អន្តរជាតិ
អាហ្វ្រិកដាស់តឿនអាមេរិក៖ រកស៊ីភ្នែកឲ្យវៃដូចចិន រូបភាព៖ African Leaders Magazine
× ដើមខែកុម្ភៈកន្លងមកនេះ មេដឹកនាំអាហ្វ្រិកនាំគ្នាដាស់តឿនក្រុមហ៊ុនវិនិយោគអាមេរិកឲ្យចេះរកស៊ីដូចក្រុមហ៊ុនចិនជាពិសេសកុំបោះបង់ចោលឱកាសបណ្តាក់ទុនរកស៊ីនៅទ្វីបអាហ្វ្រិក។ អាហ្វ្រិកជាទីផ្សារថ្មីដ៏ធំមួយដែលមានសេដ្ឋកិច្ចធំ និងមានប្រជាជនរហូតដល់ ១,២ ពាន់លាននាក់ឯណោះ។
អាហ្វ្រិកបច្ចុប្បន្នមិនដូចអាហ្វ្រិក ២០ឆ្នាំមុនឡើយ ហើយក្រុមហ៊ុនអាមេរិកមិនគួរមើលរំលងឱកាសវិនិយោគក្នុងទឹកដីអាហ្វ្រិក។ នេះជាសម្តីមេដឹកនាំអាហ្វ្រិកដែលបានប្រមូលផ្តុំគ្នានៅវេទិកាធុរកិច្ច និងវិនិយោគអាហ្វ្រិកដែលត្រូវបានរៀបចំឡើងនៅទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពីកាលពីដើមខែកុម្ភៈកន្លងមក។
ក្នុងវេទិកានោះដែរប្រធានាធិបតីអ៊ូហ្កង់ដា Yoweri Museveni បានឆ្លៀតឱកាសផ្តល់អនុសាសន៍ និងណែនាំក្រុមហ៊ុនអាមេរិកដែលមានវត្តមានក្នុងវេទិកានោះ ដោយឆ្លៀតប្រៀបធៀបជាមួយក្រុមហ៊ុនចិនថែមទៀតផង។ លោកបង្អាប់ក្រុមហ៊ុនអាមេរិកថា ភ្នែកមិនវៃដូចវិនិយោគិនចិនសោះ។
«ក្រុមហ៊ុនអ្នកឯងមានទុនបម្រុង បច្ចេកវិទ្យា និងភាពជាសហគ្រិន បើទោះបីជាស្មារតីនៃភាពជាសហគ្រិនរបស់អ្នកនោះវាកាន់តែអន់ថយក្តី។ ខ្ញុំគិតថា អ្នកវិនិយោគទុនចិន មានភាពជាសហគ្រិនច្រើនជាងអ្នកទៅទៀត។ នេះក៏ដោយសារអ្នកវិយោគទុនចិនចេះមើលឃើញឱកាស ខណៈដែលអ្នកឯងមិនមានភ្នែកវៃមើលឃើញឱកាសដូចគេឡើយ។ ឱកាសនៅទីនេះ តែអ្នកមើលមិនឃើញ។ ខ្ញុំនៅតែយល់ថា ចិនភ្នែកវៃជាង ហើយគេចេះចាប់ឱកាស និងទាញយកប្រយោជន៍»។ នេះជាការលើកឡើងរបស់លោក Yoweri Museveni។
មេដឹកនាំប្រទេសអ៊ូហ្កង់ដារូបនេះបានបន្ថែមទៀតថា អាហ្វ្រិកមិនដូចអាហ្វ្រិកកាលពី ២០ឆ្នាំមុនឡើយ។ អាហ្វ្រិកមានប្រជាជន១,២ ពាន់លាននាក់ និងមានសេដ្ឋកិច្ចធំកើនពី ៥០០ពាន់លានដល់ ៨,២ ទ្រីលានដុល្លារឯណោះនាពេលបច្ចុប្បន្ន។ នៅត្រឹមឆ្នាំ ២០៥០ទីផ្សារនេះនឹងកើនឡើងរហូតដល់ ៣០ទ្រីលានដុល្លារឯណោះ។ ដូច្នេះហើយ វាជាទីផ្សារមួយដ៏ធំសម្រាប់អ្នកវិនិយោគពីគ្រប់តំបន់ជាពិសេសអាមេរិក។
ចំណែកប្រធានាធិបតីកេនយ៉ា លោក Uhuru Kenyatta ឯណោះវិញបានថ្លែងស្រដៀងគ្នាថា អាហ្វ្រិកជាទឹកដីថ្មីដែលមានឱកាសកាន់តែច្រើនសម្រាប់ការអភិវឌ្ឍ និងវិនិយោគ។
មេដឹកនាំកេនយ៉ារូបនេះបានសង្កត់ធ្ងន់ថា បណ្តារដ្ឋអាហ្វ្រិកឥឡូវនេះកំពុងស្វែងរកដៃគូដើម្បីសហប្រតិបត្តិការ មិនមែនស្វែងរកជំនួយឡើយ។ បញ្ហាប្រឈមបច្ចុប្បន្នសម្រាប់អាហ្វ្រិកគឺខ្វះខាតដៃគូមកពីវិស័យឯកជនដែលចូលរួមសហការដើម្បីរកផលចំណេញទាំងអស់គ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com