណាយលើការស្នាក់នៅ ម្ហូបអាហារដល់ក្រុមអ្នកគាំទ្ររបស់កូរ៉េខាងជើង រួមទាំងវង់តន្ត្រី អ្នកកីឡាតេក្វាន់ដូ អ្នកកាសែត និងបុគ្គលិកទាំងអស់ដែលបានទៅលេងក្នុងប្រទេសកូរ៉េខាងត្បូងនាព្រឹត្តិការណ៍អូឡាំពិករដូវរងាលើកទី២៣នេះ។
បើតាមសម្តីរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ការអញ្ជើញកីឡាករកីឡាការិនីកូរ៉េខាងជើង អ្នកគាំទ្រ និងក្រុមមន្ត្រីទៅចូលរួមប្រកួតកីឡាអូឡាំពិកហើយចំណាយថ្លៃចាយវាយផងនោះ គឺក្នុងគោលបំណងដើម្បីកាត់បន្ថយភាពតានតឹងរយៈពេលរាប់ខែរវាងក្រុងព្យុងយ៉ាង, សេអ៊ូល និងវ៉ាស៊ីនតោនអំពីបញ្ហាកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។
ដោយឡែកបើតាមអ្នកនាំពាក្យរបស់ក្រសួងបង្រួបបង្រួមកូរ៉េលោក Baik Tae-hyun កូរ៉េខាងត្បូងក៏បានចំណាយប្រាក់មួយចំនួនក្នុងនាមជាម្ចាស់ផ្ទះទៅកាន់ប្រតិភូផ្លូវការកម្រិតខ្ពស់របស់កូរ៉េខាងជើងដូចជា អ្នកស្រី Kim Yo Jong ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន សម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកនេះ។
លើសពីនេះទៀតនោះ ខាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ក៏នឹងចំណាយសំរាប់អត្តពលិកកូរ៉េខាងជើងចំនួន ២២នាក់ដែលមានវត្តមានក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។
គួររម្លឹកថា កាលពីឆ្នាំ ២០០២ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីក្នុងទីក្រុងប៊ូសាន កូរ៉េខាងត្បូងក៏បានចំណាយលើភាគីកូរ៉េខាងជើងចំនួន ៦៥០នាក់ក្នុងចំនួនទឹកប្រាក់ ១.៣៥ពាន់លានវ៉ុនដែរ៕
Tag:
កីឡាអូឡាំពិក
កូរ៉េខាងខាងត្បូង
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com