ជាតិ
នីតិបុគ្គល ដែល​ប្រមាថ​ព្រះមហាក្សត្រ អាច​នឹងត្រូវ​រំលាយចោល
15, Feb 2018 , 4:01 pm        
រូបភាព
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
​ភ្នំពេញ​៖ នីតិបុគ្គល ដែល​សំដៅលើ ស្ថាប័ន ក្រុមហ៊ុន គ្រឹះស្ថាន អង្គភាព អង្គការ  សមាគម សហជីព និង​គណបក្សនយោបាយ ជាដើម អាច​នឹង​ត្រូវបាន​តុលាការ បញ្ជា​ឲ្យ​ផ្អាក​សកម្មភាព រឹបអូស​ទ្រព្យសម្បត្តិ ឬក៏​ឈានដល់​រំលាយចោល​តែម្តង ប្រសិនបើ​រកឃើញថា មានទោស​ពីបទ​ប្រមាថ​លើ​ព្រះមហាក្សត្រ​។



​រដ្ឋសភា បានអនុម័ត​រួចហើយ នូវមាត្រា​៤៣៧ (​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ ដែល​ចែង​ពីបទ​ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ​។ មាត្រា​៤៣៧ (​ស្ទួន​) ដែល​ទើប​ត្រូវបាន​តាក់តែងឡើង នឹងដាក់​ឲ្យ​អនុវត្ត​នាពេលខាងមុខ បន្ទាប់ពី​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រម​។ 

​មាត្រា​៤៣៧ (​ស្ទួន​) នឹង​ដាក់ទោស​រូបវន្ត​បុគ្គល (​មនុស្ស​) ដែល​ប្រមាថ​ព្រះមហាក្សត្រ ឲ្យ​ជាប់ពន្ធនាគារ​ពី ១ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល ទៅ​១0​លាន​រៀល​។ រីឯ នីតិបុគ្គល (​ស្ថាប័ន​) អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១០​លាន​រៀល ទៅ​៥០​លាន​រៀល ព្រមទាំង​ទោស​ផ្សេងៗ​ទៀត ក្នុងករណី​ប្រមាថ​ព្រះមហាក្សត្រ​។

មាត្រា​៤៣៧ (​ស្ទួន​) ពុំ​បានចែង​នោះទេ ពី​ការរំលាយ ការផ្អាក​សកម្មភាព ឬ​ការ​រឹបអូស​ទ្រព្យសម្បតិ្ត​នៃ​នីតិបុគ្គល​ណាមួយ ដែល​ប្រមាថ​ព្រះមហាក្សត្រ​។ ប៉ុន្តែ​មាត្រា​ថ្មី​នេះ បានកំណត់​ច្បាស់​ហើយ​ថា ក្រៅពី​ពិន័យ​ជា​ប្រាក់ នីតិបុគ្គល ដែល​ប្រមាថ​ព្រះមហាក្សត្រ អាច​នឹងត្រូវ​ទទួលទោស​ទណ្ឌ​ផ្សេងៗ​បន្ថែមទៀត​។

​លោក ប៉ែន បញ្ញា តំណាងរាស្ត្រ​បក្ស​កាន់អំណាច និង​ជា​ប្រធាន​គណៈកម្មការ​ជំនាញ​ផ្នែក​នីតិកម្ម​នៃ​រដ្ឋសភា បាន​បកស្រាយ​ថា ទោស​បន្ថែម ដែល​តុលាការ អាច​នឹង​លើក​មក​អនុវត្ត​លើ​នីតិបុគ្គល ពីបទ​ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ គឺ​ស្ថិតក្នុង​មាត្រា​១៧0 មាត្រា​១៧១ មាត្រា​១៧២ មាត្រា ១៧៦ និង​មាត្រា​១៧៨ ជាដើម នៃ​ក្រមព្រហ្មទណ្ឌ​។ មាត្រា​ទាំងនោះ ចែង​អំពី​ការរំលាយចោល ការបិទ ការផ្អាក​សកម្មភាព ការ​រឹបអូស​ទ្រព្យសម្បត្តិ និង​ការដាក់​នីតិបុគ្គល ឲ្យ​ស្ថិតក្រោម​ការតាមដានរ​បស់​តុលាការ​។ 

