ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេចក្រុមព្រះ ប្ដេជ្ញា​មិន​ឲ្យ​បែកបាក់​ផ្ទៃក្នុង​បក្ស​ឡើយ​
14, Feb 2018 , 11:00 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្ដេជ្ញា​មិន​ឲ្យ​បែកបាក់​ផ្ទៃក្នុង​បក្ស​ឡើយ បើទោះជា​មានការ​បណ្ដេញ​មន្ត្រី​ខ្លះ​ពី​បក្ស​ក្តី ។


 
​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ មានបន្ទូលថា ការសម្រេច​បណ្ដេញ​សមាជិក​បក្ស​៥​រូបនេះ ដើម្បី​រួបរួម និង​ឯកភាព​បក្ស​ប៉ុណ្ណោះ​។ «​អ្នកណា​ប្ដឹង​អ្វី​ប្ដឹងទៅ ជា​សិទ្ធិ​របស់គេ ប្ដឹង​អ្នកណា​ក៏​ប្ដឹងទៅ​។​ក្នុងនាម​ជា​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិន​ឲ្យ​មានការ​បែកបាក់​គ្នា​ទេ មានតែ​ការរួម​រួមគ្នា បើ​មាន​បញ្ហា​អ្វី​អាច​ដោះស្រាយ និង​ពិភាក្សាគ្នា​ផ្ទៃក្នុង កុំ​មាន​បញ្ហា​អ្វី​ឡើងទៅ​តុលាការ​»​។ នេះ​ជាការ​បន្ទូល សម្ដេចក្រុមព្រះ រណឫទ្ធិ​។​
 
​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច សម្តេចក្រុមព្រះ បាន​បណ្តេញ​មន្ត្រី​ទាំង​៥​នាក់  ក្រោយពី​មាន​បញ្ហា​ចម្រូងចម្រាស​នៃ​ការ​ញត្តិ​ទាមទារ​ឲ្យ​ដកតំណែង លោក ប៉ោ ប៊ុន​ស្រ៊ឺ អនុប្រធាន​គណបក្ស និង​លោក យឹម សា​វី អគ្គលេខាធិការ​បក្ស​។​
 
​ទាក់ទង​បញ្ហា​នេះ​អតីតមន្ត្រី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទាំង​៥​នាក់ បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការក្រុង​ភ្នំពេញ ដើម្បី​ប្រឆាំងនឹង សេចក្តីសម្រេច​របស់​ស​ម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​បណ្តេញ​ពួកគេ​ពី​បក្ស កាលពី​ថ្ងៃទី​១២ កុម្ភៈ ។ 
 
​ក្នុង​ពាក្យបណ្តឹង​អតីតមន្ត្រី​ទាំង ៥​នាក់​នេះ បាន​លើកឡើងថា ការសម្រេច​របស់​សម្តេច​ក្រុមព្រះ គឺ​ផ្ទុយ​លក្ខន្តិកៈ​គណបក្ស ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ស្របច្បាប់ កិត្តិយស សេចក្តីថ្លៃថ្នូ និង​អយុត្តិធម៌​សម្រាប់​ពួកគេ​៕
 
 
 
 
 
 
 
 

Tag:
 រណឫទ្ធិ​
 ​ហ្វ៊ុនស៊ិនប៉ិច​
© រក្សាសិទ្ធិដោយ thmeythmey.com