កីឡាជាតិ
ជាតិ
កីឡាការិនី​បងប្អូន​បង្កើត​ត្រកូល​«​ហេង​» ឈ្នះ​មេដាយ​ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​កង់​អាស៊ី​នៅ​មី​យ៉ាន់​ម៉ា​
14, Feb 2018 , 4:37 pm        
រូបភាព
កីឡាការិនី ហេង ស៊ីវឡាង លើកបង្ហាញមេដាយមាសកម្រិតអាស៊ីដែលខ្លួនដណ្តើមបានពីប្រទេសមីយ៉ាន់ម៉ា
កីឡាការិនី ហេង ស៊ីវឡាង លើកបង្ហាញមេដាយមាសកម្រិតអាស៊ីដែលខ្លួនដណ្តើមបានពីប្រទេសមីយ៉ាន់ម៉ា
ដោយ:
​កីឡាការិនី​ប្រណាំង​កង់​ត្រកូល​«​ហេង​»​ពីររូប​រួមមាន​កីឡាការិនី ហេង ស៊ីវ​ឡាង និង ហេង ស៊ីវ​ហ្គិ​ច បាន​បង្កើត​សមិទ្ធផល​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា​លើ​វិស័យ​ប្រណាំង​កង់ តាមរយៈ​ការ​ឈ្នះ​មេដាយមាស​និង​មេដាយប្រាក់​ពី​ការប្រកួត​កីឡា​ប្រណាំង​កង់​ដណ្តើម​ជើងឯក​កម្រិត​ទ្វីបអាស៊ី (2018 Asia Road & Para Cycling Championships) នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​។ កីឡាការិនី​ទាំងពីរ​រួមទាំង​ប្រតិភូ​កីឡា​ប្រណាំង​កង់ បាន​នាំយក​មេដាយ​ទាំងនេះ​មក​កម្ពុជា​កាលពី​យប់​ថ្ងៃទី​១២ កុម្ភៈ ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ និង​សហព័ន្ធ​សាមី​។​



​នា​ការប្រកួត​កីឡា​ប្រណាំង​កង់​ជ្រើស​ជើងឯក​កម្រិត​ទ្វីបអាស៊ី​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែលមាន​កីឡាការិនី​ជាង​២០​ប្រទេស​ចូលរួម កីឡាការិនី ហេង ស៊ីវ​ឡាវ ឈ្នះ​មេដាយមាស ខណៈ​បងស្រី​ខ្លួន​កីឡាការិនី ហេង ស៊ីវ​ហ្គិ​ច ទទួលបាន​មេដាយប្រាក់​។ មេដាយ​ទាំងពីរ​របស់​បងប្អូន​ត្រកូល​«​ហេង​»​នេះ អាច​ចាត់ទុកជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ និង​ជា​កំណត់ត្រា​ថ្មី​មួយ​សម្រាប់​កម្ពុជា ក៏ដូចជា​វិស័យ​កីឡា​ប្រណាំង​ទោចក្រយាន​ទាំងមូល​។ មេដាយ​ទាំងនេះ​ដណ្តើមបាន​លើ​វិញ្ញាសា​ប្រណាំង​ចម្ងាយ​២២​គីឡូម៉ែត្រ​អាយុ​ចាប់ពី​៣៥​ឆ្នាំ​ឡើងទៅ​ដូចគ្នា​។



«​ក្នុង​ប្រវត្តិសាស្ត្រ​វិស័យ​កីឡា​ប្រណាំង​កង់​របស់​កម្ពុជា នេះ​ជា​លើក​ទី​១​ហើយ ដែល​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ដណ្តើមបាន​មេដាយ​មេដាយមាស​កម្រិត​អាស៊ី​នេះ​។ តាមរយៈ​សមិទ្ធផល​នេះ ខ្ញុំ​មាន​មោទកភាព​មែនទែន ដែល​វិស័យ​កីឡា​ប្រណាំង​កង់​បាន​នាំយក​ទង់ជាតិ និង​ភ្លេងជាតិ​កម្ពុជា​ឲ្យ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បាន​ស្គាល់​កាន់តែច្រើន​»​។ នេះ​ជាការ​លើកឡើង​របស់លោក វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ ពេល​លោក​មក​ទទួល​ម្ចាស់​ជ័យលាភី​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​



