សេដ្ឋកិច្ច
សេដ្ឋកិច្ចអន្តរជាតិ
វី​ដូ​ដូ មិន​ចង់ឃើញ​ឥណ្ឌូណេស៊ី​ជា​ប្រ​ទស​មាន​សេដ្ឋកិច្ច​ធំ នៅតែ​បន្ត​ទទួល​ជំនួយ​បរទេស​
17, Feb 2018 , 12:00 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​ដាស់តឿន​មន្ត្រី​ទូត​របស់ខ្លួន​ឲ្យ​បំពេញ​តួនាទី និង​ចូលរួម​សកម្មភាព​អន្តរជាតិ​ឲ្យ​កាន់តែ​សកម្ម​ដើម្បី​លើកមុខ​មាត់​ប្រទេស ក៏ដូចជា​ឲ្យ​សក្តិ​សមជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន ។ ក្រុង​ហ្សា​ការ​តា ក៏​មិន​ចង់ឃើញ​ឥណ្ឌូណេស៊ី អន់​ជាង​ប្រទេស​ដទៃ និង​បន្ត​ទទួល​ជំនួយ​គេ​ដែរ ។

 
« យើង​ជា​ប្រទេស ដែលមាន​សេដ្ឋកិច្ច​ធំ​រួចទៅហើយ ក៏ប៉ុន្តែ ប្រសិនបើ​យើង​នៅតែមាន​អារម្មណ៍​ថា​យើង​អន់​ជាងគេ តើ​យើង​អាច​ចូលរួម និង​បង្ហាញ​ឥទ្ធិពល​នៅក្នុង​កិច្ចប្រជុំ​កំពូល ឬ​សន្និសីទ​អន្តរជាតិ​ដោយ​របៀប​ណា​»? នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ​ក្នុងជំនួប​ថ្ងៃ​១២ កុម្ភៈ ជាមួយនឹង​មន្ត្រី​ទូត​ជន​ខ្ពស់​នៃ​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី ។ 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ឥណ្ឌូណេស៊ី The Jakarta Globe លោក​ប្រធានាធិបតី ក៏បាន​សង្កត់ធ្ងន់​ទៀតថា​៖« ឥណ្ឌូណេស៊ី ក៏​គួរតែបញ្ឈប់​ស្វែងរក​ជំនួយ​ពី​បរទេស ហើយ​ប្រែក្លាយជា​ប្រទេស​ផ្តល់ជំនួយ​អន្តរជាតិ​ទៅកាន់​ប្រទេស​ដទៃ​វិញ​» ។ លោក ចូ​កូ កាលពីដើមឆ្នាំ​កន្លងទៅ ក៏បាន​អះអាង​ផងដែរ​ថា រដ្ឋាភិបាល​លោក កំពុងតែ​ចាប់ផ្តើម​បង្កើត​មូលនិធិ​ធ្វើជា​កញ្ចប់​ជំនួយ​អន្តរជាតិ​ផងដែរ ។ 
 
​ប្រមុខរដ្ឋ​ឥណ្ឌូណេស៊ី ដដែល​នោះ បាន​ណែនាំ​បេស​កក​ការទូត​ឥណ្ឌូណេស៊ី​ទាំងនោះ​ឲ្យ​ពួកគេ បង្ហាញ​ពិភពលោក​ថា ឥណ្ឌូណេស៊ី ជា​រដ្ឋ​ដ៏​ធំ​មួយ​ហើយ ឥណ្ឌូណេស៊ី ក៏​ជា​សមាជិក នៃ​ក្រុម​ប្រទេស  ២០ (G20) ដែលមាន​សេដ្ឋកិច្ច​ធំ និង​រីកលូតលាស់​ផងដែរ ។ 
 
​ខណៈ​ដាស់តឿន​ឲ្យ​មន្ត្រីជាន់ខ្ពស់​ការទូត​ប​ន្ត​ចូលរួម​សកម្មភាព​អន្តរជាតិ​ឲ្យ​កាន់តែច្រើន​ដើម្បី​ជា​មធ្យោបាយ​មួយ​នៃ​ការពង្រីក​សេដ្ឋកិច្ច​នោះ លោក ចូ​កូ ក៏បាន​ព្រមាន​ជាថ្មី​ពី​ភាពយឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី​បើ​ប្រៀបធៀប​ជាមួយនឹង​មិត្ត​អាស៊ាន ។ 
« តើ​វា​មាន​បញ្ហា​អ្វី ? វា ពិតជា​រឿង ដែល​មិនអាច​ផ្លាស់ប្តូរ​បាន​មែន​ទេ ... ឥណ្ឌូណេស៊ី គឺជា​សមាជិក​អាស៊ាន​តែមួយគត់ ដែល​ស្ថិតនៅក្នុង​ក្រុម​ប្រទេស​សេដ្ឋកិច្ច​លូត​លាត់​របស់​ពិភពលោក G-20 ប៉ុន្តែ​ការនាំចេញ​របស់​យើង​នៅតែ​ទាប​ជាង​បណ្តា​ប្រទេសជិតខាង​មួយចំនួន​» ។ លោក បានលើកឡើង​យ៉ាង​ដូច្នេះ ៕ 
 

Tag:
 ​ឥណ្ឌូណេស៊ី​
  អាស៊ាន​
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com