អន្តរជាតិ
អង់គ្លេសបញ្ជូនកប៉ាល់ប្រមាញ់នាវាមុជទឹកទៅកាន់ដែនជម្លោះសមុទ្រចិនខាងត្បូង
× កប៉ាល់ចម្បាំងប្រមាញ់នាវាមុជអង់គ្លេសនឹងធ្វើដំណើរឆ្លងកាត់សមុទ្រចិនខាងត្បូងនៅខែក្រោយនេះ ដើម្បីបង្ហាញ សេរីភាពនាវាចរណ៍នៅក្នុងដែនសមុទ្រអន្តរជាតិ។ អង់គ្លេសក៏ប្រកាសគាំទ្រជំហរអាមេរិកក្នុងការពារនិងគាំទ្រច្បាប់អន្តរជាតិដូចគ្នា។
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស Gavin Williamson បានប្រកាសថា កប៉ាល់ប្រមាញ់នាវាមុជទឹករបស់ខ្លួននឹងធ្វើដំណើរឆ្លងកាត់តំបន់ជម្លោះសមុទ្រចិនខាងត្បូងនៅខែមីនាខាងមុខនេះ។ ការបញ្ជូនកប៉ាល់អង់គ្លេសនៅសមុទ្រចិនខាងត្បូងនេះគឺដើម្បីបង្ហាញថា អង់គ្លេសគាំទ្រសេរីភាពក្នុងការនាវាចរណ៍ដែលមានកំណត់ក្នុងច្បាប់អន្តរជាតិនោះ។
ទីភ្នាក់ងារព័ត៌មាន AFP ផ្សាយថា កប៉ាល់ប្រមាញ់នាវាមុជទឹកដែលត្រូវបញ្ជូនទៅឆ្លងកាត់សមុទ្រចិនខាងត្បូងនោះមានឈ្មោះ HMS Sutherland ។ បើតាមរដ្ឋមន្ត្រីការពារជាតិអង់គ្លេស Gavin Williamson កប៉ាល់របស់អង់គ្លេសនេះនឹងឆ្លងកាត់សមុទ្រចិនខាងត្បូងពេលធ្វើដំណើរត្រឡប់ទៅអង់គ្លេសវិញ ហើយលោកជឿជាក់ថា អង់គ្លេសមានសិទ្ធិពេញលេញក្នុងការធ្វើបែបនេះ។
រយៈពេលជាច្រើនឆ្នាំហើយ ចិនបន្តវាតទីក្នុងតំបន់ជម្លោះ និងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រើប្រយោជន៍យោធា និងស៊ីវិលផងដែរ។ ប្រទេសជាច្រើនដែលជាប់ជម្លោះជាមួយចិនក្នុងសមុទ្រចិនខាងត្បូងរិះគន់ចិន និងបង្ហាញក្តីបារម្ភខ្លាំងដែរកន្លងមក។ សហរដ្ឋអាមេរិកដែលមិនមានចំណែកបន្តិចសោះក្នុងតំបន់ជម្លោះនេះ ក៏បន្តយកលេសជួយការពារសេរីភាពក្នុងការធ្វើនាវាចរណ៍ដើម្បីលូកដៃចូលក្នុងជម្លោះនេះផង។ អាមេរិកបន្តបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅឆ្លងកាត់តំបន់ជម្លោះជាច្រើនដង ដែលធ្វើឲ្យចិនក្តៅក្រហាយ និងប្រតិកម្មតបខ្លាំងដែរកន្លងមក។
កាលពីខែមុន ចិនបានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅបណ្តេញនាវាចម្បាំងអាមេរិកដែលបានរំលោភដែនទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូងថែមទៀតផង។
ដោយឡែក ពេលអ្នកសារព័ត៌មានសួរថា តើនាវាចម្បាំងនេះនឹងធ្វើដំណើរទៅក្នុងចម្ងាយ ១២ ម៉ាល៍ពីតំបន់ជម្លោះឬក៏យ៉ាងណា? រដ្ឋមន្ត្រីការពារជាតិអង់គ្លេសមិនបានឆ្លើយតបច្បាស់លាស់ឡើយ។ ប៉ុន្តែលោកបានប្រកាសគាំទ្រជំហររបស់អាមេរិកក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូងពោលគឺ បន្តការពារសេរីភាពនៃការនាវាចរណ៍ និងការហោះហើរលើអាកាសផង៕
Tag:
អង់គ្លេស
ចិន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com