ជាតិ
សម្តេច ស ខេង ចោទក្រុមអតីតបក្សប្រឆាំងថា នៅតែលួចឃុបឃិតជាមួយបរទេស សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ឡើងថ្លែងក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២0១៨
× ភ្នំពេញ៖ អតីតអ្នកនយោបាយ នៃគណបក្សសង្គ្រោះជាតិ នៅតែសហការជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ។ នេះជាការលើកឡើងជាថ្មីម្តងទៀត របស់សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា។
គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល មិនទាន់ស្រឡះចិត្ត និងស្បើយអារម្មណ៍នៅឡើយទេ ដោយនៅតែមានកង្វល់ដដែល ចំពោះគណបក្សសង្គ្រោះជាតិ បើទោះជាត្រូវបានរំលាយចោលក៏ដោយ។ សារព្រមានពីថ្នាក់ដឹកនាំក្នុងជួរបក្សកាន់អំណាច និងរដ្ឋាភិបាលកម្ពុជា បានបន្តកើតឡើងស្ទើររាល់ថ្ងៃ ដោយសំដៅទៅកាន់អតីតអ្នកប្រឆាំង ដែលកំពុងប្រមូលផ្តុំគ្នានៅក្រៅប្រទេស។ ក្រៅពីព្រមាន រដ្ឋាភិបាល ក៏បានបង្ហាញការប្រុយប្រយ័ត្នខ្ពស់ដែរ ចំពោះក្រុមអ្នកនយោបាយខាងប្រឆាំង។
«កម្លាំងនយោបាយ [របស់ក្រុមប្រឆាំង] នៅតែបន្តសកម្មភាពនៅក្រៅប្រទេស និងប៉ុនប៉ងម្តងហើយម្តងទៀត ដោយឃុបឃិតគ្នាជាមួយបរទេស ដើម្បីអនុវត្តជាថ្មីនូវចលនាបដិវត្តពណ៌ ក្រោមលេសនៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។ នេះការអះអាងរបស់ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គនៃរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២0១៨។
សម្តេច ស ខេង បន្តថា ចលនាសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន គឺមានគោលដៅញុះញង់ឲ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធ ឲ្យបះបោរប្រឆាំងនឹងរដ្ឋអំណាចស្របច្បាប់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វាយប្រហារធ្ងន់ៗថា ចលនាសង្គ្រោះជាតិ ជាក្រុមឧទ្ទាម ដែលប្រាសចាកពីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។
អនុប្រធានបក្សកាន់អំណាចរូបនេះ ប្រាប់អង្គប្រជុំនៃរដ្ឋសភាថា៖«ការធ្វើសកម្មភាពអុកឡុកនៅក្រៅប្រទេស ដើម្បីឲ្យបរទេស លូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា គឺជាអំពើបំផ្លាញឯករាជ្យ និងអធិបតេយ្យកម្ពុជា។ [….] ការបញ្ចុះបញ្ចូលបរទេស ឲ្យកាត់ជំនួយ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬព្យួរអាសនៈរបស់កម្ពុជា នៅក្នុងអង្គការសហប្រជាជាតិ សុទ្ធសឹងតែជាសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ប្រទេសជាតិ នឹងប្រជាជនខ្មែរទាំងមូល»។
ក្រោយត្រូវបានតុលាការកំពូល រំលាយចោល កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២0១៧ គណបក្សសង្គ្រោះជាតិ ក៏បាត់សកម្មភាពទាំងស្រុងនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែតំណាងរាស្ត្រ និងថ្នាក់ដឹកនាំនៃបក្សប្រឆាំងដ៏ធំមួយនេះ បានធ្វើសកម្មភាពឥតឈប់ឈរ នៅក្រៅប្រទេស ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិ ដាក់ទណ្ឌកម្មផ្សេងៗ មកលើរដ្ឋាភិបាលកម្ពុជា។
បំណងធំរបស់ពួកគេ គឺចង់ឲ្យដោះលែងលោក កឹម សុខា និងអ្នកទោសផ្សេងទៀត រួមទាមទារឲ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ ដើម្បីបានចូលរួមការបោះឆ្នោតក្នុងឆ្នាំ២0១៨។ លោក សម រង្ស៊ី ដែលធ្លាប់ដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រមូលសហការីមួយចំនួន បង្កើតចលនាសង្គ្រោះជាតិ ដើម្បីបន្តការទាមទាររបស់ខ្លួន។ លោក សម រង្ស៊ី ធ្លាប់ថ្លែងថា ពេលណាបំណងខាងលើទទួលបានជោគជ័យ ចលនាសង្គ្រោះជាតិ នឹងត្រូវរំលាយចោលនាពេលនោះ៕
Tag:
ស ខេង
CNRP
CNRM
សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com