​មាត្រា​១៧0 ចែងថា៖«​សេចក្តីសម្រេច ដែល​បង្គាប់​ឲ្យ​រំលាយ​នីតិបុគ្គល នាំ​ឲ្យ​មានការ​បញ្ជូន​នីតិបុគ្គល​នេះ ទៅ​តុលាការ ដើម្បី​ជម្រះបញ្ជី​»​។

​មាត្រា​១៧១ ចែង៖«​ការដាក់ [​នីតិបុគ្គល​] ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ តាមដាន​របស់​តុលាការ មិនអាច​លើសពី​៥​ឆ្នាំ​។ [….]​។​

​មាត្រា​១៧២ ចែងថា៖«​ការហាមឃាត់ [​នីតិបុគ្គល​] ចំពោះ​ការធ្វើសកម្មភាព អាចជា​ស្ថាពរ ឬ​ជា​បណ្តោះអាសន្ន សម្រាប់​ថិរវេលា ៥​ឆ្នាំ យ៉ាងច្រើន​»​។

​មាត្រា​១៧៦ ចែងថា៖«​ទោស​បិទ​គ្រឹះស្ថាន នាំ​ឲ្យ​មានការ​ហាមឃាត់​ចំពោះ​ការប្រព្រឹត្ត​នៅក្នុង​គ្រឹះស្ថាន​នេះ នូវ​សកម្មភាព ដែល​បទល្មើស​បានកើត​ឡើង [....]»​។

​មាត្រា​១៧៨ ចែងថា៖«​កាលបើ​រឹបអូស ក្លាយជា​ស្ថាពរ វត្ថុ​រឹបអូស ក្លាយជា​កម្មសិទ្ធិ​របស់​រដ្ឋ [….]»​។

​តំណាងរាស្ត្រ​ចាស់វស្សា​រូបនេះ ពន្យល់​ពី​និយមន័យ​នៃ​ការប្រមាថ​យ៉ាង​ដូច្នេះ​ថា​៖«​ការប្រមាថ គឺជា​វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ ដែល​ប៉ះពាល់​សេចក្តីថ្លៃថ្នូរ​នៃ​បុគ្គល​។ ការប្រមាថ​ចំពោះ​ព្រះមហាក្សត្រ ត្រូវ​ផ្តន្ទាទោស [....]»​។

​សូម​ស្តា​ប់លោក ប៉ែន បញ្ញា ឡើង​ថ្លែង​ពី​មាត្រា​៤៣៧ (​ស្ទួន ) នៃក្រមព្រហ្មទណ្ឌ ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២0១៨ ៖




​ពីមុន ក្រមព្រហ្មទណ្ឌ បានចែង​អំពី​ទោស នៃ​ការធ្វើឃាត ការធ្វើ​ទារុណកម្ម និង​ការប្រព្រឹត្ត​អំពើហិង្សា ជាដើម លើ​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជា​។ ប៉ុន្តែ ការដាក់ទោស ដោយសារ​ការប្រមាថ​ចំពោះ​ព្រះមហាក្សត្រ មិនទាន់​មានចែង​ក្នុង​ក្រមព្រហ្មទណ្ឌ​ឡើយ​។​

​នាពេល​ខាង​មុខឆាប់ៗ​នេះ មាត្រា​ថ្មី ដែល​ចែង​ពី​ការដាក់ទោសលើ​រូបវន្តបុគ្គល និង​នីតិបុគ្គល ពីបទ​ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ នឹងមាន​ក្នុង​ក្រមព្រហ្មទណ្ឌ​។ ការតាក់តែង​មាត្រា​ថ្មី​នេះ​ឡើង គឺ​ដើម្បី​លើកស្ទួយ ការពារ​ព្រះ​ចេស្តា និង​ព្រះកិត្តិនាម​របស់​ព្រះមហាក្សត្រ​។

​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​ចែងថា ព្រះមហាក្សត្រ ជា​ព្រះប្រមុខរដ្ឋ​មួយជីវិត ដោយ​មិនអាច​នរណា រំលោភបំពាន​បានឡើយ​៕

អត្ថបទទាក់ទង




Tag:
 ច្បាប់​
  នីតិបុគ្គល​
  មហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com