សង្គមអន្តរជាតិ​
អន្តរជាតិ
​កំណត់ត្រា​ពិភពលោក​ចំនួន​១០​ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ដ៏​ធំធេង
17, Feb 2018 , 6:00 pm        
រូបភាព
ដោយ: ធីតា
នា​ទិវា​នៃ​សេចក្តីស្រឡាញ់ ១៤​កុម្ភៈ សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness World Records បាន​ប្រមូលផ្តុំ​កំណត់ត្រា​ចំនួន​១០ ដែល​បានបង្ហាញ​ពី​ក្តី​ស្នេហ៍​ដ៏​ធំធេង​។​

 
​កំណត់ត្រា​ទាំង​១០​នោះ​រួមមាន​៖

១. ការប្រកួត​រត់​សែង​ភរិយា​ពិភពលោក (Most Wife Carrying World Championships by a man)៖ លោក Taisto Miettinen និង​អ្នកស្រី Kristiina Haapanen ពី​ហូ​ឡង់ បានឈ្នះ​មេដាយមាស​រហូតដល់​ទៅ​៦​លើក​ចន្លោះ​ពី​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៧ ។ ព្រឹត្តិការណ៍​នេះ តម្រូវ​ឲ្យ​ស្វាមី​សែង​ប្រពន្ធ​ដែល​គេ​ហៅថា​ជា​ស្តាយ​អេ​ស្តូ​នី (Estonian-style) ពោលគឺ​ប្រពន្ធ​ស្ថិតនៅ​ជំហរ​បញ្ច្រាស​ដោយ​យក​ជើង​កៀប​ក​ស្វាមី​ខ្លួន​។​
 


២.​ថើប​ជញ្ជក់មាត់​គ្នា​ក្នុង​ទឹក​យូរ​ជាងគេ (Longest Underwater Kiss)៖
គូស្នេហ៍​អ៊ីតាលី លោក Michele Fucarino និង​នាង Elisa Lazzarini សម្រេចបាន​ថិរវេលា ៣​នាទី និង​២៤​វិនាទី ក្នុងការ​ប្រកួតប្រជែង Lo Show dei Record នៅ​ទីក្រុង​រ៉ូម កាលពី​ឆ្នាំ​២០១០ ។​


៣. ប្តី​ប្រពន្ធ​ដែលមាន​កំពស់​ទាប​ជាងគេ​បំផុត (Shortest Married Couple)៖
លោក Paulo Gabriel da Silva Barros និង​អ្នកស្រី Katyucia Hoshino មកពី​ប្រទេស​ប្រេ​ស៊ី​ល មាន​កំពស់​រួមគ្នា​សរុប ១៨១.៤១​សង់ទីម៉ែត្រ​។ ពួកគាត់​បាន​ស្គាល់គ្នា​តាម​បណ្តាញ​សង្គម​នៅ​ចុងឆ្នាំ​២០០៨ មុននឹង​ឈានដល់​ចំណងអាពាហ៍ពិពាហ៍​នៅ​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៦ ។​


៤. ប្រអប់​សូកូឡា​ដ៏​ធំជាងគេ​បំផុត (Largest Box of Chocolates)៖
ការជូន​សូកូឡា គឺជា​កាយវិការ​មួយ​នៃ​ក្តី​ស្រឡាញ់​នា​ថ្ងៃ Valentine’s Day​។ កាលពី​ឆ្នាំ​២០០៨ ក្រុមហ៊ុន​អង់គ្លេស Thorntons និង Russell Beck Studio បាន​ផលិត​សូកូឡា​មួយ​ដែលមាន​កំពស់​៥.០៤​ម៉ែត្រ ទម្ងន់​១ ៦៩០​គីឡូក្រាម​។​
 
៥. អ្នក​ចាប់​បាច់ផ្កា​បាន​ញឹកញាប់​ជាងគេ (Most Bridal Bouquets Caught)៖ នាង Jamie Jackson រស់នៅ​ក្រុង Draper រដ្ឋ Utah សហរដ្ឋអាមេរិក មាន​រហស្សនាម​ថា «The Bouquet Slayer»​។ គាត់​បាន​ចូលរួម​ពិធី​អាពាហ៍ពិពាហ៍​ជាច្រើន ហើយ​ភាគច្រើនបំផុត​ដណ្តើមបាន​បាច់ផ្កា​។ ក្នុងចំណោម​អាពាហ៍ពិពាហ៍​ចំនួន​១០០ បើ​គិត​ចាប់តាំងពី​ឆ្នាំ​១៩៩៦​មក គាត់​ចាប់​បាច់ផ្កា​បាន​រហូតដល់​ទៅ​៥០​លើក​។​

