អន្តរជាតិ
ប្រមុខចារកម្មអាមេរិក៖ រុស្ស៊ីនឹងលូកលាន់ការបោះឆ្នោតសភាឆ្នាំ២០១៨ ម្ដងទៀត លោក Dan Coats នាយកចារកម្មជាតិ (រូបភាព៖ AFP)
× បណ្ដាប្រមុខដឹកនាំស្ថាប័នចារកម្មរបស់អាមេរិក នៅថ្ងៃទី១៣ ខែកុម្ភៈ បានព្រមានថា រុស្ស៊ីនឹងវាយប្រហារការបោះឆ្នោតពាក់កណ្ដាលអាណត្តិដើម្បីជ្រើសរើសសមាជិកសភា ដែលត្រូវរៀបចំនៅក្នុងឆ្នាំ២០១៨ នេះ។ ក្នុងកិច្ចប្រជុំជាមួយសមាជិកសភា មន្ត្រីចារកម្មអាមេរិកបានរំឭកពីសកម្មភាពរបស់រុស្ស៊ីក្នុងការបោះឆ្នោតឆ្នាំ២០១៦ និងអះអាងថា រុស្ស៊ីនឹងប្រើក្បាច់ចាស់ដើម្បីបង្កការរំខានដល់ដំណើការបោះឆ្នោតខាងមុខ។
រុស្ស៊ី និងភ្នាក់ងារបរទេស ទំនងជាវាយប្រហារការបោះឆ្នោតនៅអាមេរិក និងអឺរ៉ុបនៅឆ្នាំនេះ និងឆ្នាំក្រោយទៀត ហើយរុស្ស៊ីជឿថា ខ្លួនជោគជ័យក្នុងបង្កបញ្ហាឲ្យប្រជាធិបតេយ្យនៅអាមេរិក។ នេះជាសម្ដីរបស់នាយកចារកម្មជាតិលោក Dan Coats ប្រាប់ទៅកាន់សមាជិកគណៈកម្មាធិការចារកម្មសភានៅថ្ងៃទី១៣ ខែកុម្ភៈ។ ការលើកឡើងបែបនេះ ហាក់ផ្ទុយគ្នានឹងការអះអាងរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលទាត់ចោលការជាប់ពាក់ព័ន្ធក្នុងសកម្មភាពរុស្ស៊ី។
ចំពោះមុខសមាជិកសភា លោក Coat ដែលលោក ត្រាំ ជាអ្នកតែងតាំងផ្ទាល់ និយាយថា លោកឃើញភស្តុតាងបង្ហាញពីសកម្មភាពរបស់រុស្ស៊ីក្នុងការបោះឆ្នោតឆ្នាំ២០១៦ ។ នាយកចារកម្មរូបនេះអះអាងថា វាមិនមែនជារឿងគួរឲ្យសង្ស័យទេដែលរុស្ស៊ីទទួលជោគជ័យក្នុងឆ្នាំ២០១៦ និងកំពុងដាក់គោលដៅវាយប្រហារការបោះឆ្នោតឆ្នាំ២០១៨ ដើម្បីបញ្ចូលឥទ្ធិពលរបស់ខ្លួនតាមរយៈប្រតិបត្តិការតាមប្រព័ន្ធអនឡាញ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ។
ក្នុងកិច្ចប្រជុំដដែល លោក Coats បានរៀបរាប់ពីវិធីសាស្ត្រដែលរុស្ស៊ីគ្រោងប្រើប្រាស់ដើម្បីជ្រែតជ្រែកការបោះឆ្នោតអាមេរិកឆ្នាំ២០១៨ ។ លោកបញ្ជាក់ថា នៅចំណុចទាបបំផុត រុស្ស៊ីអាចបន្តប្រើ ប្រាស់ ប្រព័ន្ធឃោសនា បណ្ដាញសង្គម បុគ្គល និងមធ្យោបាយផ្សេងទៀតដើម្បីបំបែកនយោបាយនៅអាមេរិក។ យ៉ាងណាមិញ មេដឹកនាំចារកម្មទាំងអស់រួមមាន CIA និង FBI ជាដើមសុទ្ធតែមានផែនការទប់ទល់ទាំងអស់។
ជុំវិញរឿងវ៉ាវបោះឆ្នោតអាមេរិកនេះ ភា្នក់ងារស៊ើបការសម្ងាត់របស់អាមេរិករកឃើញជាងមួយឆ្នាំហើយថា រុស្ស៊ីពិតជាជាប់ពាក់ព័ន្ធក្នុងការកកូកកាយការបោះឆ្នោតអាមេរិកមែនដូចជា ការលួចចូលគេហទំព័របោះឆ្នោត និងការប្រើប្រាស់ប្រព័ន្ធឃោសនាសំដៅជំរុញការគាំទ្រទៅរកបេក្ខជនបក្សសាធាណររដ្ឋ គឺលោក ត្រាំ តែម្ដង។ ប៉ុន្តែរុស្ស៊ីទាត់ចោលការប្រកាន់នេះដាច់ខាត ហើយថែមទាំងទាមទាររកភស្តុតាងបញ្ជាក់ទៀតផង។
ក្រោយការបញ្ចេញលទ្ធផលស៊ើបអង្កេតរបស់ខ្លួន ទាំង CIA ទាំង FBI សុទ្ធតែត្រូវលោក ត្រាំ ពន្លះធ្ងន់ៗ ទាំងប្រធានស្ថាប័នទាំងនោះលោកជាអ្នកតែងតាំងក្ដី។ លោកចោទស្ថាប័នចារកម្មទាំងនេះ ជាពិសេសប្រធាន FBI ថា ធ្វើការប្រឆាំងបក្សសាធារណរដ្ឋ។ នៅពេលនេះដែរ ក្រុមស៊ើបអង្កេតពិសេសរបស់ FBI ក៏កំពុងស៊ើបអង្កេតករណីនេះទៀត ដោយមនុស្សជំនិតលោក ត្រាំ ជាច្រើនជាប់ពាក់ព័ន្ធ៕
Tag:
អាមេរិក
រុស្ស៊ី
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com