អន្តរជាតិ
អង់គ្លេស​បញ្ជូន​កប៉ាល់​ប្រមាញ់​នាវាមុជទឹក​ទៅកាន់​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​
14, Feb 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កប៉ាល់ចម្បាំង​ប្រមាញ់​នាវា​មុជ​អង់គ្លេស​នឹងធ្វើ​ដំណើ​រឆ្ល​ង​កាត់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ខែ​ក្រោយនេះ ដើម្បី​បង្ហាញ សេរីភាព​នាវាចរណ៍​នៅក្នុង​ដែនសមុទ្រ​អន្តរជាតិ​។ អង់គ្លេស​ក៏​ប្រកាស​គាំទ្រ​ជំហរ​អាមេរិក​ក្នុង​ការពារ​និង​គាំទ្រ​ច្បាប់​អន្តរជាតិ​ដូចគ្នា​។



​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Gavin Williamson  បានប្រកាសថា កប៉ាល់​ប្រមាញ់​នាវាមុជទឹក​របស់ខ្លួន​នឹងធ្វើ​ដំណើរ​ឆ្លងកាត់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ខែមីនា​ខាងមុខនេះ​។ ការបញ្ជូន​កប៉ាល់​អង់​គ្លេ​ស​នៅ​សមុទ្រ​ចិន​ខាងត្បូង​នេះ​គឺ​ដើម្បី​បង្ហាញថា អង់គ្លេស​គាំទ្រ​សេរីភាព​ក្នុងការ​នាវាចរណ៍​ដែលមាន​កំណត់​ក្នុង​ច្បាប់​អន្តរជាតិ​នោះ​។

​ទីភ្នាក់ងារ​ព័ត៌មាន AFP ផ្សាយ​ថា កប៉ាល់​ប្រមាញ់​នាវាមុជទឹក​ដែល​ត្រូវ​បញ្ជូនទៅ​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​នោះ​មានឈ្មោះ HMS Sutherland ។ បើតាម​រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Gavin Williamson កប៉ាល់​របស់​អង់គ្លេស​នេះ​នឹង​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង​ពេលធ្វើ​ដំណើរ​ត្រឡប់​ទៅ​អង់គ្លេស​វិញ ហើយ​លោក​ជឿជាក់ថា អង់គ្លេស​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​ធ្វើបែបនេះ​។

​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ ចិន​បន្ត​វាតទី​ក្នុង​តំបន់​ជម្លោះ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ប្រើ​ប្រយោជន៍​យោធា និង​ស៊ីវិល​ផងដែរ​។ ប្រទេស​ជាច្រើន​ដែល​ជាប់​ជម្លោះ​ជាមួយ​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​រិះគន់​ចិន និង​បង្ហាញ​ក្តីបារម្ភ​ខ្លាំង​ដែរ​កន្លងមក​។ សហរដ្ឋអាមេរិក​ដែល​មិនមាន​ចំណែក​បន្តិច​សោះ​ក្នុង​តំបន់​ជម្លោះ​នេះ ក៏​បន្ត​យក​លេស​ជួយ​ការពារ​សេរីភាព​ក្នុង​ការធ្វើ​នាវាចរណ៍​ដើម្បី​លូកដៃ​ចូលក្នុង​ជម្លោះ​នេះ​ផង​។ អាមេរិក​បន្ត​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅ​ឆ្លងកាត់​តំបន់​ជម្លោះ​ជាច្រើន​ដង ដែល​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ និង​ប្រតិកម្ម​តប​ខ្លាំង​ដែរ​កន្លងមក​។​

​កាលពី​ខែ​មុន ចិន​បាន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅ​បណ្តេញ​នាវាចម្បាំង​អាមេរិក​ដែល​បាន​រំលោភ​ដែនទឹក​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​ថែម​ទៀតផង​។​

​ដោយឡែក ពេល​អ្នកសារព័ត៌មាន​សួរថា តើ​នាវាចម្បាំង​នេះ​នឹងធ្វើ​ដំណើរ​ទៅក្នុង​ចម្ងាយ ១២ ម៉ា​ល៍ពី​តំបន់​ជម្លោះ​ឬក៏​យ៉ាងណា​? រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​មិនបាន​ឆ្លើយតប​ច្បាស់លាស់​ឡើយ​។ ប៉ុន្តែ​លោក​បានប្រកាស​គាំទ្រ​ជំហរ​របស់​អាមេរិក​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ពោលគឺ បន្ត​ការពារ​សេរីភាព​នៃ​ការ​នាវាចរណ៍ និង​ការហោះហើរ​លើ​អាកាស​ផង​៕


Tag:
 អង់គ្លេស​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង​
© រក្សាសិទ្ធិដោយ thmeythmey.com