អន្តរជាតិ
ប្រមុខ​ចារកម្ម​អាមេរិក​៖ រុស្ស៊ី​នឹង​លូកលាន់​ការបោះឆ្នោត​សភា​ឆ្នាំ​២០១៨ ម្ដងទៀត​
14, Feb 2018 , 10:39 pm         816
រូបភាព
លោក Dan Coats នាយកចារកម្មជាតិ (រូបភាព៖ AFP)
លោក Dan Coats នាយកចារកម្មជាតិ (រូបភាព៖ AFP)
​បណ្ដា​ប្រមុខ​ដឹកនាំ​ស្ថាប័ន​ចារកម្ម​របស់​អាមេរិក នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ បាន​ព្រមាន​ថា រុស្ស៊ី​នឹង​វាយប្រហារ​ការបោះឆ្នោត​ពា​ក់​កណ្ដាល​អាណត្តិ​ដើម្បី​ជ្រើសរើស​សមាជិកសភា ដែល​ត្រូវ​រៀបចំ​នៅក្នុង​ឆ្នាំ​២០១៨ នេះ​។ ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិកសភា មន្ត្រី​ចារកម្ម​អាមេរិក​បាន​រំឭក​ពី​សកម្មភាព​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦ និង​អះអាងថា រុស្ស៊ី​នឹង​ប្រើ​ក្បាច់​ចាស់​ដើម្បី​បង្ក​ការរំខាន​ដល់​ដំណើការ​បោះឆ្នោត​ខាងមុខ​។​


​រុស្ស៊ី និង​ភ្នាក់ងារ​បរទេស ទំនងជា​វាយប្រហារ​ការបោះឆ្នោត​នៅ​អាមេរិក និង​អឺរ៉ុប​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ​ទៀត ហើយ​រុស្ស៊ី​ជឿថា ខ្លួន​ជោគជ័យ​ក្នុង​បង្កបញ្ហា​ឲ្យ​ប្រជាធិបតេយ្យ​នៅ​អាមេរិក​។ នេះ​ជា​សម្ដី​របស់​នាយក​ចារកម្ម​ជាតិ​លោក Dan Coats ប្រាប់​ទៅកាន់​សមាជិក​គណៈកម្មាធិកា​រ​ចារកម្ម​សភា​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ​។ ការលើកឡើង​បែបនេះ ហាក់​ផ្ទុយគ្នា​នឹង​ការអះអាង​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ទាត់ចោល​ការជាប់​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​រុស្ស៊ី​។​

​ចំពោះមុខ​សមាជិកសភា លោក Coat ដែល​លោក ត្រាំ ជា​អ្នក​តែងតាំង​ផ្ទាល់ និយាយថា លោក​ឃើញ​ភស្តុតាង​បង្ហាញ​ពី​សកម្មភាព​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៦ ។ នាយក​ចារកម្ម​រូបនេះ​អះអាងថា វា​មិនមែនជា​រឿង​គួរ​ឲ្យ​សង្ស័យ​ទេ​ដែល​រុស្ស៊ី​ទទួលជោគជ័យ​ក្នុង​ឆ្នាំ​២០១៦ និង​កំពុង​ដាក់​គោលដៅ​វាយប្រហារ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ដើម្បី​បញ្ចូល​ឥទ្ធិពល​របស់ខ្លួន​តាម​រយៈ​ប្រតិបត្តិការ​តាម​ប្រព័ន្ធ​អន​ឡាញ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​ក្នុង​កិច្ចប្រជុំ​ដដែល លោក Coats បាន​រៀបរាប់​ពី​វិធីសាស្ត្រ​ដែល​រុស្ស៊ី​គ្រោង​ប្រើប្រាស់​ដើម្បី​ជ្រែ​ត​ជ្រែក​ការបោះឆ្នោត​អាមេរិក​ឆ្នាំ​២០១៨ ។ លោក​បញ្ជាក់ថា នៅ​ចំណុច​ទាប​បំផុត រុស្ស៊ី​អាច​បន្ត​ប្រើ ប្រាស់ ប្រព័ន្ធ​ឃោសនា បណ្ដាញ​សង្គម បុគ្គល និង​មធ្យោបាយ​ផ្សេងទៀត​ដើម្បី​បំបែក​នយោបាយ​នៅ​អាមេរិក​។ យ៉ាងណាមិញ មេដឹកនាំ​ចារកម្ម​ទាំងអស់​រួមមាន CIA និង FBI ជាដើម​សុទ្ធ​តែមាន​ផែនការ​ទប់ទល់​ទាំងអស់​។​

​ជុំវិញ​រឿង​វ៉ា​វ​បោះឆ្នោត​អាមេរិក​នេះ ភា្ន​ក់​ងារ​ស៊ើប​ការសម្ងាត់​របស់​អាមេរិក​រកឃើញ​ជាង​មួយឆ្នាំ​ហើយ​ថា រុស្ស៊ី​ពិតជា​ជាប់​ពាក់ព័ន្ធ​ក្នុងការ​កកូ​កកាយ​ការបោះឆ្នោត​អាមេរិក​មែន​ដូចជា ការ​លួច​ចូល​គេហទំព័រ​បោះឆ្នោត និង​ការប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​សំដៅ​ជំរុញ​ការគាំទ្រ​ទៅរក​បេក្ខជន​បក្ស​សា​ធាណរ​រដ្ឋ គឺ​លោក ត្រាំ តែម្ដង​។ ប៉ុន្តែ​រុស្ស៊ី​ទាត់ចោល​ការប្រកាន់​នេះ​ដាច់ខាត ហើយ​ថែមទាំង​ទាមទារ​រក​ភស្តុតាង​បញ្ជាក់​ទៀតផង​។​

​ក្រោយ​ការបញ្ចេញ​លទ្ធផល​ស៊ើបអង្កេត​របស់ខ្លួន ទាំង CIA ទាំង FBI សុទ្ធតែ​ត្រូវ​លោក ត្រាំ ពន្លះ​ធ្ងន់ៗ ទាំង​ប្រធាន​ស្ថាប័ន​ទាំងនោះ​លោក​ជា​អ្នក​តែងតាំង​ក្ដី​។ លោក​ចោទ​ស្ថាប័ន​ចារកម្ម​ទាំងនេះ ជាពិសេស​ប្រធាន FBI ថា ធ្វើការ​ប្រឆាំង​បក្ស​សាធារណរដ្ឋ​។ នៅពេល​នេះដែរ ក្រុម​ស៊ើបអង្កេត​ពិសេស​របស់ FBI ក៏​កំពុង​ស៊ើបអង្កេត​ករណីនេះ​ទៀត ដោយ​មនុស្ស​ជំនិត​លោក ត្រាំ ជាច្រើន​ជាប់​ពាក់ព័ន្ធ​៕

Tag:
 អាមេរិក​
  រុស្ស៊ី​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next