ជាតិ
នយោបាយជាតិ
ក្រសួងមហាផ្ទៃ ប្តឹងលោក សម រង្ស៊ី និងអតីតមេដឹកនាំបក្សប្រឆាំង៤រូបទៀត ពីបទធ្វើនយោបាយខុសច្បាប់ លោក សម រង្ស៊ី ឡើងថ្លែងសារ ពេលប្រកាសជាផ្លូវការនៃចលនាសង្គ្រោះជាតិ ក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានធ្វើជាដើមបណ្តឹង ក្នុងការប្តឹងអតីតមេដឹកនាំជាន់ខ្ពស់៥រូប នៃគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្រៅប្រទេស។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងមហាផ្ទៃ បានប្តឹងពួកគេ ចំនួនពីរបទល្មើស គឺបទបង្កើតចលនាសង្គ្រោះជាតិ ដោយខុសច្បាប់ និងបទធ្វើសកម្មភាពនយោបាយ ដោយរំលោភបំពានសាលដីការបស់តុលាការកំពូល។
លោក ខៀវ សុភ័គ អះអាងថា តុលាការកំពូល បានប្រកាសសាលដីការួចហើយ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២0១៧ ដោយសម្រេចរំលាយគណបក្សសង្គ្រោះជាតិចោល ប៉ុន្តែ មន្ត្រីជាន់ខ្ពស់មួយចំនួននៃគណបក្សនេះ នៅតែធ្វើសកម្មភាពដដែល។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចាត់ទុកទង្វើនេះ ថា ជាការប្រឆាំងនឹងសាលដីការបស់តុលាការកំពូលនៅកម្ពុជា។
លោក ខៀវ សុភ័គ បន្តថា ការបង្កើតចលនាសង្គ្រោះជាតិ ក៏ជាអំពើខុសច្បាប់ដែរ។ លោក ប្រាប់ត្រង់ៗថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ហើយបច្ចុចប្បន្ន ជាប្រធានចលនាសង្គ្រោះជាតិ គឺជាមនុស្សម្នាក់ ដែលត្រូវរងបណ្តឹងពីក្រសួងមហាផ្ទៃ។ យ៉ាងណា លោក មិនបង្ហាញនោះទេថា ថ្នាក់ដឹកនាំ៤នាក់ទៀត នៃគណបក្សសង្គ្រោះជាតិ ជាអ្នកណាខ្លះ។
បើតាម Swift News អ្នកទាំង៤នាក់នោះ គឺលោកស្រី ជូឡុង សូមួរ៉ា ជាភរិយារបស់លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោកស្រី មូរ សុខហួរ និងកញ្ញា កឹម មនោវិទ្យា ជាកូនស្រីរបស់លោក កឹម សុខា។
លោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់អ្នកកាសែតតាមបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២0១៨នេះថា ព្រះរាជអាជ្ញា បានទទួលបណ្តឹងរបស់ក្រសួងមហាផ្ទៃហើយ ហើយកំពុងចាត់ការតាមនីតិវិធី។
ថ្មីៗនេះ លោក សម រង្ស៊ី រួមទាំងសហការីមួយចំនួន បានបង្កើតចលនាសង្គ្រោះជាតិ ដើម្បីធ្វើសកម្មភាពនៅក្រៅប្រទេស។ គោលបំណងធំបំផុតរបស់ពួកគេ គឺទាមទារឲ្យដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ រស់ឡើងវិញ ដើម្បីបានចូលរួមការបោះឆ្នោត ក្នុងឆ្នាំ២0១៨។
ទោះជាយ៉ាងណាក្តី មកដល់ពេលនេះ សញ្ញាវិជ្ជមាន ដែលនាំឲ្យមានការដោះលែងលោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពឡើងវិញ មិនទាន់បង្ហាញនៅឡើយទេ សូម្បីបន្តិច៕
Tag:
ខៀវ សុភ័គ
សម រង្ស៊ី
តុលាការ
ប្តឹង
© រក្សាសិទ្ធិដោយ thmeythmey.com