៦. ស្ត្រី​ដែល​សាក់​ខ្លួន​ច្រើនជាងគេ​បំផុត (Most Tattooed Women)៖
ថ្វីត្បិតតែ​នេះ​ជា​ផ្នែក​មួយ​នៃ​សិល្បៈ តែ Charlotte Guttenberg ពីរ​ដ្ឋ Florida សហរដ្ឋអាមេរិក បានសម្រេច​ចិត្ត​សាក់​ពេញ​ខ្លួន ដើម្បី​យក​លំនាំ​តាម​លោក Chuck Helmke ដែលជា​គូស្នេហ៍ ហើយ​បច្ចុប្បន្ន​ជាប់​ជាម​នុស្ស​ដែល​សាក់​ច្រើនជាងគេ​បំផុត​លើ​លោក​។​


៧. ចំណង​ខ្សែ​ក្រដាស​បេះដូង​ដ៏​វែង​បំផុត (Longest Chain of Paper Hearts)៖
មូលនិធិ Heart Foundation របស់​អង់គ្លេស បាន​អបអរ​ទិវា Valentine’s Day ឆ្នាំ​២០១៨​នេះ ជាមួយនឹង​ការបង្កើត​ក្រដាស​បេះដូង​ពណ៌​ផ្កាឈូក​ចំនួន​១៧ ៩៣៩​សន្លឹក ដែល​ត​ភ្ជាប់​គ្នា​។ កម្មវិធី​ធ្វើឡើង​ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​អ្នក​ដែលមាន​ជំងឺ​បេះដូង​នៅ​ចក្រភព​អង់គ្លេស​ទាំងមូល​។​


៨. សេវាកម្ម​ស្វែងរក​គូស្នេហ៍​ដែល​ថ្លៃ​ជាងគេ​បំផុត (Most Expensive Dating Service)៖
ក្រុមហ៊ុន Orly the Matchmaker នៅ​ក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក ផ្តល់​សេវក​ម្ម​ស្វែងរក​គូស្នេហ៍​អស់​រយៈពេល​ជាង​២៥​ឆ្នាំ​មកហើយ​។ សម្រាប់​អ្នក​ដែល​ស្វែងរក​ស្នេហ៍​ស្មោះស្ម័គ្រ ពួកគេ​ហ៊ាន​ចំណាយ​រហូតដល់​ខ្ទង់​១​សែន​ដុល្លារ​អាមេរិក​ដល់​សេវាកម្ម​មួយ​នេះ​។​
 
៩. រ៉ូ​ប​អាពាហ៍ពិពាហ៍​វែង​ជាងគេ​ដូច​រថភ្លើង (Longest Wedding Dress Train)៖ គម្រោង​មួយ​ដែលមាន​ឈ្មោះថា Dynamic Projects ក្នុងប្រទេស​បារាំង បាន​ច្នៃ​រ៉ូ​ប​នេះ កាលពី​ខែធ្នូ ឆ្នាំ​២០១៧ ដោយមាន​ប្រវែង ៨ ០៩៥.៤០​ម៉ែត្រ​។ វា​ជា​និមិត្តរូប​នៃ​សេចក្តីស្នេហា​ដ៏​យូរអង្វែង​។​
 


១០. គូស្នេហ៍​ដែល​ឱបថើប​គ្នាច្រើន​បំផុត (Most Couples Hugging)៖
ជា​កំណត់ត្រា​ថ្មី​ដែល​សម្រេចបាន​ដោយ​ពលរដ្ឋ​នៅ​ក្រុង Bergamo Municipality និង Turismo Bergamo ប្រទេស​អ៊ីតាលី កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ។ អ្នក​ដែល​ចូលរួម​សរុប​ចំនួន​១១ ៤៦០​នាក់ ក្នុងនោះ​មាន​៥៧៣០​គូ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com