​ទន្ទឹមនឹង​បង្ហាញ​មោទកភាព​ចំពោះ​ជ័យជម្នះ​ដ៏​ធំធេង អគ្គលេខាធិការ​រូបនេះ​បាន​ចាត់​សមិទ្ធ​ជា​ប្រវត្តិសាស្ត្រ​នេះ​ជា​សញ្ញាណ​មួយ​ដ៏​ល្អ​ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​។ ហើយ លោក រំពឹងថា តាមរយៈ​មេដាយមាស​និង​មេដាយប្រាក់​នេះដែរ នឹង​អាច​ទាក់ទាញ​យុវជន​ឲ្យ​ចូលរួម​ជាមួយ​វិស័យ​ទោចក្រយាន​កាន់តែច្រើន​ថែមទៀត​។

​ក្រៅពី​មេដាយ​កម្រិត​អាស៊ី​លើក​នេះ កីឡាការិនី​ប្រណាំង​កង់​ដ៏​ឆ្នើម​របស់​កម្ពុជា​រូបនេះ ក៏​ធ្លាប់​ទទួលបាន​មេដាយមាស​កម្រិត​អាស៊ាន​លក្ខណៈ Open ពី​ប្រទេស​ម៉ាឡេស៊ី​កាលពី​ឆ្នាំ​២០១៦ ផងដែរ​។ កីឡាការិនី ហេង ស៊ីវ​ឡាង បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ប្រណាំង​កង់​នៅ​ឆ្នាំ​២០១១ និង​ជាប់​ជា​កីឡាការិនី​ជម្រើសជាតិ​តាំង​ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន​។



​បើ​យោងតាម​លោក វង្ស ខាន់​ពៅ ការប្រកួត​ជើងឯក​កម្រិត​ទ្វីបអាស៊ី​នៅ​មី​យ៉ាន់​ម៉ា កម្ពុជា​បាន​បញ្ជូន​កីឡាករ​៣​រូប និង​កីឡាការិនី​២​រូប​ឲ្យ​ចូលរួម​។ តែ​កីឡា​ករទាំង​៣​រូបនោះ​មិន​ទទួលបាន​ជ័យជម្នះ​នោះទេ ក្នុងនោះ​វិញ្ញាសា​អាយុ​ក្រោម​១៨​ឆ្នាំ កីឡាករ​កម្ពុជា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៥ ខណៈ U23 ម្នាក់​បញ្ចប់​ចំណាត់ថ្នាក់​លេខ​១២ និង​ម្នាក់ទៀត​បោះបង់​ពាក់កណ្តាល​ទី​។​



​ប្រតិភូ​កីឡា​ប្រណាំង​កង់​កម្ពុជា​បាន​នាំយក​មេដាយមាស និង​មេដាយប្រាក់​កម្រិត​ទ្វីបអាស៊ី​មកដល់​កម្ពុជា​កាលពី​ថ្ងៃទី​១២ កុម្ភៈ ដោយ​ទទួល​បានការ​ស្វាគ​មយ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក អ៊ុក សិទ្ធ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា និង​លោក នុត សាអាន ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន រួម​នឹង​មន្ត្រី​ជាច្រើនរូប​ទៀត​៕ 


Tag:
 ប្រណាំង​កង់​
  វង្ស ខាន់​ពៅ​
  ហេង ស៊ីវ​ឡា​
  ហេង ស៊ីវ​ហ្គិ​ច
© រក្សាសិទ្ធិដោយ thmeythmey.com