ជាតិ
សម្តេច ស ខេង ចោទ​ក្រុម​អតីត​បក្សប្រឆាំង​ថា នៅតែ​លួច​ឃុបឃិត​ជាមួយ​បរទេស
14, Feb 2018 , 10:19 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឡើងថ្លែងក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២0១៨
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឡើងថ្លែងក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២0១៨
​ភ្នំពេញ​៖ អតីត​អ្នកនយោបាយ នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​សហការ​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ។ នេះ​ជាការ​លើកឡើង​ជាថ្មី​ម្តងទៀត របស់​សម្តេច ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។



​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល មិនទាន់​ស្រឡះ​ចិត្ត និង​ស្បើយ​អារម្មណ៍​នៅឡើយ​ទេ ដោយ​នៅតែមាន​កង្វល់​ដ​ដែល ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ បើទោះជា​ត្រូវបាន​រំលាយចោល​ក៏ដោយ​។ សារ​ព្រមាន​ពី​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​បក្ស​កាន់អំណាច និង​រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​កើតឡើង​ស្ទើរ​រាល់ថ្ងៃ ដោយ​សំដៅ​ទៅកាន់​អតីត​អ្នកប្រឆាំង ដែល​កំពុង​ប្រមូល​ផ្តុំគ្នា​នៅក្រៅ​ប្រទេស​។ ក្រៅពី​ព្រមាន រដ្ឋាភិបាល ក៏បាន​បង្ហាញ​ការ​ប្រុយ​ប្រយ័ត្ន​ខ្ពស់​ដែរ ចំពោះ​ក្រុម​អ្នកនយោបាយ​ខាង​ប្រឆាំង​។

«​កម្លាំង​នយោបាយ [​របស់​ក្រុមប្រឆាំង​] នៅតែ​បន្តសកម្មភាព​នៅក្រៅ​ប្រទេស និង​ប៉ុនប៉ង​ម្តង​ហើយ​ម្តងទៀត ដោយ​ឃុបឃិត​គ្នា​ជាមួយ​បរទេស ដើម្បី​អនុវត្ត​ជាថ្មី​នូវ​ចលនា​បដិវត្ត​ពណ៌ ក្រោមលេស​នៃ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​»​។  នេះ​ការអះអាង​របស់ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២0១៨​។ 

​សម្តេច ស ខេង បន្តថា ចលនា​សង្គ្រោះ​ជាតិ  ដែលមាន​លោក សម រង្ស៊ី ជា​ប្រធាន គឺមាន​គោលដៅ​ញុះញង់​ឲ្យ​ប្រជាជន និង​កងកម្លាំងប្រដាប់អាវុធ ឲ្យ​បះបោរ​ប្រឆាំងនឹង​រដ្ឋអំណាច​ស្របច្បាប់​។  រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ វាយប្រហារ​ធ្ងន់ៗ​ថា ចលនា​សង្គ្រោះ​ជាតិ  ជា​ក្រុម​ឧទ្ទាម ដែល​ប្រាសចាក​ពី​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​កម្ពុជា​។ 

​អនុប្រធាន​បក្ស​កាន់អំណាច​រូបនេះ ប្រាប់​អង្គប្រជុំ​នៃ​រដ្ឋសភា​ថា​៖«​ការធ្វើសកម្មភាព​អុកឡុក​នៅក្រៅ​ប្រទេស ដើម្បី​ឲ្យ​បរទេស លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា គឺជា​អំពើ​បំផ្លាញ​ឯករាជ្យ និង​អធិបតេយ្យ​កម្ពុជា​។ [….] ការបញ្ចុះ​បញ្ចូល​បរទេស ឲ្យ​កាត់​ជំនួយ ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ឬ​ព្យួរ​អាសនៈ​របស់​កម្ពុជា នៅក្នុង​អង្គការសហប្រជាជាតិ សុទ្ធសឹងតែ​ជា​សកម្មភាព​ប្រឆាំងនឹង​ផលប្រយោជន៍​របស់​ប្រទេសជាតិ នឹង​ប្រជាជន​ខ្មែរ​ទាំងមូល​»​។

​ក្រោយ​ត្រូវបាន​តុលាការ​កំពូល រំលាយចោល កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២0១៧ គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាត់​សកម្មភាព​ទាំងស្រុង​នៅក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​នៃ​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ បានធ្វើ​សកម្មភាព​ឥតឈប់ឈរ នៅក្រៅ​ប្រទេស ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់ទណ្ឌកម្ម​ផ្សេងៗ មកលើ​រដ្ឋាភិបាល​កម្ពុ​ជា​។

​បំណង​ធំ​របស់​ពួកគេ គឺ​ចង់​ឲ្យ​ដោះលែង​លោក កឹម សុខា និង​អ្នកទោស​ផ្សេងទៀត រួម​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រស់​ឡើងវិញ ដើម្បី​បាន​ចូលរួម​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២0១៨​។ លោក សម រង្ស៊ី ដែល​ធ្លាប់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រមូល​សហការី​មួយចំនួន បង្កើត​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​បន្ត​ការទាមទារ​របស់ខ្លួន​។ លោក សម រង្ស៊ី ធ្លាប់​ថ្លែងថា ពេលណា​បំណង​ខាងលើ​ទទួលបាន​ជោគជ័យ ចលនា​សង្គ្រោះ​ជាតិ នឹងត្រូវ​រំលាយចោល​នាពេលនោះ​៕ 
អត្ថបទទាក់ទង


 
  


Tag:
 ស ខេង​
  CNRP
  CNRM
  សម រង្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com