អន្តរជាតិ
អាហ្វ្រិក​ដាស់តឿន​អាមេរិក​៖ រកស៊ី​ភ្នែក​ឲ្យ​វៃ​ដូច​ចិន​
14, Feb 2018 , 8:39 pm        
រូបភាព
រូបភាព៖ African Leaders Magazine
រូបភាព៖ African Leaders Magazine
ដោយ: ថ្មីៗ
​ដើមខែ​កុម្ភៈ​កន្លងមកនេះ មេដឹកនាំ​អាហ្វ្រិក​នាំគ្នា​ដាស់តឿន​ក្រុមហ៊ុន​វិនិយោគ​អាមេរិក​ឲ្យ​ចេះ​រកស៊ី​ដូច​ក្រុមហ៊ុន​ចិន​ជាពិសេស​កុំ​បោះបង់ចោល​ឱកាស​បណ្តាក់ទុន​រកស៊ី​នៅ​ទ្វីបអាហ្វ្រិក​។ អាហ្វ្រិក​ជាទី​ផ្សារ​ថ្មី​ដ៏​ធំ​មួយ​ដែលមាន​សេដ្ឋកិច្ច​ធំ និង​មាន​ប្រជាជន​រហូតដល់ ១,២ ពាន់​លាន​នាក់​ឯណោះ​។​



​អាហ្វ្រិក​បច្ចុប្បន្ន​មិន​ដូច​អាហ្វ្រិក ២០​ឆ្នាំមុន​ឡើយ ហើយ​ក្រុមហ៊ុន​អាមេរិក​មិនគួរ​មើលរំលង​ឱកាស​វិនិយោគ​ក្នុង​ទឹកដី​អាហ្វ្រិក​។ នេះ​ជាស​ម្តី​មេដឹកនាំ​អាហ្វ្រិក​ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​វេទិកា​ធុរកិច្ច និង​វិនិយោគ​អាហ្វ្រិក​ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ទីក្រុង​អា​ឌី​សអា​បា​បា ប្រទេស​អេ​ត្យូ​ពី​កាលពីដើម​ខែកុម្ភៈ​កន្លងមក​។​

​ក្នុង​វេទិកា​នោះដែរ​ប្រធានាធិបតី​អ៊ូ​ហ្ក​ង់​ដា  Yoweri Museveni បាន​ឆ្លៀតឱកាស​ផ្តល់​អនុសាសន៍ និង​ណែនាំ​ក្រុមហ៊ុន​អាមេរិក​ដែលមាន​វត្តមាន​ក្នុង​វេទិកា​នោះ ដោយ​ឆ្លៀត​ប្រៀបធៀប​ជាមួយ​ក្រុមហ៊ុន​ចិន​ថែម​ទៀតផង​។ លោក​បង្អាប់​ក្រុមហ៊ុន​អាមេរិក​ថា ភ្នែក​មិន​វៃ​ដូច​វិនិយោគិន​ចិន​សោះ​។

«​ក្រុមហ៊ុន​អ្នកឯង​មាន​ទុនបម្រុង បច្ចេកវិទ្យា និង​ភាពជា​សហគ្រិន បើទោះបីជា​ស្មារតី​នៃ​ភាពជា​សហគ្រិន​របស់​អ្នកនោះ​វា​កាន់តែ​អន់ថយ​ក្តី​។ ខ្ញុំ​គិតថា អ្នកវិនិយោគទុន​ចិន មាន​ភាពជា​សហគ្រិន​ច្រើនជាង​អ្នក​ទៅទៀត​។ នេះ​ក៏ដោយ​សារ​អ្នក​វិយោគ​ទុន​ចិន​ចេះ​មើលឃើញ​ឱកាស ខណៈដែល​អ្នកឯង​មិនមាន​ភ្នែក​វៃ​មើលឃើញ​ឱកាសដូចគេ​ឡើយ​។ ឱកាស​នៅទីនេះ តែ​អ្នកមើល​មិនឃើញ​។ ខ្ញុំ​នៅតែ​យល់ថា ចិន​ភ្នែក​វៃ​ជាង ហើយ​គេ​ចេះ​ចាប់​ឱកាស និង​ទាញយក​ប្រយោជន៍​»​។  នេះ​ជាការ​លើកឡើង​របស់លោក Yoweri Museveni​។

​មេដឹកនាំ​ប្រទេស​អ៊ូ​ហ្ក​ង់​ដា​រូបនេះ​បាន​បន្ថែមទៀតថា អាហ្វ្រិក​មិន​ដូច​អាហ្វ្រិក​កាលពី ២០​ឆ្នាំមុន​ឡើយ​។ អាហ្វ្រិក​មាន​ប្រជាជន​១,២ ពាន់​លាន​នាក់ និង​មាន​សេដ្ឋកិច្ច​ធំ​កើន​ពី ៥០០​ពាន់​លាន​ដល់ ៨,២ ទ្រី​លាន​ដុល្លារ​ឯណោះ​នាពេល​បច្ចុប្បន្ន​។ នៅត្រឹម​ឆ្នាំ ២០៥០​ទីផ្សារ​នេះ​នឹង​កើនឡើង​រហូតដល់ ៣០​ទ្រី​លាន​ដុល្លារ​ឯណោះ​។ ដូច្នេះហើយ វា​ជាទី​ផ្សារ​មួយ​ដ៏​ធំ​សម្រាប់​អ្នកវិនិយោគ​ពី​គ្រប់​តំបន់​ជាពិសេស​អាមេរិក​។​

​ចំណែក​ប្រធានាធិបតី​កេ​ន​យ៉ា លោក Uhuru Kenyatta ឯណោះ​វិញ​បាន​ថ្លែង​ស្រដៀង​គ្នា​ថា អាហ្វ្រិក​ជា​ទឹកដី​ថ្មី​ដែល​មានឱកាស​កាន់តែច្រើន​សម្រាប់​ការអភិវឌ្ឍ និង​វិនិយោគ​។​

​មេដឹកនាំ​កេ​ន​យ៉ា​រូបនេះ​បាន​សង្កត់ធ្ងន់ថា បណ្តា​រដ្ឋ​អាហ្វ្រិក​ឥឡូវនេះ​កំពុង​ស្វែងរក​ដៃគូ​ដើម្បី​សហប្រតិបត្តិការ មិនមែន​ស្វែងរក​ជំនួយ​ឡើយ​។  បញ្ហា​ប្រឈម​បច្ចុប្បន្ន​សម្រាប់​អាហ្វ្រិក​គឺ​ខ្វះខាត​ដៃគូ​មកពី​វិស័យ​ឯកជន​ដែល​ចូលរួម​សហការ​ដើម្បីរ​ក​ផលចំណេញ​ទាំងអស់គ្នា​៕


© រក្សាសិទ្ធិដោយ thmeythmey.com