ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ផ្សិត​ប្រហែលជា​ជួយ​ដល់​ការបាក់​ទឹកចិត្ត​របស់​ខួរក្បាល​បាន​
16, Feb 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Daily Telegraph បាន​ឲ្យ​ដឹងថា ផ្សិត​វេទមន្ត​អាច​កែប្រែ​ខួរក្បាល​ដើម្បី​ព្យាបាល​ការបាក់​ទឹកចិត្ត​វិញ​បាន​។ ដំណឹង​នេះ​គឺ​ផ្ងែ​ក​ទៅលើ​ការសិក្សា​ដ៏​តូច​មួយ​របស់​អង់គ្លេស​ដែល​ពិនិត្យ​ទៅលើ​ឥទ្ធិពល​នៃ​សារធាតុ Psilocybin ដែលមាន​ក្នុង​ផ្សិត​វេទមន្ត លើ​អ្នកជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ​។



​អ្នកជំងឺ​ទាំង ១៩​នាក់​និយាយថា ការបាក់​ទឹកចិត្ត​របស់​ពួកគេ​មាន​ភាព​ធូរស្រាល​ក្រោយពី​ញ៉ាំ​សារធាតុ Psilocybin ហើយ​ស្ទើរតែ​ពាក់កណ្តាល​ហើយ​ដែល​និយាយថា ពួកគេ​នៅតែមាន​អារម្មណ៍​ថា​អត្ថប្រយោជន៍​មួយ​នេះ​នៅតែ​បន្ត​ដល់​រយៈពេល ៥​ខែក្រោយ​ទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​មិនបាន​បញ្ចូល​នូវ​ក្រុម​ដើម្បី​ប្រៀបធៀប​គ្នា​ឡើយ ដូច្នេះ​វា​អាច​ពិបាក​នឹង​ដឹងថា​តើ​អត្ថប្រយោជន៍​នេះ​អាច​បង្កឡើង​ដោយសារ​ធាតុ​នេះ​ឬ​អត់​ណាស់​។

​អ្នកស្រាវជ្រាវ​ជឿជាក់ថា សារធាតុ Psilocybin ជួយ​ដល់​ការប្រែប្រួល​របៀប​ដែល​សរសៃប្រសាទ​ធ្វើ​ទំនាក់ទំនង​គ្នា​ក្នុង​ខួរក្បាល ដែល​អាច​រំខាន​ដល់​ការគិត​អវិជ្ជមាន​បាន​យ៉ាងច្រើន​។ អ្នកដឹកនាំ​ការសិក្សា​នេះ​បានដាក់​បម្រាម​ថា អ្នក​ដែល​បាក់​ទឹកចិត្ត​មិនគួរណា​ព្យាយាម​ប្រើ​ថ្នាំ Psilocybin ឬ ថ្នាំ Psychedelic ផ្សេងៗ​ទៀត​ក្នុងការ​ព្យាបាល​ខ្លួនឯង​ឡើយ​។

​សារធាតុ Psilocybin និង​ផ្សិត​ដែល​ផ្ទុក​សារធាតុ​នេះ​គឺជា​របស់​មិន​ស្របច្បាប់​ទេ ដែល​គេ​លក់​នៅក្នុង​ប្រទេស​អង់គ្លេស​។ វា​អាចមាន​គ្រោះថ្នាក់​បាន​គ្រប់ពេល​បើសិនជា​ប្រើប្រាស់​ដោយ​គ្មាន​ការគាំទ្រ​ខាង​ផ្នែក​វេជ្ជសាស្ត្រ​ត្រឹមត្រូវ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com